1 កុំឲ្យក្តៅចិត្ត ដោយព្រោះមនុស្សដែលប្រព្រឹត្តអាក្រក់ឡើយក៏កុំឲ្យច្រណែននឹងពួកអ្នកដែលធ្វើការទុច្ចរិតដែរ
2 ដ្បិតនៅបន្តិចទៀត គេនឹងត្រូវច្រូតកាត់ដូចជាស្មៅហើយនឹងក្រៀមស្វិតទៅ ដូចជាស្មៅខ្ចីដែរ។
3 ៙ ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះយ៉ាងនោះ អ្នកនឹងបាននៅក្នុងស្រុកហើយចំអែតខ្លួនដោយសេចក្ដីពិត
4 ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នកនោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត
5 ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះថែមទាំងទុកចិត្តដល់ទ្រង់ផងនោះទ្រង់នឹងប្រោសឲ្យបានសំរេច
6 ទ្រង់នឹងឲ្យសេចក្ដីសុចរិតរបស់អ្នកបានផ្សាយចេញដូចជាពន្លឺហើយសេចក្ដីយុត្តិធម៌របស់អ្នក ដូចជាវេលាថ្ងៃត្រង់ផង
7 ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះកុំឲ្យក្តៅចិត្ត ដោយព្រោះអ្នកដែលចំរើនក្នុងផ្លូវគេឬមនុស្សដែលបង្កើតការអាក្រក់សំរេចបាននោះឡើយ។
8 ៙ ចូរឈប់ពីសេចក្ដីកំហឹងហើយបោះបង់សេចក្ដីឃោរឃៅចោលចេញកុំឲ្យក្តៅចិត្តឡើយ ដ្បិតនោះនឹងនាំឲ្យប្រព្រឹត្តអាក្រក់វិញ
9 ពីព្រោះពួកអ្នកដែលធ្វើអាក្រក់ នឹងត្រូវកាត់ចេញតែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ានោះនឹងបានផែនដីជាមរដក
10 ដល់បន្តិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេអើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ
11 ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដកហើយនឹងបានចិត្តរីករាយដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ។
12 ៙ ចំណែកមនុស្សអាក្រក់គេគិតគូរការទាស់នឹងមនុស្សសុចរិតក៏សំញែងធ្មេញដាក់អ្នកនោះ
13 តែព្រះអម្ចាស់ទ្រង់នឹងសើចនឹងគេដ្បិតទ្រង់ជ្រាបថា ថ្ងៃកំណត់របស់គេកាន់តែជិតដល់
14 ពួកមនុស្សអាក្រក់បានហូតដាវជាស្រេចហើយដំឡើងធ្នូទុកដើម្បីនឹងទំលាក់មនុស្សទ័លក្រហើយនឹងមនុស្សកំសត់ទុគ៌តព្រមទាំងសំឡាប់អស់អ្នកដែលកាន់តាមផ្លូវទៀងត្រង់
15 តែដាវគេនឹងចាក់ចូលក្នុងចិត្តខ្លួនគេវិញហើយធ្នូគេនឹងត្រូវបាក់
16 ឯរបស់បន្តិចបន្តួចនៃមនុស្សសុចរិតនោះវិសេសជាជាងរបស់បរិបូរនៃមនុស្សអាក្រក់ជាច្រើននាក់ទៅទៀត
17 ដ្បិតដៃនៃមនុស្សអាក្រក់នឹងត្រូវបាក់តែព្រះយេហូវ៉ាទ្រង់ទប់ទល់មនុស្សសុចរិត។
18 ៙ ព្រះយេហូវ៉ាទ្រង់ជ្រាបនូវអស់ទាំងថ្ងៃរបស់មនុស្សទៀតត្រង់ហើយមរដករបស់គេនឹងនៅជាប់ជាដរាប
19 គេនឹងមិនត្រូវខ្មាសក្នុងគ្រាអាក្រក់ឡើយហើយនៅវេលាអំណត់ នោះគេនឹងបានឆ្អែត។
20 ៙ តែមនុស្សអាក្រក់នឹងត្រូវវិនាសទៅហើយពួកខ្មាំងនៃព្រះយេហូវ៉ា នឹងដូចជាខ្លាញ់កូនចៀមគេនឹងត្រូវសូន្យបាត់ទៅ គេនឹងឆេះទៅជាផ្សែងអស់រលីង
21 ឯមនុស្សអាក្រក់គេខ្ចីឥតសងវិញឡើយតែមនុស្សសុចរិតគេមានគុណ ហើយក៏ឲ្យទានវិញ
22 ដ្បិតអស់អ្នកដែលទទួលព្រះពរពីទ្រង់នោះនឹងបានផែនដីជាមរដកតែអស់អ្នកដែលទ្រង់ដាក់បណ្តាសាវិញនោះនឹងបានត្រូវកាត់ចោលចេញ។
23 ៙ គឺព្រះយេហូវ៉ាដែលដំរូវអស់ទាំងជំហាននៃមនុស្សល្អហើយទ្រង់សព្វព្រះហឫទ័យនឹងផ្លូវដែលគេដើរដែរ
24 ទោះបើគេភ្លាត់ដួលគង់តែមិនត្រូវដួលទាំងស្រុងទេដ្បិតព្រះយេហូវ៉ាទ្រង់ទ្រអ្នកនោះដោយព្រះហស្ត
25 យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយតែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោលឬពូជពង្សគេសូមទានអាហារឡើយ
26 គេរមែងមានគុណជាដរាបរាល់ថ្ងៃ ព្រមទាំងឲ្យគេខ្ចីហើយពូជពង្សគេបានពរដែរ។
27 ៙ ចូរគេចចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អចុះនោះអ្នកនឹងបាននៅជារៀងរាបដរាប
28 ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្ដីយុត្តិធម៌ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយទ្រង់ថែរក្សាគេអស់កល្បជានិច្ចតែពូជរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញវិញ
29 ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដកហើយនឹងនៅក្នុងស្រុកនោះជានិច្ច។
30 ៙ មាត់របស់មនុស្សសុចរិតពោលចេញសុទ្ធតែប្រាជ្ញាហើយអណ្តាតគេក៏សំដែងជាសេចក្ដីយុត្តិធម៌
31 ក្រឹត្យវិន័យរបស់ព្រះនៃគេ នោះនៅក្នុងចិត្តឯជំហាននៃគេ ក៏នឹងមិនភ្លាំងភ្លាត់ឡើយ
32 មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិតហើយក៏រកសំឡាប់គេ
33 ព្រះយេហូវ៉ាទ្រង់មិនទុកគេ ឲ្យនៅក្នុងកណ្តាប់ដៃមនុស្សអាក្រក់ឡើយក៏មិនឲ្យគេមានទោសក្នុងកាលដែលត្រូវជំនុំជំរះដែរ។
34 ៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវទ្រង់ចុះនោះទ្រង់នឹងដំកើងអ្នក ឲ្យបានផែនដីជាមរដកនៅគ្រាដែលមនុស្សអាក្រក់ត្រូវកាត់ចេញនោះអ្នកនឹងបានឃើញហើយ
35 យើងបានឃើញមនុស្សអាក្រក់មានអំណាចយ៉ាងសន្ធឹកហើយកំពុងតែពង្រីកធំឡើង ដូចជាដើមឈើខ្ចីដែលចំរើននៅទីកំណើតវា
36 តែគេបាត់ទៅ ហើយមើល មិនមានគេទៀតឡើយអើ យើងបានស្វែងរកគេ តែមិនប្រទះសោះ។
37 ៙ ចូរចំណាំមើលមនុស្សគ្រប់លក្ខណ៍វិញហើយពិចារណាមើលមនុស្សទៀតត្រង់ចុះដ្បិតចុងបំផុតនៃមនុស្សនោះមានសេចក្ដីសាន្តត្រាណ
38 ឯពួកមនុស្សរំលងច្បាប់ នឹងត្រូវវិនាសទៅជាមួយគ្នាឯចុងបំផុតនៃមនុស្សអាក្រក់នោះនឹងត្រូវកាត់ចេញវិញ
39 ឯសេចក្ដីសង្គ្រោះនៃមនុស្សសុចរិតនោះមកពីព្រះយេហូវ៉ាក្នុងគ្រាដែលមានសេចក្ដីលំបាកនោះទ្រង់ជាទីអាងដល់គេ
40 ព្រះយេហូវ៉ាទ្រង់ជួយគេ ក៏ប្រោសឲ្យរួចទ្រង់ប្រោសគេឲ្យរួចពីមនុស្សអាក្រក់ព្រមទាំងជួយសង្គ្រោះគេផងពីព្រោះគេបានពឹងជ្រកក្នុងទ្រង់។