1 មិនមែនយើងខ្ញុំ ឱព្រះយេហូវ៉ាអើយមិនមែនយើងខ្ញុំដែលគួរលើកដំកើងទេសូមទ្រង់លើកដំកើងព្រះនាមនៃទ្រង់វិញដោយយល់ដល់សេចក្ដីសប្បុរសនិងសេចក្ដីពិតត្រង់របស់ទ្រង់
2 តើមានទំនងអ្វីឲ្យពួកសាសន៍ដទៃសួរថាតើព្រះគេនៅឯណា
3 ចំណែកព្រះនៃយើងខ្ញុំ ទ្រង់គង់នៅស្ថានសួគ៌ទ្រង់បានធ្វើការដែលគាប់ដល់ព្រះហឫទ័យទ្រង់ហើយ
4 ឯព្រះរបស់គេ នោះសុទ្ធតែជារូប ធ្វើពីប្រាក់ និងមាសជាស្នាដៃដែលមនុស្សធ្វើ
5 រូបទាំងនោះមានមាត់ តែមិនចេះនិយាយមានភ្នែក តែមើលមិនឃើញ
6 មានត្រចៀក តែស្តាប់មិនឮមានច្រមុះ តែធុំក្លិនមិនបាន
7 មានដៃ តែចាប់កាន់មិនបានមានជើង តែមិនចេះដើរឡើយក៏មិនចេះបញ្ចេញសំឡេងតាមបំពង់កផង
8 ជាងដែលធ្វើ អើ អស់អ្នកដែលទុកចិត្តនឹងរូបទាំងនោះគេនឹងបានដូចជារូបនោះដែរ
9 ឱអ៊ីស្រាអែលអើយ ចូរទុកចិត្តនឹងព្រះយេហូវ៉ាចុះទ្រង់ជាអ្នកជួយ និងជាខែលរបស់ឯង
10 ឱពួកវង្សអើរ៉ុនអើយ ចូរទុកចិត្តនឹងព្រះយេហូវ៉ាចុះទ្រង់ជាអ្នកជួយ និងជាខែលរបស់ឯង
11 ឱពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយចូរទុកចិត្តនឹងព្រះយេហូវ៉ាចុះទ្រង់ជាអ្នកជួយ និងជាខែលរបស់ឯង
12 ព្រះយេហូវ៉ាទ្រង់បាននឹកចាំពីយើងខ្ញុំទ្រង់នឹងប្រទានពរពិត ទ្រង់នឹងប្រទានពរដល់ពួកវង្សអ៊ីស្រាអែលទ្រង់នឹងប្រទានពរដល់ពួកវង្សអើរ៉ុន
13 ទ្រង់នឹងប្រទានពរដល់អស់អ្នក ទាំងតូចទាំងធំដែលកោតខ្លាចចំពោះព្រះយេហូវ៉ា
14 សូមព្រះយេហូវ៉ាចំរើនឯងរាល់គ្នា ឲ្យកាន់តែច្រើនឡើងគឺឯងរាល់គ្នា ហើយនឹងកូនចៅរបស់ឯងរាល់គ្នាផង
15 ឯងរាល់គ្នាបានពរពីព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផ្ទៃមេឃ និងផែនដី
16 ឯស្ថានសួគ៌ គឺជាស្ថានរបស់ព្រះយេហូវ៉ាចំណែកផែនដីវិញ នោះទ្រង់បានប្រគល់ដល់មនុស្សជាតិ
17 មនុស្សស្លាប់រមែងមិនសរសើរដល់ព្រះយេហូវ៉ាទេព្រមទាំងមនុស្សដែលចុះទៅនៅឯស្ថានស្ងាត់ឈឹងផង
18 តែចំណែកយើងខ្ញុំ នឹងសូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បតទៅចូរសរសើរដល់ព្រះយេហូវ៉ាចុះ។