1 ការរំលងច្បាប់របស់មនុស្សអាក្រក់នោះសំដែងក្នុងចិត្តខ្ញុំថានៅភ្នែកគេគ្មានសេចក្ដីកោតខ្លាចដល់ព្រះទេ
2 ដ្បិតនៅភ្នែកគេក៏មើលខ្លួនជាគួរបញ្ចើចបញ្ចើវិញដោយថា សេចក្ដីទុច្ចរិតរបស់ខ្លួន មិនដែលមានអ្នកណាឃើញ ឬស្អប់ឡើយ
3 អស់ទាំងពាក្យដែលចេញពីមាត់គេ សុទ្ធតែជាសេចក្ដីទុច្ចរិត ហើយភូតភរទទេគេបានលែងមានប្រាជ្ញា ក៏មិនប្រព្រឹត្តល្អដែរ
4 គេដេកគិតបង្កើតការទុច្ចរិតនៅលើដំណេកខ្លួនក៏តាំងខ្លួនដើរតាមផ្លូវដែលមិនល្អគេមិនចេះខ្ពើមការអាក្រក់ឡើយ។
5 ៙ ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសនៃទ្រង់ខ្ពស់ដល់ផ្ទៃមេឃសេចក្ដីស្មោះត្រង់នៃទ្រង់ក៏ដល់ពពកផង
6 សេចក្ដីសុចរិតរបស់ទ្រង់ដូចជាភ្នំនៃព្រះសេចក្ដីវិនិច្ឆ័យរបស់ទ្រង់ដូចមហាសមុទ្រដ៏ជ្រៅឱព្រះយេហូវ៉ាអើយ ទ្រង់ទំនុកបំរុងទាំងមនុស្សនិងសត្វផង
7 ឱព្រះអង្គអើយ សេចក្ដីសប្បុរសនៃទ្រង់ថ្លៃវិសេសយ៉ាងណាហ្ន៎ពួកមនុស្សលោកក៏ជ្រកនៅម្លប់នៃស្លាបទ្រង់
8 គេនឹងបានឆ្អែត ដោយរបស់ដ៏បរិបូរក្នុងដំណាក់ទ្រង់ហើយទ្រង់នឹងឲ្យគេផឹកពីទន្លេនៃសេចក្ដីអំណររបស់ទ្រង់
9 ដ្បិតឯជ្រោះនៃជីវិត នោះនៅជាមួយនឹងទ្រង់នៅក្នុងពន្លឺនៃទ្រង់ នោះយើងខ្ញុំនឹងបានភ្លឺ
10 ឱសូមទ្រង់ចេះតែផ្តល់សេចក្ដីសប្បុរសដល់អស់អ្នកដែលស្គាល់ទ្រង់តទៅហើយសេចក្ដីសុចរិតរបស់ទ្រង់ ដល់អស់អ្នកដែលមានចិត្តទៀងត្រង់ផង
11 សូមកុំឲ្យជើងរបស់មនុស្សឆ្មើងឆ្មៃ មកទាស់នឹងទូលបង្គំឬដៃនៃមនុស្សអាក្រក់មកបណ្តេញទូលបង្គំឡើយ
12 សូមឲ្យពួកអ្នកដែលប្រព្រឹត្តអាក្រក់នោះបានដួលចុះឲ្យគេត្រូវទំលាក់ទៅឥតក្រោកឡើងវិញបានឡើយ។