1 ខ្ញុំបន្លឺសំឡេង អំពាវនាវដល់ព្រះខ្ញុំបន្លឺសំឡេងឡើងដល់ព្រះហើយទ្រង់ក៏ស្តាប់ខ្ញុំ
2 នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនានោះខ្ញុំបានស្វែងរកព្រះអម្ចាស់នៅពេលយប់ នោះខ្ញុំបានប្រទូលដៃឡើងឥតឈប់ឈរព្រលឹងខ្ញុំមិនព្រមក្សាន្តទុក្ខទេ
3 ខ្ញុំនឹកពីព្រះ នោះខ្ញុំមានចិត្តទុរន់ទុរាខ្ញុំនឹកជញ្ជឹង នោះវិញ្ញាណខ្ញុំក៏ល្វើយទៅ។ –បង្អង់
4 ៙ ទ្រង់ទល់ភ្នែកទូលបង្គំមិនឲ្យលក់ទូលបង្គំមានសេចក្ដីទុក្ខប្រដេញទាល់តែរកនិយាយមិនចេញ
5 ទូលបង្គំបានពិចារណាពីអស់ទាំងថ្ងៃកន្លងទៅហើយនិងអស់ទាំងឆ្នាំពីកាលមុន
6 ទូលបង្គំនឹកឃើញទំនុកដែលធ្លាប់ច្រៀងនៅពេលយប់នោះទូលបង្គំបានត្រិះរិះក្នុងចិត្ត ហើយវិញ្ញាណទូលបង្គំក៏ស្វែងរកសេចក្ដីចំឡើយដែរ
7 តើព្រះអម្ចាស់ទ្រង់នឹងបោះបង់ចោលជាដរាបឬតើទ្រង់មិនព្រមប្រោសប្រាណទៀតទេឬ
8 តើសេចក្ដីសប្បុរសនៃទ្រង់អស់រលីងជាដរាបទៅឬតើសេចក្ដីសន្យាទ្រង់អាក់ខានទៅជានិច្ចឬ
9 តើព្រះទ្រង់ភ្លេចប្រព្រឹត្តដោយករុណារបស់ទ្រង់ហើយឬតើទ្រង់បានបិទបាំងសេចក្ដីអាណិតមេត្តារបស់ទ្រង់ទុកដោយសេចក្ដីខ្ញាល់ដែរឬអី។ –បង្អង់
10 ៙ នោះទូលបង្គំបាននឹកថានេះហើយជាសេចក្ដីទុក្ខរបស់ទូលបង្គំតែទូលបង្គំនឹងនឹកចាំពីគ្រាដែលព្រះហស្តស្តាំនៃព្រះដ៏ខ្ពស់បំផុត បានប្រោសវិញ
11 ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ាដ្បិតទូលបង្គំនឹកឃើញអស់ទាំងការអស្ចារ្យដែលទ្រង់បានធ្វើកាលពីដើម
12 ទូលបង្គំនឹងរំពឹងគិតពីគ្រប់ទាំងការរបស់ទ្រង់ហើយពិចារណាពីកិច្ចដែលទ្រង់ធ្វើទាំងប៉ុន្មាន
13 ឱព្រះអង្គអើយ ផ្លូវទ្រង់ជាផ្លូវបរិសុទ្ធតើមានព្រះឯណាដែលធំដូចជាទ្រង់
14 ទ្រង់ជាព្រះដែលធ្វើការយ៉ាងអស្ចារ្យទ្រង់បានសំដែងឲ្យស្គាល់ឥទ្ធានុភាពនៃទ្រង់នៅកណ្តាលអស់ទាំងសាសន៍
15 ទ្រង់បានប្រោសបណ្តារាស្ត្រឲ្យរួចដោយព្រះហស្តរបស់ទ្រង់គឺជាពួកកូនចៅយ៉ាកុប និងយ៉ូសែបផង។ –បង្អង់
16 ៙ ឱព្រះអង្គអើយ ទឹកទាំងប៉ុន្មានបានឃើញទ្រង់គឺទឹកទាំងប៉ុន្មានបានឃើញទ្រង់ហើយមានសេចក្ដីភិតភ័យអស់ទាំងទីជំរៅក៏ញ័រដែរ
17 អស់ទាំងពពកបានចាក់ទឹកចេញផ្ទៃមេឃក៏បញ្ចេញសូររំពងហើយព្រួញរបស់ទ្រង់បានហើរទៅគ្រប់អន្លើដែរ
18 សូរសៀងនៃផ្គររបស់ទ្រង់ក៏នៅក្នុងខ្យល់កួចផ្លេកបន្ទោរបានបំភ្លឺលោកីយ៍ឯផែនដីក៏ញ័រកក្រើក
19 ផ្លូវដែលទ្រង់យាង នោះនៅក្នុងសមុទ្រហើយផ្លូវច្រករបស់ទ្រង់ ក៏នៅទីមានទឹកច្រើនឥតមានអ្នកណាឃើញដានព្រះបាទទ្រង់ឡើយ
20 ទ្រង់បាននាំរាស្ត្រទ្រង់ ដូចជាហ្វូងចៀមគឺដោយដៃរបស់ម៉ូសេ និងអើរ៉ុន។