1 មានពរហើយ អ្នកណាដល់មានអធ្យាស្រ័យដល់ពួកមនុស្សក្រីក្រព្រះយេហូវ៉ាទ្រង់នឹងជួយអ្នកនោះ ឲ្យរួចក្នុងថ្ងៃអាក្រក់
2 ព្រះយេហូវ៉ាទ្រង់នឹងជួយទំនុកបំរុងហើយថែរក្សាជីវិតអ្នកនោះគេនឹងបានពរនៅផែនដីនេះ ហើយទ្រង់នឹងមិនប្រគល់គេទៅក្នុងបំណងចិត្តនៃពួកខ្មាំងសត្រូវឡើយ
3 ព្រះយេហូវ៉ានឹងទ្រទ្រាំចំពោះគេនៅគ្រាដេកឈឺនៅគ្រែទ្រង់ក៏រៀបគ្រែឲ្យ នៅគ្រប់វេលាមានធុរៈ។
4 ៙ ខ្ញុំបានទូលថា ឱព្រះយេហូវ៉ាអើយសូមអាណិតមេត្តាដល់ទូលបង្គំផងសូមប្រោសព្រលឹងទូលបង្គំឲ្យបានជាដ្បិតទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយ
5 ពួកខ្មាំងសត្រូវនៃទូលបង្គំគេនិយាយសេចក្ដីអាក្រក់ពីទូលបង្គំថាតើវេលាណាវានឹងស្លាប់ហើយឈ្មោះវាវិនាសបាត់ទៅ
6 បើកាលណាគេមកសួរទូលបង្គំនោះក៏ពោលតែសេចក្ដីភូតភរទទេចិត្តគេប្រមូលសេចក្ដីទុច្ចរិតទុក លុះចេញទៅក្រៅហើយនោះក៏ផ្សាយប្រាប់សេចក្ដីនោះ
7 ពួកអ្នកដែលស្អប់ទូលបង្គំ គេខ្សឹបខ្សៀវគ្នាទាស់នឹងទូលបង្គំគេបង្កើតការប្រទូសរ៉ាយនឹងទូលបង្គំ។
8 ៙ គេថា មានរោគអាក្រក់ជាប់នៅខ្លួនវាឥឡូវនេះ ដែលវាដេកចុះហើយមុខជានឹងក្រោកឡើងវិញមិនបានឡើយ
9 អើ ទាំងមិត្រសំឡាញ់ស្និទ្ធស្នាលរបស់ទូលបង្គំជាអ្នកដែលទូលបង្គំបានទុកចិត្តហើយក៏បានបរិភោគបាយរបស់ទូលបង្គំផងនោះបានលើកកែងជើងចង់ជាន់ឈ្លីទូលបង្គំដែរ
10 តែ ឱព្រះយេហូវ៉ាអើយ សូមទ្រង់អាណិតមេត្តាលើកទូលបង្គំឡើងវិញដើម្បីឲ្យទូលបង្គំបានសងតបដល់គេ។
11 ៙ យ៉ាងនោះ ទូលបង្គំនឹងដឹងថាទ្រង់សព្វព្រះហឫទ័យនឹងទូលបង្គំពិតដោយពួកសត្រូវមិនមានជ័យជំនះឈ្នះទូលបង្គំឡើយ
12 ឯទូលបង្គំ ទ្រង់ទប់ទល់ដោយសេចក្ដីសុចរិតរបស់ទូលបង្គំហើយក៏តាំងទូលបង្គំឲ្យនៅចំពោះទ្រង់ជាដរាបតទៅ។
13 ៙ សូមលើកសរសើរដល់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលចាប់តាំងពីអតីត ទៅដល់អនាគត អស់កល្បជានិច្ចអាម៉ែន ហើយអាម៉ែន។