1 ឱព្រះយេហូវ៉ាដ៏ជាកំឡាំងនៃទូលបង្គំអើយទូលបង្គំស្រឡាញ់ទ្រង់
2 ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំគឺជាព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំយកជាទីពឹងក៏ជាខែល ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំហើយជាប៉មយ៉ាងខ្ពស់ផង
3 ទូលបង្គំនឹងអំពាវនាវដល់ព្រះយេហូវ៉ាដែលទ្រង់គួរសរសើរយ៉ាងនោះទូលបង្គំនឹងបានសង្គ្រោះរួចពីពួកសត្រូវរបស់ទូលបង្គំ។
4 ៙ ឯចំណងនៃសេចក្ដីស្លាប់បានរុំជុំវិញទូលបង្គំហើយជំនន់នៃសេចក្ដីទុច្ចរិតបានបំភ័យទូលបង្គំ
5 ចំណងនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏រួបជុំវិញទូលបង្គំអន្ទាក់នៃសេចក្ដីស្លាប់បានទាក់ទូលបង្គំ
6 ក្នុងគ្រាដែលទូលបង្គំមានសេចក្ដីវេទនានោះបានអំពាវនាវដល់ព្រះយេហូវ៉ាទូលបង្គំបានស្រែកទូលដល់ព្រះនៃទូលបង្គំទ្រង់ក៏ឮសំឡេងទូលបង្គំ ពីក្នុងព្រះវិហារទ្រង់ហើយសំរែកដែលទូលបង្គំស្រែក នៅចំពោះទ្រង់ក៏ឮដល់ព្រះកាណ៌ទ្រង់
7 នោះផែនដីបានកក្រើក ឫសភ្នំទាំងប៉ុន្មានក៏ញ័ររញ្ជួយហើយរំពើកឡើង ពីព្រោះទ្រង់មានសេចក្ដីក្រោធ
8 មានផ្សែងហុយចេញពីព្រះនាសាទ្រង់ហើយមានភ្លើងចេញពីព្រះឱស្ឋទ្រង់មកបញ្ឆេះបំផ្លាញក៏កាត់ឡើងជារងើកដែរ
9 ទ្រង់បានបន្ទាបផ្ទៃមេឃ ហើយយាងចុះមកមានងងឹតយ៉ាងក្រាស់ នៅក្រោមព្រះបាទទ្រង់
10 ទ្រង់គង់លើចេរូប៊ីនហោះមកអើ ទ្រង់ក៏សំកាំងនៅលើខ្យល់
11 ទ្រង់បានយកសេចក្ដីងងឹតធ្វើជាទីបាំងអង្គទ្រង់ជាពន្លានៅព័ទ្ធជុំវិញគឺជាទីងងឹតនៃទឹក ជាពពកយ៉ាងក្រាស់នៅលើមេឃ
12 ពពកយ៉ាងក្រាស់របស់ទ្រង់ក៏រសាត់ចេញដោយរស្មីនៅចំពោះទ្រង់ ព្រមទាំងព្រិលនិងរងើកភ្លើងផង
13 ព្រះយេហូវ៉ាទ្រង់បញ្ចេញជាផ្គរនៅលើមេឃព្រះដ៏ខ្ពស់បំផុត ទ្រង់បញ្ចេញព្រះសូរសៀងព្រមទាំងព្រិល និងរងើកភ្លើងផង
14 ក៏បាញ់ព្រួញនៃទ្រង់ទៅកំចាត់កំចាយគេនិងរន្ទះជាច្រើន ទៅបំបាក់ពួកគេ
15 នោះបាតផ្លូវទឹកក៏លេចឡើងហើយឫសលោកីយ៍បានបើកឲ្យឃើញដោយទ្រង់បន្ទោស ឱព្រះយេហូវ៉ាអើយគឺដោយឮសូរខ្យល់គំហុក ចេញពីព្រះនាសាទ្រង់
16 ទ្រង់បានចាត់ពីលើស្ថានដ៏ខ្ពស់មកចាប់ស្រង់ទូលបង្គំចេញពីទឹកធំ
17 ទ្រង់បានដោះទូលបង្គំឲ្យរួចពីខ្មាំងសត្រូវដ៏ខ្លាំងពូកែហើយពីអស់អ្នកដែលស្អប់ទូលបង្គំដែរដ្បិតគេមានកំឡាំងជាងទូលបង្គំ
18 នៅថ្ងៃដែលទូលបង្គំត្រូវវេទនា នោះគេបានសង្ខុញមកលើទូលបង្គំប៉ុន្តែព្រះយេហូវ៉ា ទ្រង់ជាជន្ទល់នៃទូលបង្គំ
19 ទ្រង់បាននាំទូលបង្គំចេញទៅនៅឯទីធំទូលាយទ្រង់បានដោះទូលបង្គំឲ្យរួច ដ្បិតទ្រង់ស្រឡាញ់ដល់ទូលបង្គំ
20 ព្រះយេហូវ៉ាទ្រង់បានប្រទានរង្វាន់មកតាមសេចក្ដីសុចរិតរបស់ទូលបង្គំទ្រង់បានសងទូលបង្គំ តាមសេចក្ដីបរិសុទ្ធនៃដៃទូលបង្គំ
21 ដ្បិតទូលបង្គំបានកាន់តាមអស់ទាំងផ្លូវរបស់ព្រះយេហូវ៉ាហើយមិនបានថយចេញពីព្រះនៃទូលបង្គំដោយប្រព្រឹត្តសេចក្ដីអាក្រក់ឡើយ
22 ពីព្រោះគ្រប់ទាំងច្បាប់របស់ទ្រង់ក៏នៅចំពោះមុខទូលបង្គំហើយទូលបង្គំមិនបានងាកចេញពីក្រឹត្យណាមួយរបស់ទ្រង់ឡើយ
23 ទូលបង្គំបានគ្រប់លក្ខណ៍នៅចំពោះទ្រង់ហើយបានរក្សាខ្លួនឲ្យរួចពីសេចក្ដីទុច្ចរិតរបស់ទូលបង្គំ
24 ហេតុនោះ ព្រះយេហូវ៉ា ទ្រង់ប្រទានរង្វាន់មកទូលបង្គំតាមសេចក្ដីសុចរិតរបស់ទូលបង្គំ គឺតាមសេចក្ដីបរិសុទ្ធនៃដៃទូលបង្គំ នៅចំពោះព្រះនេត្រទ្រង់
25 នៅចំពោះអ្នកមានចិត្តមេត្តា នោះទ្រង់នឹងសំដែងអង្គទ្រង់ជាអ្នកមានចិត្តមេត្តាដែរនៅចំពោះមនុស្សគ្រប់លក្ខណ៍ នោះទ្រង់នឹងសំដែងអង្គទ្រង់ជាអ្នកគ្រប់លក្ខណ៍
26 នៅចំពោះអ្នកបរិសុទ្ធ នោះទ្រង់នឹងសំដែងអង្គទ្រង់ជាអ្នកបរិសុទ្ធដូចគ្នាហើយនៅចំពោះមនុស្សក្រវិចក្រវៀន នោះទ្រង់នឹងសំដែងអង្គទ្រង់ជាអ្នកប្រទាំងនឹងគេវិញ
27 ដ្បិតទ្រង់នឹងជួយសង្គ្រោះមនុស្សដែលរងវេទនាតែឯមនុស្សឆ្មើងឆ្មៃ នោះទ្រង់នឹងបន្ទាបគេចុះវិញ
28 ដ្បិតទ្រង់នឹងអុជប្រទីបរបស់ទូលបង្គំព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំ ទ្រង់នឹងធ្វើឲ្យសេចក្ដីងងឹតនៃទូលបង្គំភ្លឺឡើង
29 ពីព្រោះដោយពឹងទ្រង់ នោះទូលបង្គំនឹងរត់ចូលទៅតនឹងកងទ័ពហើយដោយសារព្រះនៃទូលបង្គំ នោះទូលបង្គំនឹងលោតរំលងកំផែងបាន
30 ឯព្រះ ផ្លូវនៃទ្រង់គ្រប់លក្ខណ៍ព្រះបន្ទូលនៃព្រះយេហូវ៉ាបានសាកមើលហើយទ្រង់ជាខែលដល់អស់អ្នកណាដែលពឹងជ្រកក្នុងទ្រង់
31 ដ្បិតតើអ្នកណាជាព្រះ បើមិនមែនជាព្រះយេហូវ៉ាទេហើយក្រៅពីព្រះនៃយើងខ្ញុំ នោះតើអ្នកណាជាថ្មដា
32 គឺជាព្រះដែលក្រវាត់ទូលបង្គំដោយកំឡាំងហើយក៏ធ្វើឲ្យផ្លូវទូលបង្គំបានគ្រប់លក្ខណ៍ដែរ
33 ទ្រង់ធ្វើឲ្យជើងទូលបង្គំបានដូចជាជើងក្តាន់ក៏ដាក់ទូលបង្គំឲ្យឈរ នៅកន្លែងខ្ពស់របស់ទូលបង្គំ
34 ទ្រង់បង្ហាត់ដៃទូលបង្គំឲ្យស្ទាត់ច្បាំងឲ្យដៃទូលបង្គំអាចដំឡើងធ្នូលង្ហិនបាន។
35 ៙ ទ្រង់បានប្រទានខែល ជាសេចក្ដីសង្គ្រោះរបស់ទ្រង់មកទូលបង្គំព្រះហស្តស្តាំទ្រង់បានទប់ទល់ទូលបង្គំហើយសេចក្ដីស្រទន់របស់ទ្រង់ក៏ធ្វើឲ្យទូលបង្គំបានជាធំ
36 ទ្រង់បានធ្វើឲ្យជំហានទូលបង្គំបានទូលាយចេញទៅហើយជើងទូលបង្គំមិនបានរឥលភ្លាត់ឡើយ
37 ទូលបង្គំនឹងដេញតាមពួកខ្មាំងសត្រូវឲ្យទាន់ក៏មិនងាកបែរមកវិញ ដរាបដល់គេវិនាសបង់អស់រលីង
38 ទូលបង្គំនឹងចាក់ទំលុះគេ ឲ្យគេក្រោកឡើងវិញមិនរួចគេនឹងដួលនៅក្រោមជើងទូលបង្គំ
39 ដ្បិតទ្រង់បានក្រវាត់ទូលបង្គំ ដោយកំឡាំងសំរាប់ធ្វើចំបាំងទ្រង់បានបង្ក្រាបពួកអ្នកដែលលើកគ្នាទាស់នឹងទូលបង្គំឲ្យគេនៅក្រោមទូលបង្គំវិញ
40 ទ្រង់បានធ្វើឲ្យពួកខ្មាំងសត្រូវបែរខ្នងនៅមុខទូលបង្គំដើម្បីឲ្យទូលបង្គំបានប្រហារអស់អ្នកដែលស្អប់ទូលបង្គំ
41 គេបានស្រែកឡើង តែគ្មានអ្នកណាជួយសោះក៏អំពាវនាវដល់ព្រះយេហូវ៉ាតែទ្រង់មិនឆ្លើយមកឡើយ
42 ទូលបង្គំបានវាយគេកំទេចឲ្យល្អិតដូចផង់ធូលីដែលផាត់ដោយខ្យល់ទូលបង្គំបានបោះគេចោលចេញដូចជាភក់ពីផ្លូវ
43 ទ្រង់បានជួយទូលបង្គំ ឲ្យរួចពីសេចក្ដីទាស់ទែងនៃប្រជាជនទ្រង់បានតាំងទូលបង្គំឡើង ជាកំពូលលើអស់ទាំងនគរសាសន៍១ដែលទូលបង្គំមិនទាន់ស្គាល់នឹងមកគោរពប្រតិបត្តិដល់ទូលបង្គំ
44 វេលាណាដែលបានឮនិយាយពីទូលបង្គំនោះគេនឹងស្តាប់តាមភ្លាមពួកសាសន៍ដទៃនឹងគោរពចុះចូលចំពោះទូលបង្គំ
45 ពួកសាសន៍ដទៃនឹងត្រូវស្រពោនបាត់ទៅហើយនឹងចេញពីទីសំងាត់របស់ខ្លួន ដោយភ័យញ័រ
46 ព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅសូមសរសើរដល់ថ្មដានៃទូលបង្គំក៏សូមឲ្យព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ បានថ្កើងឡើង
47 គឺជាព្រះដ៏ជួយសងសឹកជំនួសទូលបង្គំហើយបង្ក្រាបអស់ទាំងសាសន៍ឲ្យបានចំណុះទូលបង្គំដែរ
48 ទ្រង់បានជួយទូលបង្គំ ឲ្យរួចពីពួកខ្មាំងសត្រូវអើ ទ្រង់បានលើកទូលបង្គំឡើង ខ្ពស់ជាងពួកអ្នកដែលលើកគ្នាទាស់នឹងទូលបង្គំទៅទៀតទ្រង់ក៏ជួយសង្គ្រោះទូលបង្គំ ឲ្យរួចពីមនុស្សច្រឡោតផង
49 ហេតុនោះ ឱព្រះយេហូវ៉ាអើយទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅកណ្តាលអស់ទាំងសាសន៍ដទៃហើយនឹងច្រៀងសរសើរដល់ព្រះនាមទ្រង់
50 ទ្រង់ប្រោសសេចក្ដីសង្គ្រោះយ៉ាងធំដល់ស្តេចរបស់ទ្រង់ក៏សំដែងសេចក្ដីសប្បុរស ដល់អ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យគឺដល់ដាវីឌ និងពូជពង្សតរៀងទៅ។