1 ឱព្រះដ៏ឃ្វាលសាសន៍អ៊ីស្រាអែលជាព្រះដែលនាំមុខពួកយ៉ូសែប ដូចជានាំហ្វូងចៀមអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ឱព្រះដែលគង់នៅកណ្តាលចេរូប៊ីនអើយ សូមភ្លឺមក
2 សូមបណ្តាលឥទ្ធិឫទ្ធិរបស់ទ្រង់ឡើងនៅចំពោះពួកអេប្រាអិម បេនយ៉ាមីន និងម៉ាន៉ាសេហើយយាងមកជួយសង្គ្រោះយើងខ្ញុំផង
3 ឱព្រះអង្គអើយ សូមបង្វិលយើងខ្ញុំមកវិញសូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមក នោះយើងខ្ញុំនឹងបានរួចហើយ។
4 ៙ ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយតើទ្រង់នឹងខ្ញាល់ទាស់នឹងសេចក្ដីអធិស្ឋានរបស់រាស្ត្រទ្រង់ដល់កាលណា
5 ទ្រង់បានឲ្យគេបរិភោគនំបុ័ងដែលនាំឲ្យស្រក់ទឹកភ្នែកព្រមទាំងឲ្យគេផឹកទឹកភ្នែកពេញរង្វាល់ហើយ
6 ទ្រង់បានធ្វើឲ្យយើងខ្ញុំត្រឡប់ជាសេចក្ដីទាស់ទែងគ្នាដល់ពួកអ្នកជិតខាងពួកខ្មាំងសត្រូវរបស់យើងខ្ញុំក៏សើចឡកក្នុងពួកគេ
7 ឱព្រះនៃពួកពលបរិវារអើយ សូមបង្វិលយើងខ្ញុំមកវិញសូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមក នោះយើងខ្ញុំនឹងបានរួចហើយ។
8 ៙ ទ្រង់បានយកដើមទំពាំងបាយជូរ១ពីស្រុកអេស៊ីព្ទមកក៏បណ្តេញអស់ទាំងសាសន៍ដទៃចេញហើយបានដាំដើមនោះវិញ
9 ទ្រង់បានរៀបកន្លែងនៅជុំវិញហើយដើមនោះក៏ចាក់ឫសបែកសាយទៅពេញក្នុងស្រុក
10 ម្លប់ដើមនោះបានគ្របពេញលើអស់ទាំងភ្នំហើយខ្នែងក៏បានដូចជាដើមតាត្រៅនៃព្រះ
11 បានបោះខ្នែងរហូតដល់សមុទ្រ ហើយលំពង់ដល់ទន្លេ
12 ហេតុអ្វីបានជាទ្រង់រំលំរបងចេញឲ្យអស់អ្នកដើរតាមនោះ បានបោចបំផ្លាញដូច្នេះ
13 ជ្រូកក៏ចេញពីព្រៃមកឈ្មុសហើយសត្វនៅវាលក៏ស៊ីបំផ្លាញដែរ
14 ឱព្រះនៃពួកពលបរិវារអើយ យើងខ្ញុំអង្វរដល់ទ្រង់សូមបែរមកវិញ ហើយទតពីលើស្ថានសួគ៌មកមើលព្រមទាំងប្រោសដើមទំពាំងបាយជូរនេះផង
15 គឺជាដើមដែលព្រះហស្តស្តាំទ្រង់បានដាំជាខ្នែងដែលទ្រង់បានធ្វើឲ្យមានកំឡាំងសំរាប់អង្គទ្រង់
16 ដើមនេះត្រូវភ្លើងឆេះ ហើយត្រូវកាប់ចេញគេត្រូវវិនាសដោយព្រះភក្ត្រទ្រង់ទតបន្ទោស
17 សូមឲ្យព្រះហស្តទ្រង់ថែរក្សាដល់អ្នកដែលព្រះហស្តស្តាំទ្រង់បានតាំងឡើងគឺជាកូនមនុស្សដែលទ្រង់បានធ្វើឲ្យមានកំឡាំងសំរាប់អង្គទ្រង់
18 យ៉ាងនោះ យើងខ្ញុំនឹងមិនថយចេញពីទ្រង់ឡើយសូមប្រោសឲ្យយើងខ្ញុំមានជីវិតឡើងវិញនោះយើងខ្ញុំនឹងអំពាវនាវដល់ព្រះនាមទ្រង់
19 ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយសូមបង្វិលយើងខ្ញុំមកវិញសូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមក នោះយើងខ្ញុំនឹងបានរួចហើយ។