ទំនុក‌ដំកើង 62 KHOV

នៅ​ជិត​ព្រះ‌អង្គ​ខ្ញុំ​មាន​សេចក្ដី​សុខ‌សាន្ត

ទំនុក​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​ឲ្យ​មេ​ភ្លេង សំរាប់​លោក​យេឌូថិន។

1 ព្រលឹង​ខ្ញុំ​រង់‌ចាំ​ព្រះ‌អង្គ​តែ​មួយដោយ​ស្ងៀម​ស្ងាត់សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ​ក៏​មក​តែ​ពី​ទ្រង់​ដែរ

2 គឺ​ទ្រង់​តែ​មួយ​ព្រះ‌អង្គ​ដែល​ជា​ថ្មដាហើយ​ជា​សេចក្ដី​សង្គ្រោះ​នៃ​ខ្ញុំក៏​ជា​ប៉ម​យ៉ាង​ខ្ពស់​របស់​ខ្ញុំៗ​មិន​ត្រូវ​រង្គើ​ជា​ខ្លាំង​ឡើយ

3 តើ​អ្នក​រាល់​គ្នា​នឹង​សង្ខុញ​ចូល​ទៅ​លើ​មនុស្សទាំង​ចង់​សំឡាប់​គេ​ដល់​កាល​ណា​ទៀតប្រៀប​ដូច​ជា​កំផែង​ដែល​ទ្រេតដូច​ជា​របង​ដែល​ចង់​រលំ​ហើយ

4 គេ​ប្រឹក្សា​គ្នាដើម្បី​តែ​នឹង​ទំលាក់​អ្នក​នោះ​ចុះ​ពី​យស​របស់​ខ្លួនគេ​ចូល​ចិត្ត​នឹង​សេចក្ដី​ភូត‌ភរ មាត់​គេ​ឲ្យ​ពរតែ​នៅ​ក្នុង​ចិត្ត គេ​ប្រទេច​ផ្តាសា​វិញ។ –បង្អង់

5 ៙ ព្រលឹង​ខ្ញុំ​អើយ ចូរ​នៅ​ស្ងៀម​ចាំ​តែ​ព្រះ​ចុះដ្បិត​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ នោះ​មក​តែ​ពី​ទ្រង់​ទេ

6 គឺ​ទ្រង់​តែ​១​ព្រះ‌អង្គ​ដែល​ជា​ថ្មដាហើយ​ជា​សេចក្ដី​សង្គ្រោះ​នៃ​ខ្ញុំក៏​ជា​ប៉ម​យ៉ាង​ខ្ពស់​របស់​ខ្ញុំៗ​មិន​ត្រូវ​រង្គើ​ឡើយ

7 សេចក្ដី​សង្គ្រោះ និង​សិរី‌ល្អ​របស់​ខ្ញុំ នោះ​នៅ​នឹង​ព្រះឯ​ថ្មដា​នៃ​កំឡាំង​ខ្ញុំ និង​ទី​ពឹង​ជ្រក​របស់​ខ្ញុំក៏​នៅ​ក្នុង​ព្រះ​ដែរ

8 ជន​ទាំង‌ឡាយ​អើយ ចូរ​ទុក​ចិត្ត​នឹង​ទ្រង់​ជានិច្ចចូរ​អ្នក​រាល់​គ្នា​ប្លុង​ចិត្ត​នៅ​ចំពោះ​ទ្រង់ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក​សំរាប់​យើង​ខ្ញុំ។ –បង្អង់

9 ៙ ប្រាកដ​មែន មនុស្ស​ធម្មតា​ជា​អសារ​ឥត​ការហើយ​មនុស្ស​មាំ‌ទាំ​ជា​សេចក្ដី​បោក‌ប្រាស់បើ​នឹង​ថ្លឹង​គេ​នៅ​ជញ្ជីងនោះ​ទាំង​អស់​រួច​គ្នា​ស្រាល​ជាង​ខ្យល់​ដង្ហើម​ទៅ​ទៀត

10 កុំ​ឲ្យ​ទុក​ចិត្ត​នឹង​សេចក្ដី​សង្កត់‌សង្កិន​ឡើយក៏​កុំ​ឲ្យ​អួត​ខ្លួន​ក្នុង​ការ​លួច​ប្លន់​ដែរបើ​កាល​ណា​មាន​ទ្រព្យ​សម្បត្តិ​ចំរើន​ឡើងនោះ​កុំ​ឲ្យ​ទុក​ចិត្ត​នឹង​របស់​ទាំង​នោះ​ឲ្យ​សោះ

11 ព្រះ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ម្តង​ហើយខ្ញុំ​បាន​ឮ​សេចក្ដី​នេះ​២​ដង​ផង គឺ​ថាឫទ្ធា‌នុភាព​សំរេច​នៅ​លើ​ព្រះ

12 ឱ​ព្រះ‌អម្ចាស់​អើយសេចក្ដី​សប្បុរស​ក៏​ជា​របស់​ផង​ទ្រង់​ដែរដ្បិត​ទ្រង់​សង​ដល់​គ្រប់​មនុស្ស​ទាំង​អស់តាម​ការ​ប្រព្រឹត្ត​របស់​គេ។