ទំនុក‌ដំកើង 70 KHOV

ព្រះ‌អង្គ​អើយ​សូម​យាង​មក​សង្គ្រោះ​ទូល‌បង្គំ

ទំនុក​ដែល​ស្តេច​ដាវីឌ បាន​លើក​ឲ្យ​មេ​ភ្លេង សំរាប់​នឹង​រំឭក។

1 ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ទូល‌បង្គំ​រួចឱ​ព្រះ‌យេហូវ៉ា​អើយសូម​ប្រញាប់​នឹង​ជួយ​ទូល‌បង្គំ​ផង

2 សូម​ឲ្យ​ពួក​អ្នក​ដែល​ប្រាថ្នា​ជីវិត​ទូល‌បង្គំបាន​ត្រូវ​អៀន‌ខ្មាស ហើយ​ទុញ‌ទាល់​នៅសូម​ឲ្យ​ពួក​អ្នក​ដែល​រីក‌រាយ​ក្នុង​ហេតុ​អាក្រក់ដែល​កើត​ដល់​ទូល‌បង្គំ បាន​ត្រូវ​ថយ​ចេញហើយ​អាប់‌យស​ទៅ

3 ឯ​ពួក​អ្នក​ដែល​សើច​ឡក​ថា ហាស ហាៗនោះ​សូម​ឲ្យ​គេ​ត្រូវ​ថយ​ចេញដោយ​កើត​មាន​សេចក្ដី​ខ្មាស​វិញ

4 សូម​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់​បាន​រីក‌រាយហើយ​មាន​សេចក្ដី​អំណរ​ចំពោះ​ទ្រង់ហើយ​ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សង្គ្រោះ​នៃ​ទ្រង់បាន​ពោល​ជានិច្ច​ថាសូម​ឲ្យ​ព្រះ​បាន​លើក​ដំកើង​ឡើង

5 ចំណែក​ទូល‌បង្គំ មាន​សេចក្ដី​វេទនាហើយ​កំសត់​ទុគ៌តឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ប្រញាប់​នឹង​មក​ឯ​ទូល‌បង្គំគឺ​ទ្រង់​ជា​ជំនួយ ហើយ​ជា​អ្នក​ប្រោស​ឲ្យ​ទូល‌បង្គំ​រួចឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បង្អង់​ឡើយ។