1 ឱព្រះអង្គអើយ សូមស្តាប់សំឡេងទូលបង្គំដែលទូលបង្គំពោលដំអូញសូមការពារជីវិតទូលបង្គំ ឲ្យរួចពីការភ័យខ្លាចចំពោះពួកខ្មាំងសត្រូវ
2 សូមលាក់ទូលបង្គំ ឲ្យកំបាំងពីសេចក្ដីដែលពួកប្រព្រឹត្តអាក្រក់ប្រឹក្សាដោយសំងាត់និងពីការចលាចលរបស់មនុស្ស ដែលប្រព្រឹត្តអំពើទុច្ចរិត
3 ជាពួកអ្នកដែលបានសំលៀងអណ្តាតដូចជាសំលៀងដាវព្រមទាំងដំរង់ព្រួញគេ គឺជាពាក្យជូរចត់
4 ដើម្បីនឹងបាញ់ពីទីកំបាំង ឲ្យត្រូវមនុស្សគ្រប់លក្ខណ៍គេស្រាប់តែបាញ់អ្នកនោះ ឥតខ្លាចអ្វីសោះ
5 គេជំរុញចិត្តគ្នាក្នុងការអាក្រក់ក៏ពិគ្រោះគ្នាអំពីការដាក់អន្ទាក់ដោយស្ងាត់កំបាំងគេថា តើអ្នកណានឹងឃើញ
6 គេស្វែងរកអំពើទុច្ចរិតគេថា យើងបានស្វែងរកអស់ពីចិត្តជាស្រេចហើយឯគំនិតខាងក្នុង និងចិត្តរបស់គេ សុទ្ធតែមានជំរៅណាស់
7 ប៉ុន្តែព្រះទ្រង់នឹងបាញ់ចំគេលោតែគេនឹងត្រូវរបួសដោយព្រួញណាមួយ
8 គឺអណ្តាតខ្លួនគេនឹងនាំឲ្យគេដួលហើយអស់អ្នកណាដែលឃើញនឹងគ្រវីក្បាល
9 នោះមនុស្សទាំងអស់នឹងភ័យខ្លាចហើយនឹងប្រកាសប្រាប់ពីកិច្ចការរបស់ព្រះព្រមទាំងពិចារណាដោយប្រាជ្ញាពីការដែលទ្រង់ធ្វើ
10 ពួកមនុស្សសុចរិតនឹងអរសប្បាយ ដោយនូវព្រះយេហូវ៉ាគេនឹងពឹងជ្រកក្នុងទ្រង់អស់អ្នកណាដែលមានចិត្តទៀតត្រង់គេនឹងអួតសរសើរ។