ទំនុក‌ដំកើង 46 KHOV

ព្រះ‌ជា‌ម្ចាស់​គង់​ជា​មួយ​យើង

ទំនុក​របស់​កូន​ចៅ​កូរេ ដែល​លើក​សំរាប់​មេ​ភ្លេង ត្រូវ​ច្រៀង​ដោយ​សំឡេង​ស្រួច។

1 ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន

2 ហេតុ​នោះ យើង​ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយទោះ​បើ​ផែនដី​ប្រែ‌ប្រួល​ទៅហើយ​ភ្នំ​ទាំង​ប៉ុន្មាន​ត្រូវ​រើ​ធ្លាក់​ចុះនៅ​កណ្តាល​សមុទ្រ​ក៏​ដោយ

3 ទោះ​បើ​ទឹក​សមុទ្រ​បញ្ចេញ​សូរ​គឹក‌កង ហើយ​រំជួល​ឡើងឬ​ភ្នំ​ទាំង‌ឡាយ​ត្រូវ​កក្រើក​ញ័រដោយ​រលក​លោត​ចុះ​ឡើង​ក្តី។ –បង្អង់

4 ៙ មាន​ទន្លេ​១​ដែល​ព្រែក​ទាំង​ប៉ុន្មាននាំ​ឲ្យ​ក្រុង​នៃ​ព្រះ​មាន​សេចក្ដី​អំណរគឺ​ជា​ទី​បរិសុទ្ធ​នៃ​ពន្លា​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត

5 ព្រះ​ទ្រង់​គង់​នៅ​កណ្តាលហើយ​ទី​ក្រុង​នោះ​មិន​ត្រូវ​រង្គើ​ឡើយព្រះ​ទ្រង់​នឹង​ជួយ​ចាប់​តាំង​ពី​ព្រលឹម​ផង

6 អស់​ទាំង​សាសន៍​ដទៃ​បាន​ជ្រួល‌ជ្រើមហើយ​នគរ​ទាំង​ប៉ុន្មាន​ពពាក់‌ពពូន​ឡើងតែ​ទ្រង់​បញ្ចេញ​ព្រះ‌សូរ‌សៀង នោះ​ផែនដី​ក៏​រលាយ​ទៅ

7 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារទ្រង់​គង់​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំគឺ​ព្រះ​នៃ​យ៉ាកុប ទ្រង់​ជា​ទី​ពឹង​ជ្រក​របស់​យើង​ខ្ញុំ។–បង្អង់

8 ៙ ចូរ​មក​ពិចារណា​មើល​អស់​ទាំង​ការ​នៃ​ព្រះ‌យេហូវ៉ាជា​ការ​ហិន‌វិនាស ដែល​ទ្រង់​បាន​ធ្វើ​នៅ​ផែនដី

9 ទ្រង់​បណ្តាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំងាប់រហូត​ដល់​ចុង​ផែនដីទ្រង់​បំបាក់​ធ្នូ ហើយ​កាច់​លំពែងក៏​ដុត​អស់​ទាំង​រទេះ​ចំបាំង​នៅ​ក្នុង​ភ្លើង

10 ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះអញ​នឹង​បាន​ថ្កើង​ឡើង នៅ​កណ្តាល​ពួក​សាសន៍​ដទៃអញ​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី

11 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារទ្រង់​គង់​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំព្រះ​នៃ​យ៉ាកុប​ជា​ទី​ពឹង​ជ្រក​នៃ​យើង​ខ្ញុំ។–បង្អង់