ទំនុក‌ដំកើង 86 KHOV

សូម​ថែ​រក្សា​ជីវិត​ទូល‌បង្គំ​ផង!

សេចក្ដី​អធិស្ឋាន​របស់​ដាវីឌ។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​មក​ស្តាប់ហើយ​តប​មក​ទូល‌បង្គំ​ផង ពី​ព្រោះ​ទូល‌បង្គំ​ទាល់​ក្រហើយ​ខ្វះ​ខាត

2 សូម​ការ‌ពារ​ព្រលឹង​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ជា​អ្នក​ជ្រះ‌ថ្លាឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយសូម​ជួយ​សង្គ្រោះ​អ្នក​បំរើ​ដែល​ទុក​ចិត្ត​ដល់​ទ្រង់

3 ឱ​ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​ដល់​ទូល‌បង្គំ​ផងដ្បិត​ទូល‌បង្គំ​អំពាវ‌នាវ​ដល់​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ

4 សូម​បណ្តាល​ឲ្យ​ព្រលឹង​នៃ​អ្នក​បំរើ​ទ្រង់ បាន​រីក‌រាយ​ឡើងពី​ព្រោះ ឱ​ព្រះ‌អម្ចាស់​អើយទូល‌បង្គំ​លើក​ព្រលឹង​ថ្វាយ​ដល់​ទ្រង់

5 ដ្បិត​ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​ល្អ ទ្រង់​បំរុង​តែ​នឹង​អត់​ទោសក៏​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរចំពោះ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​ដល់​ទ្រង់

6 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​មកចំពោះ​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំហើយ​ស្តាប់​សំឡេង​ដែល​ទូល‌បង្គំ​អង្វរ​ផង

7 នៅ​ថ្ងៃ​វេទនា នោះ​ទូល‌បង្គំ​នឹង​អំពាវ‌នាវ​ដល់​ទ្រង់ពី​ព្រោះ​ទ្រង់​នឹង​ឆ្លើយ​តប​មក

8 ឱ​ព្រះ‌អម្ចាស់​អើយ នៅ​ក្នុង​អស់​ទាំង​ពួក​ព្រះគ្មាន​ណា​មួយ​ឲ្យ​ដូច​ជា​ទ្រង់​ឡើយក៏​គ្មាន​ការ​អ្វី​ឲ្យ​ដូច​ជា​ការ​របស់​ទ្រង់​ដែរ

9 ឱ​ព្រះ‌អម្ចាស់​អើយអស់​ទាំង​សាសន៍​ដែល​ទ្រង់​បាន​បង្កើតគេ​នឹង​មក​ក្រាប​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ទ្រង់ហើយ​គេ​នឹង​លើក​ដំកើង​ព្រះ‌នាម​ទ្រង់

10 ដ្បិត​ទ្រង់​ធំ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​យ៉ាង​អស្ចារ្យទ្រង់​ជា​ព្រះ​តែ​មួយ​អង្គ​ឯង

11 ឱ​ព្រះ‌យេហូវ៉ា​អើយសូម​បង្រៀន​ទូល‌បង្គំ​ឲ្យ​ស្គាល់​ផ្លូវ​នៃ​ទ្រង់ទូល‌បង្គំ​នឹង​ដើរ​ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់សូម​បំព្រួម​ចិត្ត​ទូល‌បង្គំ​មក​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់

12 ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយទូល‌បង្គំ​នឹង​សរសើរ​ទ្រង់​ឲ្យ​អស់​ពី​ចិត្តហើយ​នឹង​លើក​ដំកើង​ព្រះ‌នាម​ទ្រង់​ជា​ដរាប​ត​ទៅ

13 ដ្បិត​ទ្រង់​មាន​សេចក្ដី​សប្បុរស​យ៉ាង​ខ្លាំង ចំពោះ​ទូល‌បង្គំទ្រង់​បាន​ប្រោស​ព្រលឹង​ទូល‌បង្គំឲ្យ​រួច​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដ៏​ជ្រៅ​បំផុត

14 ឱ​ព្រះ‌អង្គ​អើយ មនុស្ស​ឆ្មើង‌ឆ្មៃ​បាន​លើក​គ្នា​ឡើងទាស់​នឹង​ទូល‌បង្គំ​ហើយមាន​ពួក​មនុស្ស​ច្រឡោត​ស្វែង​រក​ជីវិត​ទូល‌បង្គំគេ​មិន​បាន​តាំង​ទ្រង់​នៅ​មុខ​គេ​ទេ

15 តែ​ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​មេត្តាករុណា និង​អាណិត‌អាសូរក៏​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរសនិង​សេចក្ដី​ពិត​ត្រង់​ជា​បរិបូរ

16 ឱ​សូម​វិល​មក​ឯ​ទូល‌បង្គំ​វិញហើយ​អាណិត​មេត្តា​ដល់​ទូល‌បង្គំ​ផងសូម​ប្រទាន​កំឡាំង​របស់​ទ្រង់ មក​ទូល‌បង្គំ​ជា​អ្នក​បំរើ​ទ្រង់ហើយ​ជួយ​សង្គ្រោះ​កូន​របស់​ស្ត្រី​ជា​អ្នក​បំរើ​ទ្រង់​ដែរ

17 សូម​សំដែង​ទី​សំគាល់​១​ពី​សេចក្ដី​ល្អដែល​នឹង​ប្រោស​ដល់​ទូល‌បង្គំដើម្បី​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​បាន​ឃើញហើយ​មាន​សេចក្ដី​ខ្មាស​វិញដោយ​ព្រោះ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ជួយហើយ​កំសាន្ត​ចិត្ត​នៃ​ទូល‌បង្គំ​ហើយ។