1 ឱព្រះអង្គអើយ ហេតុអ្វីបានជាទ្រង់បោះបង់ចោលយើងខ្ញុំជាដរាបហេតុអ្វីបានជាសេចក្ដីខ្ញាល់របស់ទ្រង់ហុយផ្សែងឡើងទាស់នឹងហ្វូងចៀមដែលនៅទីវាលរបស់ទ្រង់ដូច្នេះ
2 សូមនឹកចាំពីពួកជំនុំដែលទ្រង់រើសបានពីកាលចាស់បុរាណជាពួកដែលទ្រង់បានលោះសំរាប់ជាពូជអំបូរដែលទ្រង់នឹងគ្រងជាមរដកគឺភ្នំស៊ីយ៉ូន ជាកន្លែងដែលទ្រង់បានគង់នៅ
3 សូមទ្រង់លើកព្រះបាទយាងមកឯកន្លែងដែលនៅបាក់បែកជានិច្ចគឺមកឯការអាក្រក់ទាំងប៉ុន្មាន ដែលពួកខ្មាំងសត្រូវបានធ្វើនៅក្នុងទីបរិសុទ្ធ។
4 ៙ ពួកដែលតតាំងនឹងទ្រង់ បានស្រែកហ៊ោនៅកណ្តាលជំនុំរបស់ទ្រង់គេបានលើកទង់របស់គេឡើងជាទីសំគាល់
5 គេមើលទៅដូចជាមនុស្សដែលលើកពូថៅឡើងប្រុងនឹងកាប់ព្រៃញឹក
6 ឥឡូវនេះគេបំបាក់បំបែកអស់ទាំងក្បាច់ចំឡាក់ដោយពូថៅ និងញញួរ
7 ក៏បានយកភ្លើងទៅដុតទីបរិសុទ្ធរបស់ទ្រង់ព្រមទាំងបង្អាប់ទីលំនៅនៃព្រះនាមទ្រង់ឲ្យរាបចុះដល់ដី
8 ដោយនឹកក្នុងចិត្តថា ចូរយើងកំទេចចេញឲ្យអស់គេក៏ដុតបំផ្លាញអស់ទាំងសាលាប្រជុំនៃព្រះដែលនៅក្នុងស្រុកដែរ។
9 ៙ យើងខ្ញុំមិនឃើញទង់របស់យើងខ្ញុំទៀតទេក៏គ្មានហោរាណាទៀតឡើយហើយឥតមានអ្នកណាក្នុងពួកយើងខ្ញុំដែលដឹងជាការនេះ នឹងបានដល់យូរប៉ុណ្ណាដែរ
10 ឱព្រះអង្គអើយ ពួកទាស់ទទឹងនឹងដៀលត្មះដល់កាលណាតើពួកខ្មាំងសត្រូវនឹងប្រមាថដល់ព្រះនាមទ្រង់ជាដរាបឬ
11 ហេតុអ្វីបានជាទ្រង់ដកព្រះហស្តគឺព្រះហស្តស្តាំនៃទ្រង់ចេញដូច្នេះសូមទ្រង់ដកព្រះហស្តចេញពីព្រះឧរាមកហើយបំផ្លាញគេចុះ។
12 ៙ ប៉ុន្តែព្រះទ្រង់ជាមហាក្សត្រនៃទូលបង្គំតាំងតែពីបុរាណមកទ្រង់ក៏ប្រោសប្រទានសេចក្ដីសង្គ្រោះនៅកណ្តាលផែនដី
13 ទ្រង់បានញែកទឹកសមុទ្រដោយឫទ្ធិរបស់ទ្រង់ក៏បានបំបែកក្បាលអស់ទាំងសត្វសំបើមនៅក្នុងទឹក
14 ទ្រង់បានកិនកំទេចក្បាលរបស់ក្រពើព្រមទាំងប្រទានសាច់វាទុកជាអាហារដល់ពួកមនុស្សដែលនៅទីរហោស្ថាន
15 ទ្រង់បានវាយបំប្រេះថ្ម ឲ្យមានក្បាលទឹកនិងទឹកជ្រោះចេញមកក៏ធ្វើឲ្យទន្លេដែលហូរជានិច្ច បានរីងស្ងួតទៅផង
16 ពេលថ្ងៃជារបស់ផងទ្រង់ ហើយពេលយប់ក៏ដែរទ្រង់បានបង្កើតពន្លឺ និងដួងព្រះអាទិត្យ
17 ទ្រង់បានតាំងព្រំខណ្ឌទាំងប៉ុន្មាននៃផែនដីហើយកំណត់ឲ្យមានរដូវក្តៅ និងរដូវត្រជាក់។
18 ៙ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំថាពួកខ្មាំងសត្រូវបានត្មះតិះដៀលហើយថា សាសន៍១ដែលល្ងីល្ងើបានប្រមាថដល់ព្រះនាមទ្រង់ហើយ
19 ឱសូមកុំប្រគល់ជីវិតនៃលលកទ្រង់ដល់សត្វព្រៃសូមកុំភ្លេចពួកមនុស្សកំសត់របស់ទ្រង់ជាដរាបឡើយ
20 សូមទ្រង់យល់ដល់សេចក្ដីសញ្ញាដ្បិតអស់ទាំងទីងងឹតនៅផែនដីបានពេញដោយទីអាស្រ័យនៃសេចក្ដីច្រឡោតហើយ
21 ឱសូមកុំឲ្យពួកអ្នកដែលត្រូវគេសង្កត់សង្កិនបានមកវិញទាំងមានសេចក្ដីខ្មាសនោះឡើយសូមឲ្យមនុស្សក្រីក្រ ហើយកំសត់ទុគ៌តបានសរសើរដល់ព្រះនាមទ្រង់វិញ។
22 ៙ ឱព្រះអង្គអើយ សូមឈរឡើងផ្ចាញ់គេពីដំណើរទ្រង់សូមនឹកចាំពីបែបយ៉ាងណាដែលមនុស្សល្ងីល្ងើបានត្មះតិះដៀលដល់ទ្រង់រាល់ថ្ងៃជានិច្ច
23 សូមកុំភ្លេចពីសូរសំរែករបស់ពួកតតាំងនឹងទ្រង់ឬសូរទ្រហឹងអឺងកងរបស់ពួកអ្នកដែលលើកគ្នាមកទាស់នឹងទ្រង់ដែលចេះតែឮឡើងជានិច្ចនោះឡើយ។