1 ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំហើយគង់ឆ្ងាយឥតជួយទូលបង្គំ ឬស្តាប់សេចក្ដីដំងូររបស់ទូលបង្គំដូច្នេះ
2 ឱព្រះនៃទូលបង្គំអើយ ទូលបង្គំអំពាវនាវនៅពេលថ្ងៃតែទ្រង់មិនមានព្រះបន្ទូលឆ្លើយមកសោះក៏ស្រែកនៅពេលយប់ផង តែទូលបង្គំមិនចេះស្រាកស្បើយឡើយ
3 ប៉ុន្តែ ឱព្រះដែលបានតាំងឡើង ក្នុងទំនុកសរសើររបស់អ៊ីស្រាអែលអើយ ទ្រង់បរិសុទ្ធ
4 ពួកអយ្យកោយើងខ្ញុំបានទុកចិត្តនឹងទ្រង់គេបានទុកចិត្ត ហើយទ្រង់បានប្រោសឲ្យរួច
5 គេបានអំពាវនាវដល់ទ្រង់ ហើយបានរួចចេញគេបានទុកចិត្តនឹងទ្រង់ ហើយមិនត្រូវខ្មាសឡើយ
6 ចំណែកទូលបង្គំៗជាដង្កូវ មិនមែនជាមនុស្សទេជាទីត្មះតិះដៀលរបស់មនុស្ស ហើយជាទីស្អប់ខ្ពើមនៃពួកបណ្តាជន
7 អស់អ្នកដែលឃើញទូលបង្គំក៏ឡកឡឺយឲ្យគេបូញមាត់ ហើយគ្រវីក្បាល ដោយថា
8 វាបានទុកចិត្តនឹងព្រះយេហូវ៉ា ថាទ្រង់នឹងប្រោសឲ្យរួចចូរឲ្យទ្រង់ជួយសង្គ្រោះវាចុះ ដ្បិតវាបានយកទ្រង់ជាទីគាប់ចិត្តហើយ
9 ប៉ុន្តែ គឺទ្រង់ដែលបានធ្វើឲ្យទូលបង្គំចេញពីផ្ទៃម្តាយមកទ្រង់បានឲ្យទូលបង្គំទុកចិត្ត ក្នុងកាលដែលនៅបៅដោះម្តាយនៅឡើយ
10 ទូលបង្គំបានត្រូវទំលាក់លើទ្រង់ តាំងពីផ្ទៃម្តាយមកតាំងពីម្តាយសំរាលទូលបង្គំមក នោះទ្រង់ជាព្រះនៃទូលបង្គំហើយ
11 សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយដ្បិតសេចក្ដីទុក្ខមកជិតហើយ ឥតមានអ្នកណានឹងជួយសោះ
12 មានគោឈ្មោលជាច្រើនបានព័ទ្ធទូលបង្គំជុំវិញគឺគោឈ្មោលយ៉ាងខ្លាំងពីស្រុកបាសានវាបានឡោមទូលបង្គំជុំវិញ
13 វាហាមាត់ដាក់ទូលបង្គំប្រៀបដូចជាសិង្ហ ដែលហែកស៊ីទាំងគ្រហឹម
14 ទូលបង្គំត្រូវច្រួចចេញ ដូចជាទឹកហើយអស់ទាំងឆ្អឹងនៃទូលបង្គំសណ្តកចេញពីគ្នាចិត្តទូលបង្គំទុកដូចជាក្រមួនដែលរលាយនៅក្នុងខ្លួនហើយ
15 កំឡាំងទូលបង្គំហួតខ្សោះទៅ ដូចអំបែងឆ្នាំងអណ្តាតទូលបង្គំជាប់នៅក្រអូមមាត់ទ្រង់បាននាំទូលបង្គំចុះទៅក្នុងធូលីនៃសេចក្ដីស្លាប់
16 ព្រោះមានឆ្កែមកឡោមព័ទ្ធទូលបង្គំហើយមានពួកមនុស្សអាក្រក់ដើរក្រវែលជុំវិញទូលបង្គំគេបានចាក់ទំលុះដៃជើងនៃទូលបង្គំ
17 អស់ទាំងឆ្អឹងក្នុងរាងកាយនៃទូលបង្គំរាប់បានទាំងអស់គេគន់មើល ហើយសំឡឹងមកទូលបង្គំ
18 គេយកសំលៀកបំពាក់ទូលបង្គំចែកគ្នាឯអាវវែងរបស់ទូលបង្គំ គេក៏ធ្វើឆ្នោតចាប់យក
19 ឱព្រះយេហូវ៉ាអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយឱព្រះដ៏ជាកំឡាំងនៃទូលបង្គំអើយសូមយាងមកជួយទូលបង្គំជាប្រញាប់ផង
20 សូមដោះព្រលឹងទូលបង្គំឲ្យរួចពីដាវហើយដួងជីវិតនៃទូលបង្គំឲ្យរួចពីអំណាចឆ្កែ
21 សូមជួយសង្គ្រោះទូលបង្គំចេញពីមាត់សិង្ហអើ ឲ្យរួចពីស្នែងគោព្រៃផងដ្បិតទ្រង់បានស្តាប់ទូលបង្គំហើយ។
22 ៙ ទូលបង្គំនឹងប្រកាសប្រាប់ពីព្រះនាមទ្រង់ដល់ពួកបងប្អូនទូលបង្គំនឹងសរសើរដំកើងទ្រង់ នៅកណ្តាលពួកជំនុំ
23 ឯអ្នករាល់គ្នាដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយចូរសរសើរទ្រង់ចុះអស់អ្នកដែលជាពូជយ៉ាកុបអើយ ចូរដំកើងទ្រង់ឡើងអស់ពូជពង្សនៃអ៊ីស្រាអែលអើយ ចូរកោតខ្លាចនៅចំពោះទ្រង់ចុះ
24 ដ្បិតទ្រង់មិនបានមើលងាយ ឬខ្ពើមឆ្អើមចំពោះសេចក្ដីទុក្ខលំបាករបស់មនុស្សដែលគេរងទុក្ខនោះឡើយក៏មិនបានលាក់ព្រះភក្ត្រនឹងអ្នកនោះដែរគឺកាលអ្នកនោះបានអំពាវនាវរកទ្រង់នោះទ្រង់បានស្តាប់តាម
25 ទ្រង់ជាដើមហេតុនៃការដែលទូលបង្គំសរសើរនៅក្នុងជំនុំធំទូលបង្គំនឹងលាបំណន់របស់ទូលបង្គំ នៅចំពោះមុខពួកអ្នកដែលកោតខ្លាចដល់ទ្រង់
26 ឯមនុស្សរាបទាប គេនឹងបានបរិភោគឆ្អែតអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងសរសើរដល់ទ្រង់សូមឲ្យចិត្តអ្នករាល់គ្នាប្រកបដោយសេចក្ដីចំរើនជានិច្ច
27 គ្រប់ទាំងទីបំផុតនៃផែនដី នឹងនឹកដល់ព្រះយេហូវ៉ាហើយត្រឡប់បែរមកឯទ្រង់អស់ទាំងពូជពង្សនៃនគរទាំងឡាយនឹងថ្វាយបង្គំនៅចំពោះទ្រង់
28 ដ្បិតអំណាចគ្រប់គ្រងជារបស់ផងព្រះយេហូវ៉ាទ្រង់ជាចៅហ្វាយលើអស់ទាំងនគរ
29 អស់អ្នកមានចិត្តស្កប់ស្កល់នៅផែនដីនឹងបរិភោគព្រមទាំងថ្វាយបង្គំផងអស់អ្នកដែលចុះទៅក្នុងធូលី នឹងឱនក្រាបនៅចំពោះទ្រង់ហើយទាំងអ្នកដែលមិនអាចនឹងរក្សាជីវិតខ្លួនបានផង
30 នឹងមានពូជពង្ស១គោរពប្រតិបត្តិដល់ទ្រង់គេនឹងថ្លែងប្រាប់ពីព្រះអម្ចាស់ ដល់ដំណមនុស្សក្រោយតទៅ
31 គេនឹងមក ហើយនឹងប្រាប់ពីសេចក្ដីសុចរិតរបស់ទ្រង់ដល់មនុស្ស១ពួក ដែលមិនទាន់កើតមកថាគឺទ្រង់ដែលបានធ្វើការនោះ។