1 ចូរសរសើរដល់ព្រះយេហូវ៉ាចូរសរសើរដល់ព្រះនាមព្រះយេហូវ៉ាឱពួកអ្នកបំរើរបស់ព្រះយេហូវ៉ាអើយ ចូរសរសើរទ្រង់ចុះ
2 ពួកអ្នករាល់គ្នាដែលឈរនៅក្នុងដំណាក់នៃព្រះយេហូវ៉ាគឺក្នុងទីព្រះលាននៃដំណាក់របស់ព្រះនៃយើងខ្ញុំអើយ
3 ចូរសរសើរដល់ព្រះយេហូវ៉ាដ្បិតព្រះយេហូវ៉ាទ្រង់ល្អចូរច្រៀងសរសើរដល់ព្រះនាមទ្រង់ ដ្បិតនោះពីរោះហើយ
4 ព្រោះព្រះយេហូវ៉ាបានរើសយ៉ាកុប ទុកសំរាប់ទ្រង់គឺអ៊ីស្រាអែល ឲ្យបានដាច់ជារបស់ផងទ្រង់
5 ពីព្រោះខ្ញុំដឹងថា ព្រះយេហូវ៉ាទ្រង់ធំហើយថា ព្រះអម្ចាស់នៃយើងខ្ញុំទ្រង់ខ្ពស់លើសជាងអស់ទាំងព្រះ
6 ការអ្វីក៏ដោយ ដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យចង់ធ្វើនោះក៏បានធ្វើទៅ ទាំងនៅលើមេឃ នៅផែនដីនៅក្នុងសមុទ្រហើយនៅទីជំរៅទាំងប៉ុន្មានផង
7 ទ្រង់បណ្តាលឲ្យចំហាយទឹកឡើងពីចុងផែនដីមកទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរសំរាប់ភ្លៀងក៏បញ្ចេញខ្យល់ពីឃ្លាំងទ្រង់មកដែរ
8 គឺទ្រង់ដែលបានប្រហារអស់ទាំងកូនច្បងរបស់សាសន៍អេស៊ីព្ទទាំងមនុស្ស ហើយនឹងសត្វផង។
9 ៙ ឱស្រុកអេស៊ីព្ទអើយ ទ្រង់បានចាត់ប្រើទីសំគាល់និងការអស្ចារ្យ ទៅកណ្តាលឯងហើយគឺឲ្យកើតដល់ផារ៉ោន និងពួកមហាតលិកទាំងអស់គ្នា
10 ទ្រង់ក៏បានប្រហារសាសន៍ដទៃជាច្រើនព្រមទាំងសំឡាប់ស្តេចជាច្រើនអង្គដែលមានអានុភាពខ្លាំងផង
11 គឺស៊ីហុន ជាស្តេចសាសន៍អាម៉ូរីនិងអុក ជាស្តេចស្រុកបាសានហើយអស់ទាំងនគរនៅស្រុកកាណានទៀត
12 ទ្រង់ក៏ប្រទានស្រុករបស់គេ ទុកជាមរដកគឺជាមរដកដល់អ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់។
13 ៙ ឱព្រះយេហូវ៉ាអើយ ព្រះនាមទ្រង់ស្ថិតស្ថេរនៅជាដរាបឱព្រះយេហូវ៉ាអើយ សេចក្ដីនឹកចាំពីទ្រង់ក៏ស្ថិតស្ថេរនៅដរាបដល់អស់ទាំងដំណមនុស្សតទៅ
14 ដ្បិតព្រះយេហូវ៉ាទ្រង់នឹងវិនិច្ឆ័យរាស្ត្រទ្រង់ហើយនឹងប្រែព្រះហឫទ័យចំពោះពួកអ្នកបំរើទ្រង់។
15 ៙ អស់ទាំងព្រះរបស់សាសន៍ដទៃសុទ្ធតែជារូបធ្វើពីប្រាក់ និងមាសប៉ុណ្ណោះជារបស់ដែលដៃមនុស្សបានធ្វើមក
16 រូបទាំងនោះមានមាត់ តែមិនចេះនិយាយមានភ្នែក តែមើលមិនឃើញ
17 មានត្រចៀក តែស្តាប់មិនឮក៏គ្មានខ្យល់ដង្ហើមនៅក្នុងមាត់ផង
18 ពួកជាងដែលធ្វើរូបទាំងនោះក៏ដូចជារូបនោះឯងព្រមទាំងពួកអ្នកដែលទុកចិត្តនឹងរូបនោះផង។
19 ៙ ឱពូជពង្សអ៊ីស្រាអែលអើយ ចូរសូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរឱវង្សអើរ៉ុនអើយ ចូរសូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ
20 ឱវង្សលេវីអើយ ចូរសូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរហើយអស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយចូរសូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរចុះ
21 សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរពីក្រុងស៊ីយ៉ូនមកជាព្រះដែលទ្រង់គង់នៅក្រុងយេរូសាឡិមចូរសរសើរដល់ព្រះយេហូវ៉ាចុះ។