1 ឱព្រះយេហូវ៉ាអើយ សូមស្តាប់សេចក្ដីដែលទៀងត្រង់សូមប្រុងស្តាប់សំរែកនៃទូលបង្គំផងសូមផ្ទៀងព្រះកាណ៌ ស្តាប់សេចក្ដីអធិស្ឋានរបស់ទូលបង្គំជាសេចក្ដីអធិស្ឋាន ដែលមិនចេញពីបបូរមាត់មានពុតទេ
2 សូមឲ្យការសំរេចក្តីរបស់ទូលបង្គំ បានចេញពីចំពោះទ្រង់មកសូមឲ្យព្រះនេត្រទ្រង់ទតចំពោះសេចក្ដីទៀងត្រង់
3 ទ្រង់បានសាកលចិត្តទូលបង្គំហើយ ទ្រង់បានពិចារណាទូលបង្គំនៅវេលាយប់ទ្រង់បានពិនិត្យរឿងទូលបង្គំ ឥតឃើញកំហុសអ្វីសោះទូលបង្គំបានសំរេចចិត្តថា មិនឲ្យមាត់រំលងច្បាប់ឡើយ
4 ឯត្រង់ការប្រព្រឹត្តរបស់មនុស្ស នោះទូលបង្គំបានរវាំងខ្លួនឲ្យរួចពីផ្លូវនៃមនុស្សច្រឡោត ដោយសារព្រះបន្ទូលពីព្រះឱស្ឋទ្រង់
5 ទូលបង្គំបានឈានជាប់ទៅតាមផ្លូវច្រករបស់ទ្រង់ជើងទូលបង្គំមិនបានរឥលឡើយ
6 ឱព្រះអង្គអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ដ្បិតទ្រង់នឹងមានព្រះបន្ទូលឆ្លើយមកទូលបង្គំសូមទ្រង់ផ្អៀងព្រះកាណ៌មកស្តាប់ពាក្យរបស់ទូលបង្គំផង
7 ឱព្រះដ៏ជួយសង្គ្រោះដោយព្រះហស្តស្តាំចំពោះអស់អ្នកដែលពឹងទ្រង់ឲ្យគេបានរួចពីអ្នកតតាំងអើយសូមទ្រង់សំដែងសេចក្ដីសប្បុរសដ៏ប្រាកដច្បាស់មកផង
8 សូមការពាររក្សាទូលបង្គំ ដូចជាប្រស្រីភ្នែកសូមបាំងទូលបង្គំ នៅក្រោមម្លប់ចំអេងស្លាបរបស់ទ្រង់
9 ឲ្យទូលបង្គំបានរួចពីមនុស្សអាក្រក់ដែលសង្កត់សង្កិនទូលបង្គំជាពួកសត្រូវយ៉ាងសាហាវ ដែលឡោមព័ទ្ធទូលបង្គំជុំវិញ
10 គេបិទភ្ជិតជុំវិញ ដោយខ្លាញ់របស់គេហើយមាត់គេពោលតែពាក្យព្រហើន
11 ឥឡូវនេះគេបានព័ទ្ធយើងខ្ញុំជុំវិញ នៅអស់ទាំងជំហានរបស់យើងខ្ញុំហើយគេផ្តោតភ្នែកជាប់នឹងយើងខ្ញុំ ដើម្បីផ្តួលដល់ដី
12 គេដូចជាសត្វសិង្ហ ដែលរវះរវាមនឹងហែកស៊ីហើយដូចជាកូនសិង្ហ ដែលលបចាំនៅទីស្ងាត់កំបាំង
13 ឱព្រះយេហូវ៉ាអើយសូមទ្រង់ក្រោកឡើងរាំងផ្លូវគេសូមផ្តួលគេចុះ ហើយជួយព្រលឹងទូលបង្គំឲ្យរួចពីមនុស្សអាក្រក់ដោយសារដាវនៃទ្រង់
14 ឲ្យរួចពីមនុស្សដោយព្រះហស្តទ្រង់ ឱព្រះយេហូវ៉ាអើយគឺឲ្យរួចពីមនុស្សនៅលោកីយ៍នេះ ដែលមានចំណែករបស់គេនៅតែក្នុងជីវិតនេះប៉ុណ្ណោះហើយដែលពោះគេបានឆ្អែត ដោយសារទ្រព្យរបស់ទ្រង់គេបានស្កប់ចិត្តដោយមានកូនច្រើនហើយក៏ចែកសំណល់នៃសម្បត្តិគេដល់កូនង៉ែតរបស់ខ្លួន
15 ឯទូលបង្គំវិញទូលបង្គំនឹងរំពឹងមើលព្រះភក្ត្រទ្រង់ដោយសេចក្ដីសុចរិតកាលណាទូលបង្គំភ្ញាក់ឡើង នោះនឹងបានស្កប់ចិត្តដោយឃើញរូបអង្គទ្រង់។