ទំនុក‌ដំកើង 107 KHOV

ប៉ែក​ទី​៥

ចូរ​លើក​ដំកើង​ព្រះ​ជា​ព្រះ‌សង្គ្រោះ

1 ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ាដ្បិត​ទ្រង់​ល្អសេចក្ដី​សប្បុរស​នៃ​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជានិច្ច

2 គួរ​ឲ្យ​ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​លោះបាន​ថា​ដូច្នេះ​ដែរគឺ​អស់​អ្នក​ដែល​ទ្រង់​បាន​លោះឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​នោះ

3 ហើយ​ប្រមូល​មក​ពី​គ្រប់​ទាំង​ស្រុកគឺ​ពី​ទិស​ខាង​កើត ទិស​ខាង​លិច ទិស​ខាង​ជើងហើយ​ទិស​ខាង​ត្បូង​ផង។

4 ៙ គេ​បាន​ដើរ​សាត់​អណ្តែត តាម​ផ្លូវ​ស្ងាត់​ឈឹងក្នុង​ទី​រហោ‌ស្ថានគេ​រក​ទី​ក្រុង​ណា​ដែល​ល្មម​អាស្រ័យ​នៅ​មិន​បាន​ឡើយ

5 ព្រលឹង​គេ​ក៏​ហេវ​ទៅ ដោយ​ស្រេក​ឃ្លាន

6 គ្រា​នោះ គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ាដោយ​សេចក្ដី​វេទនា​របស់​គេហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្ដី​លំបាក​នោះ

7 ទ្រង់​បាន​នាំ​គេ​តាម​ផ្លូវ​ត្រង់​វិញដើម្បី​ឲ្យ​គេ​ចូល​ដល់​ទី​ក្រុង​ដែល​អាស្រ័យ​នៅ​បាន

8 ឱ​សូម​ឲ្យ​មនុស្ស​ទាំង‌ឡាយ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាដោយ​ព្រោះ​សេចក្ដី​សប្បុរស​របស់​ទ្រង់ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យដែល​ទ្រង់​បាន​ប្រោស​ដល់​មនុស្ស​ជាតិ

9 ដ្បិត​ទ្រង់​ប្រោស​ព្រលឹង​ដែល​សង្វាត ឲ្យ​បាន​ស្កប់‌ស្កល់ហើយ​ទ្រង់​ចំអែត​ព្រលឹង​ដែល​ស្រេក​ឃ្លានដោយ​សេចក្ដី​ល្អ។

10 ៙ ឯ​អស់​អ្នក​ដែល​អង្គុយ​នៅ​ទី​ងងឹតហើយ​ក្នុង​ម្លប់​នៃ​សេចក្ដី​ស្លាប់ជា​ពួក​អ្នក​ដែល​ជាប់​មាន​សេចក្ដី​វេទនាហើយ​នឹង​ចំណង​ច្រវាក់

11 ដោយ​ព្រោះ​គេ​បាន​បះ‌បោរ​នឹង​ព្រះ‌បន្ទូល​នៃ​ព្រះហើយ​បាន​មើល‌ងាយ​ដល់​សេចក្ដី​ដំបូន្មានរបស់​ព្រះ​ដ៏​ខ្ពស់​បំផុត

12 បាន​ជា​ទ្រង់​បន្ទាប​ចិត្ត​គេដោយ​ការ​នឿយ‌ហត់គេ​បាន​ដួល​ចុះ ឥត​មាន​អ្នក​ណា​ជួយ​ឡើយ

13 គ្រា​នោះ គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ាដោយ​សេចក្ដី​វេទនា​របស់​គេហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្ដី​លំបាក​នោះ

14 ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ទី​ងងឹត និង​ម្លប់​នៃ​សេចក្ដី​ស្លាប់ព្រម​ទាំង​បណ្តាច់​ចំណង​គេ​ផង

15 ឱ​សូម​ឲ្យ​មនុស្ស​ទាំង‌ឡាយ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាដោយ​ព្រោះ​សេចក្ដី​សប្បុរស​របស់​ទ្រង់ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យដែល​ទ្រង់​បាន​ប្រោស​ដល់​មនុស្ស​ជាតិ

16 ដ្បិត​ទ្រង់​បាន​ទំលាយ​អស់​ទាំង​ទ្វារ​លង្ហិនហើយ​បំបាក់​រនុក​ដែក​ដែរ។

17 ៙ ឯ​ពួក​មនុស្ស​មោហោ គេ​រមែង​មាន​ទុក្ខដោយ​ព្រោះ​ការ​រំលង​ច្បាប់ និង​អំពើ​ទុច្ចរិត​របស់​គេ

18 ព្រលឹង​គេ​តែង‌តែ​ខ្ពើម​អាហារ​គ្រប់​មុខហើយ​គេ​ចូល​ទៅ​ជិត​ទ្វារ​នៃ​សេចក្ដី​ស្លាប់

19 គ្រា​នោះ គេ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ាដោយ​សេចក្ដី​វេទនា​របស់​គេហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្ដី​លំបាក​នោះ

20 ទ្រង់​ចាត់​ព្រះ‌បន្ទូល​ទៅ​ប្រោស​គេ​ឲ្យ​ជាក៏​ដោះ​ឲ្យ​គេ​រួច​ពី​សេចក្ដី​វិនាស

21 ឱ​សូម​ឲ្យ​មនុស្ស​ទាំង‌ឡាយ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាដោយ​ព្រោះ​សេចក្ដី​សប្បុរស​របស់​ទ្រង់ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យដែល​ទ្រង់​ប្រោស​ដល់​មនុស្ស​ជាតិ

22 ដូច្នេះ គួរ​ឲ្យ​គេ​ថ្វាយ​ដង្វាយ​នៃ​សេចក្ដី​អរ​ព្រះ‌គុណហើយ​ប្រកាស​ពី​ស្នាដៃ​នៃ​ទ្រង់ដោយ​ចំរៀង​អរ​សប្បាយ​ចុះ។

23 ៙ ឯ​ពួក​អ្នក​ដែល​ចុះ​នាវា​ដើរ​ផ្លូវ​សមុទ្រជា​អ្នក​ដែល​រក​ស៊ី​ទទួល​ការ​តាម​ផ្លូវ​ទឹក​ធំ

24 ពួក​នោះ​គេ​ឃើញ​អស់​ទាំង​ការ​នៃ​ព្រះ‌យេហូវ៉ានិង​ការ​អស្ចារ្យ​របស់​ទ្រង់​នៅ​ទី​ជំរៅ

25 ដ្បិត​ទ្រង់​បង្គាប់​ទៅ នោះ​ក៏​កើត​មាន​ខ្យល់​ព្យុះដែល​បណ្តាល​ឲ្យ​រលក​កំរើក​ឡើង

26 រលក​ទាំង​នោះ​ផាត់​ឡើង​ដល់​ផ្ទៃ​មេឃក៏​ធ្លាក់​ទៅ​វិញ​ដល់​ទី​ជំរៅនោះ​ព្រលឹង​គេ​ក៏​រលាយ​ទៅ ដោយ​សេចក្ដី​អន្តរាយ

27 គេ​ឃ្លេង‌ឃ្លោង​ចុះ​ឡើង ហើយ​ដើរ​ទទ្រេត‌ទទ្រោតដូច​ជា​មនុស្ស​ស្រវឹង គេ​ក៏​ទាល់​ប្រាជ្ញា​ទៅ

28 គ្រា​នោះ គេ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ាដោយ​សេចក្ដី​វេទនា​របស់​គេហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្ដី​លំបាក​នោះ

29 ទ្រង់​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​បាន​ស្ងាត់​ឈឹង​ទៅ​វិញហើយ​ឲ្យ​រលក​ស្ងប់‌ស្ងៀម​ដែរ

30 នោះ​គេ​មាន​សេចក្ដី​អំណរ​ដោយ​ព្រោះ​ស្ងប់​ច្រៀប​ហើយទ្រង់​ក៏​នាំ​គេ​ទៅ​ដល់​ទ្វារ​សមុទ្រ ដែល​គេ​ប្រាថ្នា​ចង់​ទៅ

31 ឱ​សូម​ឲ្យ​មនុស្ស​ទាំង‌ឡាយ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាដោយ​ព្រោះ​សេចក្ដី​សប្បុរស​របស់​ទ្រង់ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យដែល​ទ្រង់​ប្រោស​ដល់​មនុស្ស​ជាតិ

32 គួរ​ឲ្យ​គេ​លើក​ដំកើង​ទ្រង់​នៅ​ក្នុង​ជំនុំ​នៃ​ជន​ទាំង‌ឡាយហើយ​សរសើរ​ទ្រង់​នៅ​ទី​អង្គុយ​របស់​ពួក​ចាស់‌ទុំ​ដែរ។

33 ៙ ទ្រង់​ធ្វើ​ឲ្យ​ទន្លេ​ត្រឡប់​ទៅ​ជា​ទី​ហួត‌ហែងហើយ​ឲ្យ​ក្បាល​ទឹក​ប្រែ​ទៅ​ជា​ដី​ខ្សោះ​ទៅ​វិញ

34 ក៏​ឲ្យ​ស្រុក​ដុះ‌ដាល​ទៅ​ជា​មាន​ដី​ប្រៃដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ពួក​អ្នក​ដែល​នៅ​ស្រុក​នោះ

35 ទ្រង់​ក៏​បំផ្លាស់​ទី​ហួត‌ហែង​ឲ្យ​ទៅ​ជា​ត្រពាំងហើយ​ដី​ស្ងួត​ធេង ឲ្យ​មាន​ក្បាល​ទឹក​វិញ

36 ទ្រង់​តាំង​មនុស្ស​អត់‌ឃ្លាន​ឲ្យ​នៅ​ទី​នោះដើម្បី​ឲ្យ​គេ​បាន​សង់​ទី​ក្រុង​សំរាប់​អាស្រ័យ​នៅ

37 ព្រម​ទាំង​ធ្វើ​ស្រែ ហើយ​ធ្វើ​ចំការ​ទំពាំង‌បាយ‌ជូរឲ្យ​បាន​មាន​ផល​ចំរើន​ឡើង

38 ទ្រង់​ក៏​ប្រទាន​ពរ​ដល់​គេ​ដែរដើម្បី​ឲ្យ​គេ​បាន​ចំរើន​ជា​ច្រើន​ឡើងហើយ​ទ្រង់​មិន​ឲ្យ​ហ្វូង​សត្វ​របស់​គេ​ថយ​ចុះ​ឡើយ

39 បើ​ជា​គេ​ត្រូវ​ថយ​ចុះ​វិញ ហើយ​ត្រូវ​អាប់‌ឱនដោយ​មាន​គេ​សង្កត់‌សង្កិន ធ្វើ​ទុក្ខ‌បុក‌ម្នេញហើយ​ឲ្យ​មាន​សេចក្ដី​ព្រួយ​លំបាក

40 នោះ​ទ្រង់​ចាក់​សេចក្ដី​មើល‌ងាយ​ទៅ​លើ​ពួក​អ្នក​ធំហើយ​បណ្តាល​ឲ្យ​គេ​ដើរ​សាត់‌ព្រាត់​នៅ​ទី​ស្ងាត់​ឈឹងដែល​ឥត​មាន​ផ្លូវ​វិញ

41 ទ្រង់​ក៏​តាំង​មនុស្ស​កំសត់​ទុគ៌ត​ឡើងឲ្យ​រួច​ពី​សេចក្ដី​វេទនាព្រម​ទាំង​ឲ្យ​គ្រួសារ​គេ​សាយ‌គ្រាយ​ឡើង ដូច​ជា​ហ្វូង​សត្វ

42 ពួក​មនុស្ស​ទៀង​ត្រង់​ក៏​ឃើញ ហើយ​មាន​សេចក្ដី​អំណរ​ឡើងឯ​សេចក្ដី​ទុច្ចរិត នឹង​ត្រូវ​បាត់​មាត់​ទៅ

43 បើ​អ្នក​ណា​មាន​ប្រាជ្ញា នោះ​នឹង​រក្សា​ទុក​នូវសេចក្ដី​ទាំង​នេះហើយ​នឹង​ពិចារណា​ពី​សេចក្ដី​សប្បុរស​របស់ព្រះ‌យេហូវ៉ា។