1 សូមព្រះអង្គទ្រង់ឈរឡើងឲ្យពួកខ្មាំងសត្រូវទ្រង់ត្រូវខ្ចាត់ខ្ចាយទៅហើយឲ្យអស់អ្នកដែលស្អប់ទ្រង់ រត់ពីចំពោះទ្រង់ចេញ
2 សូមទ្រង់បណ្តេញគេចេញដូចជាផ្សែងត្រូវផាត់បាត់ទៅដែរសូមឲ្យពួកមនុស្សអាក្រក់វិនាសបាត់ពីចំពោះព្រះទៅដូចជាក្រមួនដែលរលាយទៅ នៅចំពោះភ្លើង
3 តែសូមឲ្យមនុស្សសុចរិតបានរីករាយសប្បាយវិញឲ្យគេបានត្រេកអរនៅចំពោះព្រះចុះអើ សូមឲ្យគេបានរីករាយឡើងដោយសេចក្ដីអំណរផង
4 ចូរច្រៀងថ្វាយព្រះ ចូរច្រៀងសរសើរដល់ព្រះនាមទ្រង់ចូរលើកថ្នល់ឡើងថ្វាយព្រះ ដែលទ្រង់ជិះយាងកាត់ទីរហោស្ថានមកទ្រង់ព្រះនាមជាព្រះយេហូវ៉ាចូរលោតកញ្ឆេងនៅចំពោះទ្រង់ចុះ
5 ឯព្រះដែលគង់នៅក្នុងទីលំនៅបរិសុទ្ធទ្រង់ជាឪពុកដល់ពួកកំព្រានិងជាចៅក្រមដល់ពួកមេម៉ាយ
6 ព្រះទ្រង់ប្រោសមនុស្សត្រមោចឲ្យបែកជាគ្រួសារឡើងទ្រង់នាំពួកឈ្លើយឲ្យចេញមកឯសេចក្ដីចំរើនតែពួករឹងចចេសត្រូវអាស្រ័យនៅស្រុកហួតហែងវិញ។
7 ៙ ឱព្រះអង្គអើយ កាលទ្រង់បានយាងចេញនាំមុខរាស្ត្រទ្រង់ទៅនៅវេលាដែលទ្រង់បានយាងកាត់ទីហោស្ថាន។បង្អង់
8 នោះផែនដីក៏ញ័រ ហើយមេឃក៏ធ្លាក់មកជាភ្លៀងនៅចំពោះទ្រង់ភ្នំស៊ីណាយក៏កក្រើកញ័រ នៅចំពោះព្រះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល
9 ឱព្រះអង្គអើយ ទ្រង់បានបង្អុរភ្លៀងជាបរិបូរក៏បានតាំងមរដកទ្រង់ដែលហេវនោះ ឲ្យជាប់មាំមួនឡើង
10 ពួកកងរបស់ទ្រង់បានអាស្រ័យនៅស្រុកនោះឱព្រះអង្គអើយទ្រង់បានផ្គត់ផ្គង់ដល់ពួកមនុស្សក្រីក្រដោយសេចក្ដីសប្បុរសនៃទ្រង់
11 ព្រះអម្ចាស់ទ្រង់ប្រទានព្រះបន្ទូលហើយពួកអ្នកដែលប្រកាសប្រាប់ដំណឹងនោះមានគ្នាច្រើនណាស់
12 ពួកស្តេចនៃកងទ័ពក៏រត់ គេរត់ទៅហើយពួកស្រីៗ ដែលនៅផ្ទះក៏ចែករបឹបគ្នា
13 ទោះបើអ្នករាល់គ្នាបានដេកនៅកណ្តាលក្រោលសត្វគង់តែនឹងមានស្លាបដូចជាព្រាបដែលស្រោបដោយប្រាក់ហើយរោមក៏ស្រោបដោយមាសលឿង
14 នៅវេលាដែលព្រះដ៏មានព្រះចេស្តាបំផុត ទ្រង់កំចាត់ពួកស្តេចនៅក្នុងស្រុកនោះបានដូចជាវេលាដែលហិមៈធ្លាក់នៅលើភ្នំសាលម៉ូន។
15 ភ្នំបាសានជាភ្នំនៃព្រះ ភ្នំបាសានក៏មានកំពូលខ្ពស់
16 ឱភ្នំដ៏មានកំពូលខ្ពស់អើយ ហេតុអ្វីបានជាមើលដោយច្រណែនដល់ភ្នំដែលព្រះសព្វព្រះហឫទ័យយកជាទីលំនៅដូច្នេះអើ ព្រះយេហូវ៉ាទ្រង់នឹងគង់នៅភ្នំនោះអស់កល្បជានិច្ច
17 អស់ទាំងរាជរថរបស់ព្រះ នោះមានចំនួន២ម៉ឺនគឺទាំងពាន់ៗព្រះអម្ចាស់ទ្រង់ក៏គង់នៅកណ្តាល ដូចក្នុងទីបរិសុទ្ធនៅភ្នំស៊ីណាយ
18 ទ្រង់បានយាងឡើងទៅឯស្ថានខ្ពស់ ទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយព្រមទាំងទទួលអំណោយទានសំរាប់ចែកឲ្យដល់មនុស្សគឺដល់ទាំងមនុស្សបះបោរផង ដើម្បីឲ្យព្រះដ៏ជាព្រះយេហូវ៉ាបានគង់នៅជាមួយនឹងគេ
19 សូមឲ្យព្រះអម្ចាស់បានប្រកបដោយព្រះពរដែលទ្រង់ទទួលយកបន្ទុកយើងខ្ញុំរាល់ៗថ្ងៃគឺជាព្រះដ៏ជាទីសង្គ្រោះដល់យើងខ្ញុំ។-បង្អង់
20 ៙ ព្រះទ្រង់ជាព្រះដែលប្រោសឲ្យយើងខ្ញុំរួចហើយសេចក្ដីរួចពីស្លាប់ក៏ស្រេចនៅព្រះយេហូវ៉ាជាព្រះអម្ចាស់ដែរ
21 តែព្រះទ្រង់នឹងវាយបំបែកក្បាលពួកខ្មាំងសត្រូវទ្រង់និងស្បែកក្បាលរបស់អស់អ្នកដែលចេះតែដើរក្នុងសេចក្ដីកំហុសរបស់ខ្លួនដែរ
22 ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាអញនឹងនាំគេត្រឡប់មកពីស្រុកបាសានអញនឹងនាំគេឲ្យវិលពីបាតសមុទ្រមកវិញ
23 ដើម្បីឲ្យឯងបានជាន់ឈ្លីគេព្រមទាំងជ្រលក់ជើងឯងក្នុងឈាមផងប្រយោជន៍ឲ្យអណ្តាតឆ្កែបានចំណែកនៃខ្មាំងសត្រូវរបស់ទ្រង់ដែរ
24 ឱព្រះអង្គអើយ គេបានឃើញការយាងយាសនៃទ្រង់ជាដំណើររបស់ព្រះនៃទូលបង្គំ គឺជាស្តេចនៃទូលបង្គំដែលទ្រង់យាងចូលទៅក្នុងទីបរិសុទ្ធ
25 ពួកចំរៀងបានដើរនាំមុខ ពួកភ្លេងបានដើរតាមក្រោយនៅកណ្តាលពួកស្រីក្រមុំដែលវាយក្រាប់
26 ឱអស់អ្នកដែលកើតពីទីកំណើតនៃអ៊ីស្រាអែលអើយចូរលើកដំកើងព្រះ គឺជាព្រះអម្ចាស់ នៅក្នុងពួកជំនុំ
27 នៅទីនោះមានបេនយ៉ាមីន ជាពៅបង្អស់ដែលគ្រប់គ្រងលើគេពួកចៅហ្វាយនៃយូដា និងក្រុមជំនុំរបស់គេព្រមទាំងពួកចៅហ្វាយនៃសាប់យូល៉ូនហើយពួកចៅហ្វាយនៃណែបថាលីផង
28 ព្រះនៃឯង ទ្រង់បានបង្គាប់ឲ្យផ្តល់កំឡាំងដល់ឯងឱព្រះអង្គអើយ សូមចំរើនកំឡាំង ចំពោះអស់ទាំងការដែលទ្រង់បានប្រោសដល់យើងខ្ញុំផង
29 ឯពួកស្តេច គេនឹងនាំយកដង្វាយមកថ្វាយទ្រង់ដោយយល់ដល់ព្រះវិហារនៃទ្រង់ដែលនៅក្រុងយេរូសាឡិម
30 សូមស្តីបន្ទោសដល់សត្វ ដែលនៅកណ្តាលដើមត្រែងនិងហ្វូងគោឈ្មោល ព្រមទាំងកូនគោនៃសាសន៍ទាំងឡាយផងឲ្យគ្រប់គ្នាមកក្រាបចុះ ថ្វាយប្រាក់ទាំងដុំៗទ្រង់បានកំចាត់កំចាយអស់ទាំងសាសន៍ដែលពេញចិត្តនឹងការសឹកសង្គ្រាម
31 ពួកអ្នកធំនឹងចេញពីស្រុកអេស៊ីព្ទមកឯស្រុកអេធីយ៉ូពី នឹងប្រញាប់ប្រវាដៃទៅឯព្រះដែរ។
32 ៙ អស់ទាំងនគរនៅផែនដីអើយចូរច្រៀងថ្វាយព្រះឱចូរច្រៀងសរសើរដល់ព្រះអម្ចាស់ចុះ –បង្អង់
33 គឺដល់ព្រះដែលទ្រង់យាងលើផ្ទៃមេឃនៃអស់ទាំងជាន់ផ្ទៃមេឃ ដ៏នៅតាំងពីបូរាណមកន៏ ទ្រង់បញ្ចេញព្រះសូរសៀងគឺជាសំនៀងដ៏ខ្លាំងក្រៃលែង
34 ចូរសរសើរថា ព្រះទ្រង់មានព្រះចេស្តាឫទ្ធានុភាពនៃទ្រង់គ្របលើសាសន៍អ៊ីស្រាអែលហើយព្រះចេស្តាទ្រង់ក៏នៅលើលើផ្ទៃមេឃ
35 ឱព្រះអង្គ ទ្រង់គួរស្ញែងខ្លាចនៅក្នុងទីបរិសុទ្ធរបស់ទ្រង់ព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រទានកំឡាំងនិងអំណាចដល់រាស្ត្រទ្រង់សូមឲ្យព្រះបានប្រកបដោយព្រះពរចុះ។