1 ឱព្រះយេហូវ៉ាអើយ សូមស្តាប់សេចក្ដីអធិស្ឋានរបស់ទូលបង្គំសូមឲ្យពាក្យដែលទូលបង្គំអំពាវនាវបានឮដល់ទ្រង់
2 សូមកុំលាក់ព្រះភក្ត្រទ្រង់នឹងទូលបង្គំ ក្នុងថ្ងៃដែលទូលបង្គំមានសេចក្ដីទុក្ខលំបាកឡើយសូមផ្ទៀងព្រះកាណ៌ទ្រង់មកឯទូលបង្គំក្នុងថ្ងៃដែលទូលបង្គំស្រែកទូលនោះសូមឆ្លើយមកទូលបង្គំជាប្រញាប់
3 ដ្បិតអស់ទាំងថ្ងៃនៃទូលបង្គំ រសាត់ទៅដូចជាផ្សែងហើយអស់ទាំងឆ្អឹងរបស់ទូលបង្គំក៏ឆេះក្តៅដូចជាកន្ទុយឧស
4 ចិត្តទូលបង្គំត្រូវកាត់ចុះដូចជាស្មៅ ហើយក៏ស្រពោនទៅដរាបដល់ទូលបង្គំភ្លេចទាំងទទួលទានអាហារផង
5 អស់ទាំងឆ្អឹងរបស់ទូលបង្គំជាប់ជិតនឹងសាច់ដោយព្រោះដំងូរដែលទូលបង្គំថ្ងូរជានិច្ច
6 ទូលបង្គំប្រៀបដូចជាសត្វទុងនៅទីរហោស្ថានក៏បានត្រឡប់ដូចជាមៀមនៅទីសូន្យស្ងាត់
7 ទូលបង្គំចាំយាម ក៏ដូចជាចាបឥតគូ នៅលើដំបូលផ្ទះ
8 ពួកខ្មាំងសត្រូវពោលប្រទេចចំពោះទូលបង្គំជាដរាបរាល់ថ្ងៃហើយពួកអ្នកដែលស្អប់ទូលបង្គំគេយកឈ្មោះទូលបង្គំជាសេចក្ដីផ្តាសា
9 ទូលបង្គំបានទទួលទានផេះទុកជាអាហារហើយបានលាយគ្រឿងផឹករបស់ទូលបង្គំដោយទឹកភ្នែក
10 ដោយព្រោះសេចក្ដីថ្នាំងថ្នាក់និងសេចក្ដីក្រោធរបស់ទ្រង់ដ្បិតទ្រង់បានលើកទូលបង្គំឡើង ហើយបោះចោលវិញ
11 អស់ទាំងថ្ងៃអាយុនៃទូលបង្គំដូចជាស្រមោលដែលជ្រេទៅហើយទូលបង្គំក្រៀមទៅដូចជាស្មៅ។
12 ៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងគង់សោយរាជ្យនៅអស់កល្បជានិច្ចហើយនឹងមានសេចក្ដីនឹកចាំពីទ្រង់នៅអស់ទាំងដំណមនុស្សតទៅ
13 ទ្រង់នឹងក្រោកឡើង ហើយមានសេចក្ដីមេត្តាករុណាដល់ក្រុងស៊ីយ៉ូនដ្បិតដល់វេលាហើយ ដែលគួរប្រោសមេត្តាដល់ទីក្រុងអើ ពេលកំណត់បានមកដល់ហើយ
14 ពីព្រោះពួកអ្នកបំរើទ្រង់គេអាល័យដល់អស់ទាំងថ្មហើយក៏ស្តាយស្រណោះដល់ធូលីដីនៃទីក្រុង
15 យ៉ាងនោះ ពួកសាសន៍ដទៃនឹងកោតខ្លាចដល់ព្រះនាមព្រះយេហូវ៉ាហើយអស់ទាំងស្តេចនៅផែនដីនឹងក្រែងខ្លាចដល់សិរីល្អនៃទ្រង់
16 ដ្បិតព្រះយេហូវ៉ាទ្រង់នឹងសង់ក្រុងស៊ីយ៉ូនឡើងវិញហើយនឹងលេចមកក្នុងសិរីល្អនៃទ្រង់
17 ទ្រង់តែងតែទទួលសេចក្ដីអធិស្ឋានរបស់មនុស្សវេទនាឥតដែលមើលងាយចំពោះពាក្យសូមអង្វររបស់គេឡើយ
18 សេចក្ដីនេះនឹងបានកត់ទុកសំរាប់ដំណមនុស្សជាន់ក្រោយឲ្យបណ្តាមនុស្សដែលនឹងកើតឡើងបានសរសើរដំកើងដល់ព្រះយេហូវ៉ា
19 ដ្បិតទ្រង់បានក្រឡេកទតពីជាន់ខ្ពស់នៃទីបរិសុទ្ធទ្រង់គឺព្រះយេហូវ៉ាបានទតពីស្ថានសួគ៌មកពិចារណាមើលផែនដី
20 ដើម្បីនឹងស្តាប់ដំងូររបស់ពួកឈ្លើយហើយនឹងស្រាយលែងអស់អ្នកដែលបានដំរូវឲ្យត្រូវស្លាប់
21 ប្រយោជន៍ឲ្យមនុស្សទាំងឡាយបានប្រកាសព្រះនាមនៃព្រះយេហូវ៉ានៅក្រុងស៊ីយ៉ូននិងសេចក្ដីសរសើរទ្រង់នៅក្រុងយេរូសាឡិម
22 ក្នុងកាលដែលអស់ទាំងសាសន៍បានប្រជុំមូលគ្នាព្រមទាំងនគរទាំងប៉ុន្មានផងដើម្បីនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា។
23 ៙ ទ្រង់បានធ្វើឲ្យកំឡាំងរបស់ទូលបង្គំអន់ថយទៅនៅកណ្តាលផ្លូវទ្រង់បានពង្រួញថ្ងៃអាយុរបស់ទូលបង្គំហើយ
24 ទូលបង្គំបានទូលថា ឱព្រះនៃទូលបង្គំអើយទ្រង់មានព្រះជន្មស្ថិតស្ថេរនៅដរាបដល់អស់ទាំងដំណមនុស្សតទៅសូមកុំដកទូលបង្គំចេញ នៅវេលាកណ្តាលអាយុទូលបង្គំឡើយ
25 កាលដើមដំបូងទ្រង់បានតាំងឫសផែនដីហើយផ្ទៃមេឃក៏ជាស្នាដៃរបស់ព្រះហស្តទ្រង់ដែរ
26 របស់ទាំងនោះនឹងវិនាសសូន្យទៅពិតតែទ្រង់នឹងស្ថិតស្ថេរនៅវិញអើ របស់ទាំងនោះនឹងចាស់ទៅ ដូចជាសំលៀកបំពាក់ហើយទ្រង់នឹងផ្លាស់ចេញដូចជាផ្លាស់អាវដូច្នេះនឹងបានផ្លាស់ចេញជាពិត
27 ប៉ុន្តែ ឯទ្រង់ៗនៅដដែលហើយព្រះជន្មទ្រង់មិនចេះផុតឡើយ
28 ចំណែកកូនចៅរបស់ពួកអ្នកបំរើទ្រង់គេនឹងចេះតែមាននៅហើយពូជពង្សរបស់គេ នឹងបានតាំងនៅចំពោះទ្រង់។