ទំនុក‌ដំកើង 25 KHOV

សូម​ណែ‌នាំ​ទូល‌បង្គំ​ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះ

ទំនុក​នៃ​ស្តេច​ដាវីឌ។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សូម​លើកព្រលឹង​ថ្វាយ​ដល់​ទ្រង់

2 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ទុក​ចិត្ត​នឹង​ទ្រង់សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយសូម​កុំ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​អំណរដោយ​ឈ្នះ​ទូល‌បង្គំ​ឲ្យ​សោះ

3 ប៉ុន្តែ​អស់​អ្នក​ដែល​មាន​ចិត្ត​សង្ឃឹម​ដល់​ទ្រង់នោះ​មិន​ត្រូវ​ខ្មាស​ឡើយគឺ​ពួក​អ្នក​ប្រព្រឹត្ត​ក្បត់ ដោយ​ឥត​ហេតុដែល​ត្រូវ​ខ្មាស​វិញ

4 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ដល់​ទូល‌បង្គំសូម​បង្រៀន​ទូល‌បង្គំ​ក្នុង​ផ្លូវ​ច្រក​របស់​ទ្រង់

5 សូម​នាំ ហើយ​បង្រៀន​ទូល‌បង្គំក្នុង​សេចក្ដី​ពិត​របស់​ទ្រង់​ផងដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូល‌បង្គំទូល‌បង្គំ​សង្ឃឹម​ដល់​ទ្រង់​ដរាប​រាល់​ថ្ងៃ

6 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​សេចក្ដី​មេត្តាដ៏​ទន់​សន្តោស និង​សេចក្ដី​សប្បុរស​របស់​ទ្រង់ដ្បិត​សេចក្ដី​ទាំង​នោះ​មាន​នៅ​ពី​បុរាណ​រៀង​មក

7 សូម​កុំ​នឹក​ចាំ​ពី​បាប​ដែល​ទូល‌បង្គំ​ប្រព្រឹត្ត​កាល​នៅ​ក្មេងឬ​អំពើ​រំលង​របស់​ទូល‌បង្គំ​នោះ​ឡើយឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូល‌បង្គំដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់​វិញដោយ​យល់​ដល់​ព្រះ‌គុណ​របស់​ទ្រង់

8 ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ ហើយ​ទៀង​ត្រង់ដូច្នេះ ទ្រង់​នឹង​បង្ហាត់​មនុស្ស​មាន​បាប​ឲ្យ​តាម​ផ្លូវ​ទ្រង់​វិញ

9 ទ្រង់​នឹង​នាំ​មនុស្ស​សុភាព​ក្នុង​សេចក្ដី​យុត្តិ‌ធម៌ហើយ​នឹង​បង្រៀន​មនុស្ស​រាប‌ទាប ឲ្យ​ស្គាល់​ផ្លូវ​ទ្រង់

10 អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា សុទ្ធ​តែ​ប្រកបដោយ​សេចក្ដី​សប្បុរស និង​សេចក្ដី​ពិតចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញានិង​សេចក្ដី​បន្ទាល់​របស់​ទ្រង់

11 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​អត់​ទោស​ការ​ទុច្ចរិតដ៏​មាន​ទំងន់​របស់​ទូល‌បង្គំ​ផងដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់

12 តើ​មាន​មនុស្ស​ណា​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ាទ្រង់​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះ​ស្គាល់​ផ្លូវ​ដែល​ត្រូវ​រើស​យក

13 ព្រលឹង​អ្នក​នោះ​នឹង​នៅ​ដោយ​សុខ‌សាន្តហើយ​ពូជ‌ពង្ស​របស់​អ្នក​នោះ​នឹង​បាន​ផែនដី​ជា​មរដក

14 សេចក្ដី​មេត្រី​មិត្រ​របស់​ព្រះ‌យេហូវ៉ានៅ​ជា​មួយ​នឹង​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ទ្រង់​នឹង​សំដែង​ឲ្យ​គេ​ស្គាល់​សេចក្ដី​សញ្ញា​របស់​ទ្រង់

15 ភ្នែក​ទូល‌បង្គំ​មើល​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ជា​ដរាបដ្បិត​ទ្រង់​នឹង​ដោះ​ជើង​ទូល‌បង្គំ​ឲ្យ​រួច​ពី​អន្ទាក់

16 សូម​ទ្រង់​បែរ​មក​មាន​សេចក្ដី​មេត្តា​ដល់​ទូល‌បង្គំ​ផងដ្បិត​ទូល‌បង្គំ​នៅ​តែ​ឯង ហើយ​មាន​សេចក្ដី​វេទនា

17 សេចក្ដី​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​ទូល‌បង្គំ​បាន​កើន​ឡើង​ជា​ខ្លាំងឱ​សូម​នាំ​ទូល‌បង្គំ​ចេញ​ពី​ទុក្ខ​លំបាក​នៃ​ទូល‌បង្គំ

18 សូម​ពិនិត្យ​មើល​សេចក្ដី​វេទនានិង​សេចក្ដី​នឿយ​ព្រួយ​របស់​ទូល‌បង្គំហើយ​អត់​ទោស​អស់​ទាំង​បាប​របស់​ទូល‌បង្គំ​ផង

19 សូម​ពិចារណា​មើល​ពួក​ខ្មាំង​ទូល‌បង្គំ​ដែល​មាន​គ្នា​ច្រើនហើយ​មាន​សេចក្ដី​សំអប់​ដល់​ទូល‌បង្គំដោយ​ចិត្ត​សាហាវ​ណាស់

20 ឱ​សូម​រក្សា​ព្រលឹង​នៃ​ទូល‌បង្គំ ហើយ​ជួយ​ឲ្យ​រួច​ផងសូម​កុំ​ឲ្យ​ទូល‌បង្គំ​ខ្មាស​ឡើយដ្បិត​ទូល‌បង្គំ​ពឹង​ទ្រង់

21 សូម​ឲ្យ​សេចក្ដី​សុចរិត និង​សេចក្ដី​ទៀង​ត្រង់ការ‌ពារ​ទូល‌បង្គំ​ទុក ត្បិត​ទូល‌បង្គំ​សង្ឃឹម​ដល់​ទ្រង់

22 ឱ​ព្រះ‌អង្គ​អើយ សូម​លោះ​សាសន៍​អ៊ីស្រា‌អែលឲ្យ​រួច​ពី​គ្រប់​សេចក្ដី​វេទនា​របស់​គេ​ផង។