ទំនុក‌ដំកើង 78 KHOV

អតីត‌កាល ជា​មេរៀន​ដែល​យើង​ត្រូវ​ចង‌ចាំ​ទុក

សេចក្ដី​បង្រៀន​របស់​អេសាភ។

1 ឱ​សាសន៍​របស់​ខ្ញុំ​អើយចូរ​ប្រុង​ត្រចៀក​ស្តាប់​សេចក្ដី​បង្រៀន​របស់​ខ្ញុំហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​អស់​ទាំង​ពាក្យដែល​ចេញ​ពី​មាត់​ខ្ញុំ​ចុះ

2 ខ្ញុំ​នឹង​បើក​មាត់​បញ្ចេញ​ជា​សេចក្ដី​ប្រៀប‌ធៀបហើយ​នឹង​ពោល​ជា​សេចក្ដី​អាថ៌‌កំបាំង​ពី​ចាស់​បូរាណ

3 ជា​សេចក្ដី​ដែល​ពួក​យើង​ធ្លាប់​បាន​ឮ​បាន​ដឹង​ហើយដែល​ឪពុក​យើង​បាន​ប្រាប់​តៗ​មក

4 យើង​ក៏​មិន​លាក់​សេចក្ដី​ទាំង​នោះ​ទុក​ចំពោះ​កូន​ចៅរបស់​គាត់​ដែរគឺ​នឹង​ប្រកាស​ពី​អស់​ទាំង​សេចក្ដី​សរសើរ​នៃ​ព្រះ‌យេហូវ៉ាដល់​ដំណ​មនុស្ស​ជាន់​ក្រោយ​ឲ្យ​បាន​ស្តាប់ព្រម​ទាំង​ឥទ្ធា‌នុភាព និង​ការ​អស្ចារ្យដែល​ទ្រង់​បាន​ធ្វើ​ផង។

5 ៙ ដ្បិត​ទ្រង់​បាន​តាំង​ឲ្យ​មាន​ទី​បន្ទាល់​នៅ​ក្នុង​ពួក​យ៉ាកុបក៏​បាន​ដំរូវ​ឲ្យ​មាន​ក្រឹត្យ‌វិន័យ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែលជា​ច្បាប់​ដែល​ទ្រង់​បាន​បង្គាប់​ដល់​ពួក​អយ្យកោ​របស់​យើងប្រយោជន៍​នឹង​បង្រៀន​ឲ្យ​ពួក​កូន​ចៅ​បាន​ដឹង​ត​រៀង​ទៅ

6 ដើម្បី​ឲ្យ​ដំណ​មនុស្ស​ជាន់​ក្រោយ​បាន​ស្គាល់គឺ​ទាំង​កូន​ចៅ​ដែល​ត្រូវ​កើត​ត​ទៅជា​ពួក​អ្នក​ដែល​នឹង​កើត​ឡើងហើយ​ប្រាប់​ដល់​កូន​ចៅ​គេ​ត​ទៅ​ទៀត

7 សំរាប់​ឲ្យ​គេ​បាន​តាំង​ចិត្ត​សង្ឃឹម​ដល់​ព្រះឥត​ភ្លេច​អស់​ទាំង​ការ​នៃ​ទ្រង់​ឡើយគឺ​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់​វិញ

8 ដើម្បី​កុំ​ឲ្យ​គេ​បាន​ដូច​ជា​ពួក​អយ្យកោជា​ដំណ​មនុស្ស​រឹង‌រូស ហើយ​បះ‌បោរជា​ដំណ​មនុស្ស​ដែល​មិន​បាន​តាំង​ចិត្ត​ឲ្យ​ទៀង​ត្រង់ហើយ​វិញ្ញាណ​គេ​ក៏​មិន​ស្មោះ​ចំពោះ​ព្រះ​នោះ​ឡើយ។

9 ៙ ឯ​ពួក​កូន​ចៅ​អេប្រា‌អិម​ដែល​មាន​គ្រឿង​ធ្នូហើយ​ក៏​ប្រសប់​បាញ់គេ​បាន​បែរ​ខ្នង​នៅ​ថ្ងៃ​សឹក​សង្គ្រាម

10 គេ​មិន​បាន​កាន់​តាម​សេចក្ដី​សញ្ញា​របស់​ព្រះក៏​មិន​ព្រម​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ទ្រង់​សោះ

11 គេ​បាន​ភ្លេច​អស់​ទាំង​កិច្ច​ដែល​ទ្រង់​ធ្វើព្រម​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​សំដែងឲ្យ​គេ​ឃើញ​ដែរ

12 ទ្រង់​បាន​ធ្វើ​ការ​ចំឡែក នៅ​ភ្នែក​ពួក​អយ្យកោ​គេនៅ​ស្រុក​អេស៊ីព្ទ ត្រង់​វាល​សូអាន

13 ទ្រង់​បាន​វែក​សមុទ្រ បើក​ជា​ផ្លូវ​ឲ្យ​គេ​ដើរ​ឆ្លង​ទៅក៏​បាន​ធ្វើ​ឲ្យ​ទឹក​ឈរ​ឡើង​ដូច​ជា​កំផែង

14 នៅ​វេលា​ថ្ងៃ​ទ្រង់​បាន​នាំ​គេ ដោយ​ពពកហើយ​វេលា​យប់​ទាល់​ព្រឹក បាន​នាំ​ដោយ​ពន្លឺ​នៃ​ភ្លើង​វិញ

15 ទ្រង់​បំប្រេះ​ថ្មដា​នៅ​ទី​រហោ‌ស្ថានឲ្យ​គេ​បាន​ផឹក​ទឹក​ជា​បរិបូរ ដូច​ជា​ហូរ​ចេញ​ពី​ទី​ជំរៅ​មក

16 ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ចេញ​ពី​ថ្មហូរ​ចុះ​មក​ដូច​ជា​ទន្លេ។

17 ៙ ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​នៅ​តែ​ធ្វើ​បាបនឹង​ទ្រង់​ទៀតជា​ការ​បះ‌បោរ​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត​ត្រង់​ទី​រហោ‌ស្ថាន

18 គេ​បាន​ល្បង‌ល​ព្រះ​នៅ​ក្នុង​ចិត្ត​គេដោយ​សូម​អាហារ​តាម​គេ​ប្រាថ្នា

19 អើ គេ​បាន​និយាយ​ទំនាស់​នឹង​ព្រះ ដោយ​ពាក្យ​ថាតើ​ព្រះ​ទ្រង់​អាច​នឹង​ចាត់‌ចែង​ឲ្យ​មាន​អាហារ​បរិភោគនៅ​ទី​រហោ‌ស្ថាន​នេះ​បាន​ឬ

20 មើល ទ្រង់​បាន​វាយ​ថ្មដា ឲ្យ​មាន​ទឹក​ផុល​ចេញហើយ​ឲ្យ​ជ្រោះ​មាន​ទឹក​ជន់​លិច​ច្រាំងដូច្នេះ តើ​ទ្រង់​អាច​នឹង​ប្រទាន​ឲ្យ​មាន​នំបុ័ង​ដែរ​ឬតើ​ទ្រង់​នឹង​ផ្គត់‌ផ្គង់ ឲ្យ​រាស្ត្រ​ទ្រង់​មាន​សាច់​បរិភោគ​ឬ​អី

21 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ឮហើយ​មាន​សេចក្ដី​ក្រោធរួច​មាន​ភ្លើង​ឆួល​ឡើង បញ្ឆេះ​ពួក​យ៉ាកុបមាន​សេចក្ដី​ខ្ញាល់​ចេញ​ទៅ​ទាស់​នឹង​អ៊ីស្រា‌អែល

22 ដោយ​ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ព្រះក៏​មិន​បាន​ទុក​ចិត្ត​នឹង​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ផង

23 ទ្រង់​បាន​បង្គាប់​ដល់​ផ្ទៃ​មេឃ​នៅ​ខាង​លើក៏​បាន​បើក​ទ្វារ​នៃ​ស្ថាន‌សួគ៌

24 ហើយ​បង្អុរ​នំ​ម៉ាន៉ា ឲ្យ​ធ្លាក់​មក​លើ​គេ ដូច​ជា​ភ្លៀងសំរាប់​គេ​បរិភោគគឺ​ទ្រង់​ប្រទាន​អាហារ​ពី​ស្ថាន‌សួគ៌​ដល់​គេ

25 គេ​បាន​បរិភោគ​នំ​របស់​ពួក​ទេវតា​ទាំង​អស់​គ្នាទ្រង់​បាន​ផ្ញើ​អាហារ​មក​គេ​ឲ្យ​បាន​ឆ្អែត។

26 ៙ ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្យល់​ពី​ទិស​ខាង​កើត​បក់​នៅ​លើ​មេឃហើយ​បាន​នាំ​ខ្យល់​ពី​ទិស​ខាង​ត្បូងដោយ​ព្រះ‌ចេស្តា​របស់​ទ្រង់

27 ក៏​ទំលាក់​សាច់​មក​លើ​គេ​ដូច​ជា​ធូលី​ដីគឺ​ជា​សត្វ​ស្លាប​ជា​ច្រើន ដូច​ជា​ខ្សាច់​នៅ​សមុទ្រ

28 ទ្រង់​ឲ្យ​ធ្លាក់​នៅ​ព័ទ្ធ​ជុំវិញ​លំនៅ​របស់​គេគឺ​នៅ​កណ្តាល​ទី​ដំឡើង​ត្រសាល

29 ដូច្នេះ គេ​ក៏​បរិភោគ​ទៅ ហើយ​បាន​ឆ្អែត​ពេញ​បន្ទុកទ្រង់​បាន​ប្រទាន​ឲ្យ តាម​បំណង​ចិត្ត​គេ

30 គឺ​គេ​មិន​ទាន់​អស់​អាល័យ​ក្នុង​ចិត្តហើយ​កាល​អាហារ​នោះ​នៅ​ក្នុង​មាត់​គេ​នៅ​ឡើយ

31 នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ បាន​ឆួល​ឡើង​ទាស់​នឹង​គេព្រម​ទាំង​សំឡាប់​អស់​អ្នក​ដែល​ធាត់ៗ ក្នុង​ពួក​គេហើយ​វាយ​ផ្តួល​ពួក​កំឡោះៗនៃ​សាសន៍​អ៊ីស្រា‌អែល​ផង។

32 ៙ ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយគង់​តែ​គេ​នៅ​តែ​ធ្វើ​បាប​ទៀតគេ​មិន​ព្រម​ជឿ​ការ​អស្ចារ្យ​របស់​ទ្រង់​ឡើយ

33 ហេតុ​នោះ ទ្រង់​បាន​ធ្វើ​ឲ្យ​អស់​ទាំង​ថ្ងៃ​របស់​គេកន្លង​ទៅ​ជា​ឥត​ប្រយោជន៍ហើយ​អស់​ទាំង​ឆ្នាំ​គេ ដោយ​សេចក្ដី​ស្ញែង​ខ្លាច

34 វេលា​ណា​ដែល​ទ្រង់​ប្រហារ​ពួក​គេទើប​គេ​សួរ​រក​ទ្រង់ហើយ​ត្រឡប់​មក​ស្វែង​រក​ព្រះ​អស់​ពី​ចិត្ត

35 គេ​ក៏​នឹក​ចាំ​ថា ព្រះ​ទ្រង់​ជា​ថ្មដា​របស់​ខ្លួន​គេគឺ​ព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​ជា​អ្នក​ប្រោស​លោះ​ដល់​គេ។

36 ៙ គេ​បាន​លើក​បញ្ចើច​ទ្រង់​ដោយ​មាត់​គេតែ​អណ្តាត​របស់​គេ​បាន​កុហក​ទ្រង់​ទេ

37 ដ្បិត​ចិត្ត​គេ​មិន​បាន​ទៀង​ត្រង់​នៅ​ចំពោះ​ទ្រង់ក៏​មិន​ស្មោះ​ចំពោះ​នឹង​សេចក្ដី​សញ្ញា​ទ្រង់​ដែរ

38 ប៉ុន្តែ​ចំណែក​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណាបាន​ជា​ទ្រង់​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​គេហើយ​មិន​បាន​បំផ្លាញ​គេ​ទេអើ ទ្រង់​បាន​បង្វែរ​សេចក្ដី​ខ្ញាល់​ទ្រង់​ចេញ​ជា​ញយៗឥត​ឲ្យ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ផុល​ឡើង​ទាំង​អស់​ឡើយ

39 ទ្រង់​បាន​នឹក​ចាំ​ថា គេ​គ្រាន់​តែ​ជា​សាច់​ឈាម​ប៉ុណ្ណោះគឺ​ជា​ខ្យល់​ដែល​បក់​កន្លង​ហួស​ទៅ ឥត​មក​វិញ​ឡើយ។

40 ៙ ប៉ុន្មាន​ដង​ហើយ ដែល​គេ​បះ‌បោរ​នឹង​ទ្រង់នៅ​ទី​រហោ‌ស្ថានហើយ​នាំ​ឲ្យ​ព្រួយ​ព្រះ‌ហឫ‌ទ័យ​នៅ​ទី​ល្ហល្ហេវ

41 គឺ​គេ​បាន​បែរ​ជា​ល្បង​ល​ព្រះ​វិញ​ទៀតហើយ​គេ​បិទ​ផ្លូវ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល

42 គេ​មិន​បាន​នឹក​ចាំ​ពី​ព្រះ‌ហស្ត​ទ្រង់ឬ​ពី​ថ្ងៃ​ដែល​ទ្រង់​បាន​ដោះ​គេ​ចេញ​ពី​ខ្មាំង​សត្រូវ

43 ឬ​ពី​បែប​យ៉ាង​ណា​ដែល​ទ្រង់​បាន​សំដែង​ទី​សំគាល់របស់​ទ្រង់​នៅ​ស្រុក​អេស៊ីព្ទនិង​ការ​អស្ចារ្យ នៅ​ទី​វាល​សូអាន​ឡើយ

44 ទ្រង់​បាន​ធ្វើ​ឲ្យ​ទន្លេ និង​ព្រែករបស់​សាសន៍​អេស៊ីព្ទ​ត្រឡប់​ទៅ​ជា​ឈាមឲ្យ​គេ​ផឹក​ទឹក​នោះ​មិន​បាន

45 ទ្រង់​បាន​ចាត់​ហ្វូង​រុយ​មក​បង្ហិន​នៅ​កណ្តាល​គេនិង​កង្កែប​មក​បំផ្លាញ​គេ​ផង

46 ទ្រង់​បាន​ប្រគល់​ផល​របស់​គេ ឲ្យ​ចង្រិត​កាត់ហើយ​ការ​របស់​គេ​ដល់​កណ្តូប

47 ទ្រង់​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ​គេ​ដោយ​ព្រិលហើយ​ដើម​ឧទុម្ពរ​ដោយ​សន្សើម​កក

48 ទ្រង់​ក៏​ប្រគល់​ហ្វូង​គោ​គេ​ឲ្យ​ត្រូវ​ព្រិលហើយ​ហ្វូង​ចៀម​គេ​ឲ្យ​ត្រូវ​រន្ទះ​បាញ់​ដែរ

49 ទ្រង់​បាន​បោះ​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​ទៅ​លើ​គេព្រម​ទាំង​សេចក្ដី​ក្រោធ សេចក្ដី​គ្នាន់‌ក្នាញ់និង​សេចក្ដី​វេទនា​ផងគឺ​ជា​សេចក្ដី​អាក្រក់​ទាំង​ហ្វូង ដែល​ទ្រង់​ចាត់​មក

50 ទ្រង់​បាន​ពង្រាប​ផ្លូវ សំរាប់​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ទ្រង់​មិន​បាន​ប្រណី​ព្រលឹង​គេ​ឲ្យ​រួច​ពី​ស្លាប់​ទេគឺ​បាន​ប្រគល់​ជីវិត​គេ​ដល់​ជំងឺ​អាសន្ន‌រោគ

51 ក៏​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទគឺ​ជា​ដើម​កំឡាំង​របស់​ហាំ​នៅ​ក្នុង​ត្រសាល​គេ។

52 ៙ ប៉ុន្តែ ទ្រង់​បាន​កៀង​នាំ​រាស្ត្រ​ទ្រង់​ចេញ​ដូច​ជា​ចៀមហើយ​ដឹក‌នាំ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដូច​ជា​ហ្វូង​សត្វ

53 ទ្រង់​ក៏​នាំ​គេ​ទៅ​ដោយ​សុខ‌សាន្ត មិន​ឲ្យ​ភ័យ​ខ្លាច​ឡើយតែ​សមុទ្រ​បាន​គ្រប​លើ​ពួក​ខ្មាំង​សត្រូវ​គេ​វិញ

54 ទ្រង់​បាន​នាំ​គេ​ទៅ​ដល់​ព្រំ​ស្រុក​បរិសុទ្ធ​របស់​ទ្រង់គឺ​ដល់​ភ្នំ​នេះ​ដែល​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​វាយ​យក

55 ទ្រង់​បាន​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ពី​មុខ​គេ​ចេញក៏​វាស់​ស្រុក​នេះ ចែក​ដល់​គេ​ទុក​ជា​មរដកព្រម​ទាំង​ឲ្យ​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មានអាស្រ័យ​នៅ​ក្នុង​លំនៅ​របស់​សាសន៍​ទាំង​នោះ

56 ប៉ុន្តែ​គេ​បាន​ល្បង‌ល​ព្រះ​ដ៏​ខ្ពស់​បំផុតហើយ​បះ‌បោរ​នឹង​ទ្រង់​វិញឥត​កាន់​តាម​សេចក្ដី​បញ្ញត្ត​ទ្រង់​ឡើយ

57 គឺ​បាន​ថយ​ចេញ ហើយ​ប្រព្រឹត្ត​ដោយ​ក្បត់ដូច​ជា​ពួក​អយ្យកោ​គេ​ដែរគេ​ក្រឡាច់​រមួល​ដូច​ជា​ធ្នូ​មិន​ត្រង់

58 គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ថ្នាំង‌ថ្នាក់ដោយ​ទី​ខ្ពស់​របស់​គេព្រម​ទាំង​បណ្តាល​ឲ្យ​ទ្រង់​ប្រចណ្ឌដោយ​រូប​ឆ្លាក់​របស់​គេ​ផង។

59 ៙ កាល​ព្រះ​ទ្រង់​បាន​ជ្រាប​ហើយនោះ​ទ្រង់​មាន​សេចក្ដី​ក្រោធហើយ​បាន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រា‌អែល​ជា​ខ្លាំង

60 ដល់‌ម៉្លេះ​បាន​ជា​ទ្រង់​លះ‌បង់​រោង​ឧបោសថដែល​នៅ​ត្រង់​ស៊ីឡូរគឺ​ជា​ត្រសាល​ដែល​ទ្រង់​បាន​តាំង​ឲ្យ​នៅ​កណ្តាលពួក​មនុស្ស​លោក

61 ទ្រង់​ក៏​ប្រគល់​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់​ឲ្យ​ទៅ​ជា​ឈ្លើយហើយ​សិរី‌ល្អ​ទ្រង់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ

62 ទ្រង់​បាន​ប្រគល់​រាស្ត្រ​ទ្រង់​ដល់​អំណាច​ដាវ​ដែរហើយ​មាន​សេចក្ដី​ក្រោធ​ចំពោះ​មរដក​ទ្រង់

63 មាន​ភ្លើង​ឆេះ​បំផ្លាញ​ពួក​កំឡោះ​គេឯ​ពួក​ក្រមុំ​របស់​គេ ឥត​មាន​អ្នក​ណា​ដណ្តឹង​ឡើយ

64 ពួក​សង្ឃ​របស់​គេ​ក៏​ដួល​ស្លាប់​ដោយ​ដាវតែ​ប្រពន្ធ​របស់​គេ​មិន​បាន​យំ​សោក​សោះ។

65 ៙ គ្រា​នោះ ព្រះ‌អម្ចាស់​ទ្រង់​តើន​ឡើងដូច​ជា​មនុស្ស​ដែល​ភ្ញាក់​ពី​ដេក​លក់គឺ​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​ស្រែក​ហ៊ោដោយ​អំណាច​ស្រា​ទំពាំង‌បាយ‌ជូរ

66 រួច​ទ្រង់​វាយ​ពួក​ដែល​ត‌តាំង​នឹង​ទ្រង់ ឲ្យ​ថយ​ក្រោយទ្រង់​ឲ្យ​គេ​មាន​សេចក្ដី​ខ្មាស​នៅ​ជានិច្ច

67 មួយ​ទៀត ទ្រង់​មិន​បាន​ទទួល​ត្រសាល​របស់ពួក​យ៉ូសែប​ឡើយក៏​មិន​បាន​រើស​ពូជ​អំបូរ​អេប្រា‌អិម​ដែរ

68 គឺ​ទ្រង់​បាន​រើស​ពូជ​អំបូរ​យូដា និង​ភ្នំ​ស៊ីយ៉ូនដែល​ទ្រង់​ស្រឡាញ់​នោះ​វិញ

69 ទ្រង់​ក៏​ស្អាង​ទី​បរិសុទ្ធ​នៃ​ទ្រង់ ដូច​ជា​អស់​ទាំង​កំពូល​ខ្ពស់គឺ​ដូច​ជា​ផែនដី​ដែល​ទ្រង់​បាន​តាំង​ឲ្យ​ជាប់ជា​ដរាប​នោះ​ផង។

70 ៙ ទ្រង់​ក៏​រើស​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់ហើយ​នាំ​យក​លោក​ចេញ​ពី​ក្រោល​ចៀម​មក

71 គឺ​ទ្រង់​នាំ​យក​លោក​ពី​ការ​ឃ្វាល​មេ​ចៀម​ដែល​មាន​កូនដើម្បី​ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​ពួក​យ៉ាកុប ជា​រាស្ត្រ​ទ្រង់គឺ​ពួក​អ៊ីស្រា‌អែល​ដែល​ជា​មរដក​របស់​ទ្រង់​វិញ

72 ដូច្នេះ លោក​ក៏​ធ្វើ​ជា​អ្នក​គង្វាល​ឃ្វាល​គេដោយ​ចិត្ត​ទៀង​ត្រង់ព្រម​ទាំង​នាំ​ផ្លូវ​គេ ដោយ​ថ្វី‌ដៃ​ដ៏​ជំនាញ។