1 មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្តរបស់ខ្លួនបានគ្រប់លក្ខណ៍គឺជាអ្នកដែលដើរតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា
2 មានពរហើយ អស់អ្នកដែលរក្សាទុកនូវសេចក្ដីបន្ទាល់របស់ទ្រង់ជាអ្នកដែលស្វែងរកទ្រង់ឲ្យអស់ពីចិត្ត
3 អើ ពួកនោះមិនដែលប្រព្រឹត្តអំពើទុច្ចរិតឡើយគឺគេដើរតាមផ្លូវរបស់ទ្រង់វិញ
4 ទ្រង់បានប្រកាសសេចក្ដីបញ្ញត្តរបស់ទ្រង់មកដើម្បីឲ្យយើងខ្ញុំបានកាន់តាមដោយម៉ត់ចត់
5 ឱបើសិនណាជាផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំបានរៀបចំទៅអេះដើម្បីឲ្យបានកាន់តាមច្បាប់ទ្រង់
6 កាលណាទូលបង្គំរាប់អានអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់នោះទូលបង្គំនឹងមិនត្រូវខ្មាសឡើយ
7 កាលណាទូលបង្គំបានរៀនអស់ទាំងខច្បាប់ដ៏សុចរិតរបស់ទ្រង់នោះទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ដោយចិត្តទៀងត្រង់
8 ទូលបង្គំនឹងកាន់តាមច្បាប់របស់ទ្រង់ឱសូមកុំលះចោលទូលបង្គំឲ្យអស់រលីងឡើយ។
9 ៙ មនុស្សកំឡោះនឹងសំអាតផ្លូវដែលខ្លួនប្រព្រឹត្តដោយសារអ្វីគឺដោយប្រយ័ត្ននឹងប្រព្រឹត្តតាមព្រះបន្ទូលនៃទ្រង់
10 ទូលបង្គំបានស្វែងរកទ្រង់អស់ពីចិត្តឱសូមកុំឲ្យទូលបង្គំវង្វេងចេញពីសេចក្ដីបង្គាប់របស់ទ្រង់ឡើយ
11 ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្តប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ
12 ឱព្រះយេហូវ៉ាអើយ ទ្រង់មានពរហើយសូមបង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ
13 បបូរមាត់ទូលបង្គំបានសំដែងពីគ្រប់ទាំងច្បាប់ដែលចេញពីព្រះឱស្ឋទ្រង់មក
14 ទូលបង្គំបានត្រេកអរក្នុងផ្លូវប្រព្រឹត្តតាមសេចក្ដីបន្ទាល់របស់ទ្រង់ឲ្យស្មើនឹងសេចក្ដីអំណរចំពោះទ្រព្យសម្បត្តិគ្រប់យ៉ាង
15 ទូលបង្គំនឹងរំពឹងគិតពីសេចក្ដីបញ្ញត្តរបស់ទ្រង់ហើយនឹងស្រឡាញ់រាប់អានអស់ទាំងផ្លូវរបស់ទ្រង់
16 ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មានឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ។
17 ៙ សូមប្រោសអ្នកបំរើរបស់ទ្រង់ ដោយគុណដ៏ប្រសើរប្រយោជន៍ឲ្យទូលបង្គំបានរស់នៅហើយកាន់តាមព្រះបន្ទូលទ្រង់
18 សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្ដីអស្ចារ្យនៅក្នុងក្រឹត្យវិន័យរបស់ទ្រង់
19 ទូលបង្គំជាមនុស្សគ្រាន់តែស្នាក់នៅផែនដីតែប៉ុណ្ណោះសូមកុំលាក់សេចក្ដីបង្គាប់របស់ទ្រង់នឹងទូលបង្គំឡើយ
20 ព្រលឹងទូលបង្គំសង្រេងដោយនឹករឭកដល់ច្បាប់ទ្រង់គ្រប់ពេលវេលា
21 ទ្រង់បានបន្ទោសមនុស្សឆ្មើងឆ្មៃដែលត្រូវបណ្តាសាហើយជាពួកអ្នកដែលវង្វេងចេញពីសេចក្ដីបង្គាប់របស់ទ្រង់
22 សូមដកយកការដំនៀលនិងការមើលងាយពីទូលបង្គំចេញដ្បិតទូលបង្គំបានរក្សាសេចក្ដីបន្ទាល់របស់ទ្រង់ទុក
23 មានទាំងពួកអ្នកធំបានអង្គុយប្រឹក្សាគ្នាទាស់នឹងទូលបង្គំដែរអ្នកបំរើរបស់ទ្រង់បាននឹករំពឹងតែពីសេចក្ដីបញ្ញត្តរបស់ទ្រង់វិញ
24 ទូលបង្គំយកសេចក្ដីបន្ទាល់ទ្រង់ទុកជាសេចក្ដីអំណររបស់ខ្លួនហើយជាសេចក្ដីដំបូន្មានផង។
25 ៙ ព្រលឹងទូលបង្គំឈ្លក់នៅនឹងធូលីដីសូមប្រោសទូលបង្គំឲ្យភ្ងារឡើង តាមព្រះបន្ទូលទ្រង់
26 ទូលបង្គំបានទូលសំដែងពីផ្លូវប្រព្រឹត្តរបស់ទូលបង្គំហើយទ្រង់បានឆ្លើយមកសូមបង្រៀនអស់ទាំងបញ្ញត្តទ្រង់មកទូលបង្គំផង
27 សូមឲ្យទូលបង្គំបានយល់ក្នុងផ្លូវឱវាទរបស់ទ្រង់យ៉ាងនោះទូលបង្គំនឹងនឹករំពឹងពីការអស្ចារ្យរបស់ទ្រង់
28 ព្រលឹងទូលបង្គំរលាយទៅ ដោយសេចក្ដីធ្ងន់ចិត្តសូមចំរើនកំឡាំងដល់ទូលបង្គំ តាមព្រះបន្ទូលនៃទ្រង់
29 សូមដកការប្រព្រឹត្តដោយភូតភរពីទូលបង្គំចេញហើយអនុញ្ញាតប្រទានក្រឹត្យវិន័យរបស់ទ្រង់មកទូលបង្គំដោយព្រះគុណ
30 ទូលបង្គំបានរើសយកផ្លូវស្មោះត្រង់ហើយទូលបង្គំបានតាំងច្បាប់របស់ទ្រង់នៅចំពោះភ្នែកដែរ
31 ទូលបង្គំកាន់ខ្ជាប់តាមសេចក្ដីបន្ទាល់របស់ទ្រង់ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ
32 ទូលបង្គំនឹងរត់ទៅតាមផ្លូវនៃសេចក្ដីបង្គាប់ទ្រង់ដ្បិតទ្រង់បានពង្រីកចិត្តទូលបង្គំឡើងហើយ។
33 ៙ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវនៃអស់ទាំងបញ្ញត្តទ្រង់មកទូលបង្គំនោះទូលបង្គំនឹងកាន់តាមដរាបដល់ចុងបំផុត
34 សូមប្រទានឲ្យទូលបង្គំមានយោបល់ នោះទូលបង្គំនឹងកាន់តាមក្រឹត្យវិន័យទ្រង់អើ ទូលបង្គំនឹងរក្សាទុកឲ្យអស់ពីចិត្តផង
35 សូមបណ្តាលឲ្យទូលបង្គំដើរទៅតាមផ្លូវច្រកនៃសេចក្ដីបង្គាប់របស់ទ្រង់ដ្បិតទូលបង្គំមានសេចក្ដីរីករាយក្នុងផ្លូវនោះ
36 សូមធ្វើឲ្យចិត្តទូលបង្គំល្អៀងទៅខាងសេចក្ដីបន្ទាល់របស់ទ្រង់កុំឲ្យល្អៀងទៅខាងសេចក្ដីលោភឡើយ
37 សូមបង្វែរភ្នែកទូលបង្គំមិនឲ្យមើលការឥតប្រយោជន៍ហើយប្រោសឲ្យទូលបង្គំមានកំឡាំងឡើងក្នុងផ្លូវទ្រង់
38 សូមសំរេចដល់អ្នកបំរើទ្រង់តាមព្រះបន្ទូលជាសេចក្ដីដែលទុកសំរាប់ពួកអ្នកកោតខ្លាចដល់ទ្រង់
39 សូមបង្វែរសេចក្ដីដំនៀលដែលទូលបង្គំខ្លាចនោះចេញពីទូលបង្គំទៅ ដ្បិតច្បាប់នៃទ្រង់សុទ្ធតែល្អ
40 មើល ទូលបង្គំបាននឹកអាល័យដល់បញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់សូមប្រោសឲ្យទូលបង្គំមានកំឡាំងឡើងដោយសេចក្ដីសុចរិតរបស់ទ្រង់។
41 ៙ ឱព្រះយេហូវ៉ាអើយសូមឲ្យសេចក្ដីសប្បុរសទ្រង់ផ្សាយមកដល់ខ្លួនទូលបង្គំគឺជាសេចក្ដីសង្គ្រោះរបស់ទ្រង់ តាមព្រះបន្ទូលទ្រង់
42 យ៉ាងនោះ ទូលបង្គំនឹងមានពាក្យចំឡើយដល់អ្នកណាដែលត្មះតិះដៀលទូលបង្គំដ្បិតទូលបង្គំទុកចិត្តនឹងព្រះបន្ទូលទ្រង់
43 សូមកុំដកព្រះបន្ទូលដ៏ពិតចេញពីមាត់ទូលបង្គំអស់រលីងឡើយដ្បិតទូលបង្គំបានសង្ឃឹមដល់ច្បាប់នៃទ្រង់
44 យ៉ាងនោះ ទូលបង្គំនឹងកាន់តាមក្រឹត្យវិន័យទ្រង់ជានិច្ចនៅអស់កល្បជានិច្ចរៀងតទៅ
45 ទូលបង្គំនឹងដើរទៅដោយសេរីភាពដ្បិតទូលបង្គំបានស្វែងរកអស់ទាំងបញ្ញត្តនៃទ្រង់
46 ទូលបង្គំនឹងពោលពីសេចក្ដីបន្ទាល់របស់ទ្រង់នៅចំពោះពួកស្តេច ឥតដែលត្រូវខ្មាសឡើយ
47 ទូលបង្គំនឹងមានចិត្តរីករាយ ដោយសារសេចក្ដីបង្គាប់របស់ទ្រង់ជាសេចក្ដីដែលទូលបង្គំបានស្រឡាញ់
48 ទូលបង្គំនឹងលើកដៃប្រណម្យចំពោះសេចក្ដីបង្គាប់របស់ទ្រង់ ដែលទូលបង្គំបានស្រឡាញ់ហើយនឹងរំពឹងគិតពីបញ្ញត្តទ្រង់។
49 ៙ សូមទ្រង់នឹកចាំពីសេចក្ដីដែលទ្រង់មានព្រះបន្ទូលដល់អ្នកបំរើទ្រង់ជាសេចក្ដីដែលនាំឲ្យទូលបង្គំមានសេចក្ដីសង្ឃឹម
50 នេះហើយជាសេចក្ដីកំសាន្តចិត្តដល់ទូលបង្គំក្នុងវេលាដែលទូលបង្គំកើតទុក្ខព្រួយគឺព្រះបន្ទូលទ្រង់បានប្រោស ឲ្យទូលបង្គំមានកំឡាំងឡើង
51 ពួកអ្នកឆ្មើងឆ្មៃបានមើលងាយទូលបង្គំពន់ពេកប៉ុន្តែទូលបង្គំមិនបានបែរចេញពីក្រឹត្យវិន័យទ្រង់ឡើយ
52 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំពីបញ្ញត្តទ្រង់ដ៏មានពីបុរាណមក ជាការនាំឲ្យទូលបង្គំបានក្សាន្តចិត្ត
53 ទូលបង្គំមានសេចក្ដីគ្នាន់ក្នាញ់មកគ្របសង្កត់ចិត្តដោយព្រោះមនុស្សអាក្រក់ ដែលបោះបង់ចោលក្រឹត្យវិន័យរបស់ទ្រង់
54 អស់ទាំងបញ្ញត្តទ្រង់ជាបទចំរៀងរបស់ទូលបង្គំនៅក្នុងផ្ទះដែលទូលបង្គំអាស្រ័យនៅ
55 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំពីព្រះនាមទ្រង់នៅវេលាយប់ហើយបានកាន់តាមក្រឹត្យវិន័យទ្រង់
56 សេចក្ដីនេះបានកើតដល់ទូលបង្គំដោយព្រោះបានរក្សាទុកនូវបញ្ញត្តរបស់ទ្រង់។
57 ៙ ឯចំណែកនៃទូលបង្គំ ឱព្រះយេហូវ៉ាអើយទូលបង្គំបានពោលថា ត្រូវឲ្យទូលបង្គំរក្សាអស់ទាំងព្រះបន្ទូលនៃទ្រង់
58 ទូលបង្គំបានទូលអង្វរដល់ទ្រង់អស់ពីចិត្តសូមទ្រង់មេត្តាប្រោសដល់ទូលបង្គំ តាមព្រះបន្ទូលទ្រង់
59 ទូលបង្គំបាននឹកពីផ្លូវប្រព្រឹត្តរបស់ខ្លួននោះបានបំបែរជើងទៅតាមសេចក្ដីបន្ទាល់របស់ទ្រង់វិញ
60 ទូលបង្គំមិនបានបង្អែបង្អង់ឡើយគឺបានប្រញាប់នឹងរក្សាអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់
61 ចំណងរបស់មនុស្សអាក្រក់បានរុំព័ទ្ធទូលបង្គំជុំវិញតែទូលបង្គំមិនបានភ្លេចក្រឹត្យវិន័យរបស់ទ្រង់ឡើយ
62 នៅកណ្តាលអធ្រាត្រ ទូលបង្គំនឹងក្រោកឡើងដើម្បីអរព្រះគុណដល់ទ្រង់ដោយព្រោះអស់ទាំងច្បាប់ដ៏សុចរិតរបស់ទ្រង់
63 ទូលបង្គំជាមិត្តភក្តិនឹងអស់អ្នកដែលកោតខ្លាចដល់ទ្រង់ហើយនឹងអស់អ្នកដែលរក្សាបញ្ញត្តទ្រង់ដែរ
64 ឱព្រះយេហូវ៉ាអើយ ផែនដីមានពេញដោយសេចក្ដីសប្បុរសរបស់ទ្រង់សូមបង្រៀនសេចក្ដីបញ្ញត្តទ្រង់ដល់ទូលបង្គំផង។
65 ៙ ឱព្រះយេហូវ៉ាអើយ ទ្រង់បានប្រោសអ្នកបំរើទ្រង់ដោយល្អតាមព្រះបន្ទូលនៃទ្រង់
66 សូមបង្រៀនឲ្យទូលបង្គំមានប្រាជ្ញាឆ្លុះយល់ហើយចេះដឹងយ៉ាងល្អដ្បិតទូលបង្គំបានជឿចំពោះសេចក្ដីបង្គាប់នៃទ្រង់ហើយ
67 កាលមុនដែលទូលបង្គំកើតទុក្ខព្រួយនោះទូលបង្គំបានវង្វេងទៅតែឥឡូវនេះ ទូលបង្គំកាន់តាមព្រះបន្ទូលទ្រង់វិញ
68 ទ្រង់ល្អប្រសើរ ហើយក៏ធ្វើការល្អដែរសូមបង្រៀនបញ្ញត្តទ្រង់ ដល់ទូលបង្គំ
69 ពួកមនុស្សឆ្មើងឆ្មៃបានបង្កើតសេចក្ដីភូតភរទាស់នឹងទូលបង្គំតែទូលបង្គំនឹងរក្សាទុកនូវបញ្ញត្តទ្រង់យ៉ាងអស់ពីចិត្ត
70 ចិត្តគេស្ពឹកដូចជាមនុស្សមានខ្លាញ់ខន់តែទូលបង្គំមានចិត្តអំណរចំពោះក្រឹត្យវិន័យទ្រង់វិញ
71 ការដែលទូលបង្គំកើតមានទុក្ខព្រួយនោះគឺជាប្រយោជន៍ដល់ទូលបង្គំហើយដើម្បីឲ្យទូលបង្គំបានរៀនយកបញ្ញត្តរបស់ទ្រង់
72 ក្រឹត្យវិន័យដែលចេញពីព្រះឱស្ឋទ្រង់មកនោះវិសេសដល់ទូលបង្គំ ជាជាងមាសប្រាក់ទាំងពាន់ផង។
73 ៙ ព្រះហស្តនៃទ្រង់បានបង្កើត ហើយតាំងទូលបង្គំឡើងសូមប្រោសឲ្យទូលបង្គំមានយោបល់ដើម្បីនឹងរៀនឲ្យបានស្គាល់សេចក្ដីបង្គាប់របស់ទ្រង់
74 ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ គេនឹងឃើញទូលបង្គំហើយមានសេចក្ដីអំណរ ដោយព្រោះទូលបង្គំបានសង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់
75 ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងហើយថាអស់ទាំងខច្បាប់របស់ទ្រង់សុទ្ធតែសុចរិតហើយថា ទ្រង់បានធ្វើឲ្យទូលបង្គំកើតមានទុក្ខដោយសេចក្ដីស្មោះត្រង់របស់ទ្រង់ទេ
76 ទូលបង្គំទូលអង្វរដល់ទ្រង់ សូមឲ្យសេចក្ដីសប្បុរសរបស់ទ្រង់ផ្សាយមកជួយដោះទុក្ខទូលបង្គំតាមសេចក្ដីដែលទ្រង់មានព្រះបន្ទូលដល់អ្នកបំរើទ្រង់ហើយ
77 សូមប្រទានសេចក្ដីមេត្តាករុណារបស់ទ្រង់មកទូលបង្គំដើម្បីទូលបង្គំមានជីវិតស្ថិតស្ថេរនៅដ្បិតទូលបង្គំយកក្រឹត្យវិន័យទ្រង់ជាសេចក្ដីអំណរដល់ខ្លួន
78 សូមឲ្យពួកមនុស្សឆ្មើងឆ្មៃត្រូវមានសេចក្ដីខ្មាសវិញដ្បិតគេបានប្រព្រឹត្តក្រវិចក្រវៀននឹងទូលបង្គំដោយឥតហេតុតែទូលបង្គំនឹងរំពឹងគិតពីបញ្ញត្តទ្រង់
79 សូមឲ្យអស់អ្នកដែលកោតខ្លាចដល់ទ្រង់បានបែរមកឯទូលបង្គំនោះគេនឹងស្គាល់សេចក្ដីបន្ទាល់របស់ទ្រង់ផង
80 សូមឲ្យចិត្តទូលបង្គំបានជាប់ស៊ប់នឹងបញ្ញត្តទ្រង់ដើម្បីកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។
81 ៙ ព្រលឹងនៃទូលបង្គំភ្លឹកទៅ ដោយប្រាថ្នាចង់បានសេចក្ដីសង្គ្រោះរបស់ទ្រង់ទូលបង្គំក៏សង្ឃឹមដល់ព្រះបន្ទូលទ្រង់
82 ភ្នែកទូលបង្គំស្រវាំងទៅដោយចង់បានព្រះបន្ទូលនៃទ្រង់ហើយទូលបង្គំនិយាយថា តើកាលណាបានទ្រង់ដោះទុក្ខទូលបង្គំទៅ
83 ដ្បិតទូលបង្គំបានត្រឡប់ដូចជាថង់ស្បែកដែលត្រូវផ្សែងតែទូលបង្គំមិនភ្លេចបញ្ញត្តទ្រង់ឡើយ
84 តើថ្ងៃអាយុនៃអ្នកបំរើទ្រង់បានប៉ុន្មានទៅតើដល់កាលណាបានទ្រង់សំរេចទោសដល់ពួកអ្នកដែលបៀតបៀនទូលបង្គំ
85 ពួកមនុស្សឆ្មើងឆ្មៃបានជីករណ្តៅសំរាប់ចាប់ទូលបង្គំជាការប្រព្រឹត្តលើ្មសចំពោះក្រឹត្យវិន័យទ្រង់
86 អស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់សុទ្ធតែស្មោះត្រង់ឯគេៗបៀតបៀនទូលបង្គំដោយឥតហេតុសូមជួយទូលបង្គំផង
87 គេបានធ្វើឲ្យទូលបង្គំហៀបតែនឹងសូន្យបាត់ពីផែនដីទៅប៉ុន្តែទូលបង្គំមិនបានបោះបង់ចោលបញ្ញត្តទ្រង់ទេ
88 សូមចំរើនកំឡាំងនៃទូលបង្គំ តាមសេចក្ដីសប្បុរសរបស់ទ្រង់យ៉ាងនោះទូលបង្គំនឹងបានរក្សាសេចក្ដីបន្ទាល់ដែលចេញពីព្រះឱស្ឋទ្រង់មក។
89 ឱព្រះយេហូវ៉ាអើយព្រះបន្ទូលទ្រង់បានតាំងនៅស្ថានសួគ៌ដរាបដល់អស់កល្បជានិច្ច
90 សេចក្ដីស្មោះត្រង់របស់ទ្រង់ ក៏ស្ថិតស្ថេរនៅគ្រប់ទាំងដំណមនុស្សតទៅទ្រង់បានប្រតិស្ឋានផែនដី ហើយផែនដីក៏តាំងនៅជាប់
91 ទាំងអស់ស្ថិតស្ថេរនៅ ដរាបដល់សព្វថ្ងៃនេះតាមច្បាប់ទ្រង់ដ្បិតទាំងអស់សំរាប់បំរើទ្រង់
92 បើទូលបង្គំមិនបានរីករាយក្នុងក្រឹត្យវិន័យរបស់ទ្រង់នោះទូលបង្គំនឹងបានវិនាសទៅក្នុងសេចក្ដីទុក្ខព្រួយរបស់ទូលបង្គំហើយ
93 ទូលបង្គំនឹងមិនដែលភ្លេចបញ្ញត្តទ្រង់ឡើយដ្បិតទ្រង់បានប្រោសឲ្យទូលបង្គំមានកំឡាំងឡើងដោយសារបញ្ញត្តទាំងនោះឯង
94 ទូលបង្គំជារបស់ផងទ្រង់ហើយសូមជួយសង្គ្រោះទូលបង្គំផងដ្បិតទូលបង្គំបានស្វែងរកបញ្ញត្តទ្រង់
95 ពួកមនុស្សអាក្រក់គេបានរង់ចាំនឹងធ្វើឲ្យទូលបង្គំវិនាសតែទូលបង្គំនឹងពិចារណាសេចក្ដីបន្ទាល់របស់ទ្រង់
96 ទូលបង្គំបានឃើញចុងនៃសេចក្ដីគ្រប់លក្ខណ៍ហើយតែសេចក្ដីបង្គាប់របស់ទ្រង់ធំទូលាយលើសទៅទៀត។
97 ៙ ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ទូលបង្គំរំពឹងគិតពីក្រឹត្យវិន័យនោះជាដរាបរាល់ថ្ងៃ
98 សេចក្ដីបង្គាប់របស់ទ្រង់ ក៏ធ្វើឲ្យទូលបង្គំមានប្រាជ្ញាលើសជាងខ្មាំងសត្រូវដ្បិតបាននៅជាប់ជាមួយនឹងទូលបង្គំជាដរាប
99 ទូលបង្គំមានយោបល់ជាងអស់ទាំងគ្រូរបស់ទូលបង្គំទៅទៀតដ្បិតសេចក្ដីបន្ទាល់ទ្រង់ជាទីនឹករំពឹងរបស់ទូលបង្គំ
100 ទូលបង្គំយល់បានច្រើនជាងពួកចាស់ៗពីព្រោះទូលបង្គំបានរក្សាអស់ទាំងបញ្ញត្តរបស់ទ្រង់
101 ទូលបង្គំបានបង្ខាំងជើងឲ្យវៀរចាកពីផ្លូវអាក្រក់ដើម្បីឲ្យទូលបង្គំបានកាន់តាមព្រះបន្ទូលនៃទ្រង់
102 ទូលបង្គំមិនបានបែរចេញពីច្បាប់ទ្រង់ឡើយដ្បិតទ្រង់បានបង្រៀនទូលបង្គំ
103 ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត
104 ទូលបង្គំបានមានយោបល់ដោយសារបញ្ញត្តទ្រង់ហេតុនោះបានជាទូលបង្គំស្អប់ដល់អស់ទាំងផ្លូវកំភូត។
105 ៙ ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំផង
106 ទូលបង្គំបានស្បថហើយ ក៏នឹងសំរេចតាមថាទូលបង្គំនឹងកាន់តាមបញ្ញត្តដ៏សុចរិតរបស់ទ្រង់
107 ទូលបង្គំមានទុក្ខព្រួយជាច្រើនណាស់ព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំមានកំឡាំងឡើង តាមព្រះបន្ទូលទ្រង់
108 ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរឲ្យទ្រង់ទទួលដង្វាយនៃមាត់ទូលបង្គំ ដែលថ្វាយដោយស្ម័គ្រពីចិត្តហើយសូមបង្រៀនអស់ទាំងច្បាប់ទ្រង់ដល់ទូលបង្គំផង
109 ជីវិតនៃទូលបង្គំមានអន្តរាយឥតឈប់ឈរតែទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ទ្រង់ឡើយ
110 ពួកមនុស្សអាក្រក់បានដាក់អន្ទាក់ ចង់ចាប់ទូលបង្គំប៉ុន្តែ ទូលបង្គំមិនបានវង្វេងចេញពីបញ្ញត្តទ្រង់ទេ
111 ទូលបង្គំបានទទួលយកសេចក្ដីបន្ទាល់ទ្រង់ទុកជាមរដកនៅជាដរាបដ្បិតសេចក្ដីទាំងនោះនាំឲ្យចិត្តទូលបង្គំបានរីករាយ
112 ទូលបង្គំបានលំអៀងចិត្តទៅឲ្យសំរេចតាមបញ្ញត្តទ្រង់នៅជាដរាប រហូតដល់ចុងបំផុត។
113 ៙ ទូលបង្គំស្អប់ចំពោះអស់អ្នកដែលមានចិត្ត២តែទូលបង្គំស្រឡាញ់ដល់ក្រឹត្យវិន័យទ្រង់វិញ
114 ទ្រង់ជាទីពឹងជ្រក ហើយជាខែលរបស់ទូលបង្គំទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់
115 នែ អ្នករាល់គ្នាដែលប្រព្រឹត្តអាក្រក់អើយចូរថយពីអញចេញដើម្បីឲ្យអញបានរក្សាសេចក្ដីបង្គាប់របស់ព្រះនៃអញ
116 សូមទប់ទល់ទូលបង្គំតាមព្រះបន្ទូលនៃទ្រង់ឲ្យទូលបង្គំបានរស់នៅសូមកុំឲ្យទូលបង្គំត្រូវខ្មាសដោយព្រោះសេចក្ដីសង្ឃឹមរបស់ទូលបង្គំឡើយ
117 សូមទ្រង់ធ្វើជាបង្អែកនៃទូលបង្គំឲ្យទូលបង្គំបានសេចក្ដីសុខនោះទូលបង្គំនឹងគោរពរាប់អានចំពោះបញ្ញត្តទ្រង់ជានិច្ច
118 ទ្រង់បានលើកថ្លឹងនូវអស់អ្នកដែលវង្វេងចេញពីបញ្ញត្តទ្រង់ដ្បិតសេចក្ដីឆបោករបស់គេជាសេចក្ដីកំភូតទទេ
119 ទ្រង់ធ្វើឲ្យពួកមនុស្សអាក្រក់បាត់ចេញពីផែនដីដូចជាគេដួសពពុះចេញពីឆ្នាំងហេតុនោះបានជាទូលបង្គំស្រឡាញ់ដល់សេចក្ដីបន្ទាល់របស់ទ្រង់
120 រូបសាច់ទូលបង្គំញ័រញាក់ ដោយភ័យខ្លាចដល់ទ្រង់ទូលបង្គំក៏ខ្លាចចំពោះសេចក្ដីវិនិច្ឆ័យរបស់ទ្រង់ដែរ។
121 ៙ ទូលបង្គំបានសំរេចតាមសេចក្ដីយុត្តិធម៌និងសេចក្ដីសុចរិតសូមកុំបោះបង់ចោលទូលបង្គំទៅក្នុងអំណាចនៃពួកអ្នកដែលសង្កត់សង្កិនឡើយ
122 សូមទ្រង់ធានាឲ្យអ្នកបំរើទ្រង់បានសេចក្ដីល្អសូមកុំឲ្យពួកមនុស្សឆ្មើងឆ្មៃសង្កត់សង្កិនទូលបង្គំឡើយ
123 ភ្នែកទូលបង្គំស្រវាំងទៅ ដោយទន្ទឹងចាំឲ្យបានសេចក្ដីសង្គ្រោះនិងព្រះបន្ទូលដ៏សុចរិតរបស់ទ្រង់
124 សូមប្រព្រឹត្តនឹងអ្នកបំរើទ្រង់តាមសេចក្ដីសប្បុរសរបស់ទ្រង់ហើយបង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ
125 ទូលបង្គំជាអ្នកបំរើទ្រង់ហើយសូមប្រទានឲ្យទូលបង្គំមានយោបល់ដើម្បីឲ្យបានស្គាល់សេចក្ដីបន្ទាល់របស់ទ្រង់
126 នេះជាវេលាដែលគួរឲ្យព្រះយេហូវ៉ាសំរេចការហើយដ្បិតគេបានរំលងល្មើសចំពោះក្រឹត្យវិន័យរបស់ទ្រង់
127 ហេតុនោះបានជាទូលបង្គំស្រឡាញ់ដល់សេចក្ដីបង្គាប់របស់ទ្រង់ច្រើនជាងមាសអើ ក៏ស្រឡាញ់ច្រើនជាងមាសសុទ្ធផង
128 ដូច្នេះ ទូលបង្គំរាប់អស់ទាំងបញ្ញត្តទ្រង់ថាជាត្រឹមត្រូវគ្រប់ប្រការតែទូលបង្គំស្អប់ដល់គ្រប់ទាំងផ្លូវកំភូតវិញ។
129 ៙ សេចក្ដីបន្ទាល់របស់ទ្រង់សុទ្ធតែអស្ចារ្យហេតុនោះបានជាព្រលឹងនៃទូលបង្គំគោរពកាន់តាម
130 ការបើកសំដែងព្រះបន្ទូលទ្រង់ នោះផ្សាយពន្លឺចេញក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់
131 ទូលបង្គំបានហាមាត់ដកដង្ហើមធំដោយនឹករឭកដល់សេចក្ដីបង្គាប់របស់ទ្រង់
132 សូមទ្រង់បែរមកមានសេចក្ដីអាណិតមេត្តាដល់ទូលបង្គំដូចជាទ្រង់តែងធ្លាប់ធ្វើដល់អស់អ្នកដែលស្រឡាញ់ព្រះនាមទ្រង់
133 សូមតាំងជំហាននៃទូលបង្គំឲ្យដើរតាមព្រះបន្ទូលទ្រង់សូមកុំឲ្យសេចក្ដីទុច្ចរិតណាមានអំណាចលើទូលបង្គំឡើយ
134 សូមលោះទូលបង្គំឲ្យរួចពីការសង្កត់សង្កិនរបស់មនុស្សនោះទូលបង្គំនឹងកាន់តាមបញ្ញត្តទ្រង់
135 សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមកលើអ្នកបំរើទ្រង់ហើយបង្រៀនអស់ទាំងបញ្ញត្តទ្រង់ដល់ទូលបង្គំផង
136 ទឹកភ្នែកទូលបង្គំហូររហាមពីព្រោះគេមិនកាន់តាមក្រឹត្យវិន័យរបស់ទ្រង់។
137 ៙ ឱព្រះយេហូវ៉ាអើយ ទ្រង់សុចរិតហើយសេចក្ដីវិនិច្ឆ័យរបស់ទ្រង់ក៏សុទ្ធតែទៀងត្រង់
138 ទ្រង់បានតាំងសេចក្ដីបន្ទាល់របស់ទ្រង់នៅលើសេចក្ដីយុត្តិធម៌ហើយលើសេចក្ដីស្មោះត្រង់ដ៏ពិតផង
139 សេចក្ដីឧស្សាហ៍របស់ទូលបង្គំបានស៊ីបង្ហិនទូលបង្គំពីព្រោះពួកអ្នកតតាំងនឹងទូលបង្គំគេបានភ្លេចព្រះបន្ទូលទ្រង់
140 ព្រះបន្ទូលទ្រង់បានត្រូវសំរងយ៉ាងបរិសុទ្ធជាទីបំផុតហើយហេតុនោះអ្នកបំរើរបស់ទ្រង់ក៏ស្រឡាញ់ណាស់
141 ឯទូលបង្គំជាអ្នកតូច ហើយត្រូវគេមើលងាយប៉ុន្តែទូលបង្គំមិនភ្លេចបញ្ញត្តរបស់ទ្រង់ឡើយ
142 សេចក្ដីសុចរិតរបស់ទ្រង់ជាសេចក្ដីសុចរិតដ៏នៅអស់កល្បជានិច្ចហើយក្រឹត្យវិន័យទ្រង់ជាសេចក្ដីពិត
143 សេចក្ដីទុក្ខ និងសេចក្ដីលំបាក បានមកគ្របសង្កត់លើទូលបង្គំហើយទោះបើយ៉ាងនោះ គង់តែសេចក្ដីបង្គាប់របស់ទ្រង់ជាទីរីករាយដល់ទូលបង្គំដែរ
144 សេចក្ដីបន្ទាល់របស់ទ្រង់ សុទ្ធតែសុចរិតនៅជាដរាបសូមប្រោសឲ្យទូលបង្គំមានយោបល់នោះទូលបង្គំនឹងបានរស់នៅ។
145 ៙ ទូលបង្គំបានអំពាវនាវដល់ទ្រង់អស់ពីចិត្តឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំផងទូលបង្គំនឹងរក្សាអស់ទាំងបញ្ញត្តរបស់ទ្រង់
146 ទូលបង្គំបានអំពាវនាវដល់ទ្រង់ហើយសូមជួយសង្គ្រោះទូលបង្គំផងនោះទូលបង្គំនឹងកាន់តាមសេចក្ដីបន្ទាល់របស់ទ្រង់
147 ទូលបង្គំបានភ្ញាក់មុនពេលព្រលឹមស្រាងហើយបានបន្លឺឡើងថាទូលបង្គំបានសង្ឃឹមដល់ព្រះបន្ទូលទ្រង់
148 ទូលបង្គំភ្ញាក់មុនអស់ទាំងយាមយប់ ហើយបើកភ្នែកដើម្បីរំពឹងគិតពីព្រះបន្ទូលទ្រង់
149 សូមស្តាប់សំឡេងទូលបង្គំ តាមសេចក្ដីសប្បុរសរបស់ទ្រង់ឱព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំមានកំឡាំងឡើង តាមច្បាប់របស់ទ្រង់
150 ពួកអ្នកដែលរត់តាមសេចក្ដីអាក្រក់ គេមកកាន់តែជិតគេនៅឆ្ងាយពីក្រឹត្យវិន័យទ្រង់ទេ
151 ឯទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់គង់នៅជិតដែរហើយគ្រប់ទាំងសេចក្ដីបង្គាប់របស់ទ្រង់ សុទ្ធតែពិតត្រង់
152 តាំងពីយូរមកហើយ ទូលបង្គំបានដឹងដោយសារសេចក្ដីបន្ទាល់របស់ទ្រង់ថាទ្រង់បានតាំងសេចក្ដីទាំងនោះឲ្យនៅអស់កល្បជានិច្ច។
153 ៙ សូមទតមើលសេចក្ដីទុក្ខព្រួយរបស់ទូលបង្គំហើយជួយឲ្យរួចផងត្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ទ្រង់ឡើយ
154 សូមការពាររឿងក្តីរបស់ទូលបង្គំហើយលោះទូលបង្គំផងសូមប្រោសឲ្យទូលបង្គំមានកំឡាំង តាមព្រះបន្ទូលទ្រង់
155 សេចក្ដីសង្គ្រោះរមែងនៅឆ្ងាយពីពួកមនុស្សអាក្រក់ពីព្រោះគេមិនស្វែងរកបញ្ញត្តរបស់ទ្រង់
156 ឱព្រះយេហូវ៉ាអើយ សេចក្ដីមេត្តាករុណាដ៏ទន់សន្តោសរបស់ទ្រង់ នោះលើសលុបសូមប្រោសឲ្យទូលបង្គំមានកំឡាំង តាមច្បាប់របស់ទ្រង់
157 ឯពួកអ្នកដែលបៀតបៀន ហើយតតាំងនឹងទូលបង្គំគេមានគ្នាច្រើនប៉ុន្តែទូលបង្គំមិនបានបែរចេញពីសេចក្ដីបន្ទាល់របស់ទ្រង់ឡើយ
158 ទូលបង្គំបានពិចារណាមើលមនុស្សក្បត់ហើយក៏ស្អប់ខ្ពើមគេដោយព្រោះមិនកាន់តាមព្រះបន្ទូលទ្រង់សោះ
159 សូមទ្រង់ពិចារណាដែលទូលបង្គំស្រឡាញ់ដល់អស់ទាំងបញ្ញត្តរបស់ទ្រង់ជាយ៉ាងណាឱព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំមានកំឡាំងឡើង តាមសេចក្ដីសប្បុរសរបស់ទ្រង់
160 បូករួមទាំងអស់ព្រះបន្ទូលនៃទ្រង់ទៅឃើញថាពិតត្រង់ទាំងអស់ហើយគ្រប់ទាំងច្បាប់ដ៏សុចរិតរបស់ទ្រង់ក៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចដែរ។
161 ៙ ពួកអ្នកធំបានបៀតបៀនទូលបង្គំដោយឥតហេតុប៉ុន្តែចិត្តទូលបង្គំនៅតែភ័យញ័រចំពោះព្រះបន្ទូលទ្រង់
162 ទូលបង្គំមានសេចក្ដីរីករាយចំពោះព្រះបន្ទូលទ្រង់ប្រៀបដូចជាមនុស្សណាដែលប្រទះនឹងរបឹបជាច្រើន
163 ទូលបង្គំជិនណាយ ហើយក៏ស្អប់ខ្ពើមសេចក្ដីកំភូតតែស្រឡាញ់ដល់ក្រឹត្យវិន័យទ្រង់វិញ
164 ទូលបង្គំសរសើរដល់ទ្រង់ក្នុង១ថ្ងៃ៧ដងដោយព្រោះច្បាប់ដ៏សុចរិតរបស់ទ្រង់
165 ពួកអ្នកដែលស្រឡាញ់ក្រឹត្យវិន័យទ្រង់នោះមានសេចក្ដីសុខដ៏លើសលុបហើយគ្មានហេតុនឹងចំពប់ដួលឡើយ
166 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានសង្ឃឹមដល់សេចក្ដីសង្គ្រោះរបស់ទ្រង់ក៏បានប្រព្រឹត្តតាមបង្គាប់របស់ទ្រង់ដែរ
167 ព្រលឹងទូលបង្គំបានកាន់តាមសេចក្ដីបន្ទាល់របស់ទ្រង់ទូលបង្គំក៏ស្រឡាញ់សេចក្ដីបន្ទាល់នោះយ៉ាងក្រៃលែង
168 ទូលបង្គំបានកាន់តាមអស់ទាំងបញ្ញត្តនិងសេចក្ដីបន្ទាល់របស់ទ្រង់ពីព្រោះអស់ទាំងផ្លូវដែលទូលបង្គំប្រព្រឹត្តនោះសុទ្ធតែនៅចំពោះទ្រង់ហើយ។
169 ៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យសំរែករបស់ទូលបង្គំបានចូលមកជិតនៅចំពោះទ្រង់សូមប្រទានឲ្យទូលបង្គំមានយោបល់តាមព្រះបន្ទូលទ្រង់
170 សូមឲ្យពាក្យអង្វររបស់ទូលបង្គំបានមកនៅចំពោះទ្រង់សូមប្រោសទូលបង្គំឲ្យបានរួច តាមព្រះបន្ទូលទ្រង់ផង
171 សូមអនុញ្ញាតឲ្យបបូរមាត់ទូលបង្គំ បានពោលពាក្យសរសើរដ្បិតទ្រង់បង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ
172 សូមឲ្យអណ្តាតទូលបង្គំបានច្រៀងពីព្រះបន្ទូលទ្រង់ពីព្រោះគ្រប់ទាំងសេចក្ដីបង្គាប់របស់ទ្រង់សុទ្ធតែសុចរិតទាំងអស់
173 សូមឲ្យព្រះហស្តទ្រង់បានប្រុងប្រៀបនឹងជួយទូលបង្គំព្រោះទូលបង្គំបានរើសយកបញ្ញត្តរបស់ទ្រង់
174 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹករឭកដល់សេចក្ដីសង្គ្រោះរបស់ទ្រង់ហើយក្រឹត្យវិន័យរបស់ទ្រង់ជាទីរីករាយដល់ទូលបង្គំ
175 សូមអនុញ្ញាតឲ្យព្រលឹងទូលបង្គំរស់នៅ នោះនឹងបានសរសើរដល់ទ្រង់ហើយសូមឲ្យច្បាប់របស់ទ្រង់ជួយទូលបង្គំផង
176 ទូលបង្គំបានវង្វេងទៅ ដូចជាចៀមបាត់បង់សូមដេញរកអ្នកបំរើទ្រង់ផងដ្បិតទូលបង្គំមិនភ្លេចសេចក្ដីបង្គាប់របស់ទ្រង់ឡើយ។