ទំនុក‌ដំកើង 132 KHOV

ក្រុង​ស៊ីយ៉ូន​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​វាំង​របស់​ស្តេច​ដាវីឌ

ទំនុក​ច្រៀង​តាម​ថ្នាក់។

1 ឱ​ព្រះ‌យេហូវ៉ា​អើយសូម​ទ្រង់​នឹក​ចាំ​ពី​ដាវីឌហើយ​ពី​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​លោក

2 ដែល​លោក​បាន​ស្បថ​នឹង​ព្រះ‌យេហូវ៉ាហើយ​បន់​ដល់​ព្រះ​ដ៏​ខ្លាំង​ពូកែ​នៃ​យ៉ាកុប​ថា

3 ពិត​ប្រាកដ​ជា​ទូល‌បង្គំ​នឹង​មិន​ចូល​ទៅ​ក្នុង​ផ្ទះជា​ទី​លំនៅ​របស់​ទូល‌បង្គំ ឬ​ឡើង​ទៅ​ដេកនៅ​លើ​គ្រែ​ឡើយ

4 ក៏​មិន​ព្រម​ឲ្យ​ភ្នែក​ទូល‌បង្គំ​ដេក​លក់ឬ​ឲ្យ​ត្របក​ភ្នែក​ធ្មេច​ឡើយ

5 ដរាប​ដល់​ទូល‌បង្គំ​រក​បាន​ទី​កន្លែង​សំរាប់​ព្រះ‌យេហូវ៉ាគឺ​ជា​ពន្លា​សំរាប់​ព្រះ​ដ៏​ខ្លាំង​ពូកែ​នៃ​យ៉ាកុប

6 មើល យើង​ខ្ញុំ​បាន​ឮ​និយាយ​នៅ​ភូមិ​អេប្រាតាក៏​ប្រទះ​ឃើញ​នៅ​វាល​យ៉ាអើរ

7 យើង​ខ្ញុំ​នឹង​ចូល​ទៅ​ក្នុង​ពន្លា​របស់​ទ្រង់យើង​ខ្ញុំ​នឹង​ក្រាប​ថ្វាយ‌បង្គំនៅ​មុខ​ទី​កំណល់​កល់​ព្រះ‌បាទ​ទ្រង់

8 សូម​ក្រោក​ឡើង ឱ​ព្រះ‌យេហូវ៉ា​អើយសូម​យាង​ចូល​ទៅ​ក្នុង​ទី​សំរាក​របស់​ទ្រង់គឺ​ទ្រង់ ព្រម​ទាំង​ហឹប​ដ៏​ជា​ព្រះ‌ចេស្តា​នៃ​ទ្រង់​ផង

9 សូម​ឲ្យ​ពួក​សង្ឃ​របស់​ទ្រង់​បាន​ប្រដាប់​ខ្លួនដោយ​សេចក្ដី​សុចរិតហើយ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ស្រែក​ឡើង​ដោយ​អំណរ

10 សូម​កុំ​បំបែរ​មុខ​នៃ​អ្នក ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំងចេញ​ឡើយគឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់

11 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្បថ​នឹង​ដាវីឌ ដោយ​សេចក្ដី​ពិតទ្រង់​ក៏​មិន​ព្រម​ប្រែ​ចេញ​វិញ​ឡើយគឺ​ថា អញ​នឹង​យក​ម្នាក់ ជា​ផល​ដែល​កើត​ពី​ខ្លួន​ឯងតាំង​ឡើង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​របស់​ឯង

12 បើ​សិន​ជា​កូន​ចៅ​របស់​ឯង​រក្សា​សេចក្ដី​សញ្ញា​របស់​អញនិង​សេចក្ដី​បន្ទាល់​ដែល​អញ​នឹង​បង្រៀន​ដល់​គេនោះ​កូន​ចៅ​គេ​នឹង​អង្គុយ​លើ​បល្ល័ង្ក​ឯង​ជា​ដរាប​ត​រៀង​ទៅ

13 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​រើស​ក្រុង​ស៊ីយ៉ូនទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​បានសំរាប់​ជា​លំនៅ​របស់​ទ្រង់

14 នេះ​ជា​ទី​សំរាក​របស់​អញ​នៅ​អស់‌កល្ប‌ជានិច្ចអញ​នឹង​អាស្រ័យ​នៅ​ទី​នេះដ្បិត​អញ​មាន​ចិត្ត​ចង់​បាន​ហើយ

15 អញ​នឹង​ឲ្យ​ពរ​ជា​បរិបូរ ដល់​ស្បៀង​អាហារ​របស់​ក្រុង​នេះហើយ​នឹង​ចំអែត​មនុស្ស​ក្រ​នៅ​ក្រុង​នេះដោយ​អាហារ​ដ៏​គ្រប់​គ្រាន់

16 ឯ​ពួក​សង្ឃ អញ​នឹង​តាក់‌តែង ដោយ​សេចក្ដី​សង្គ្រោះហើយ​ពួក​បរិសុទ្ធ​នឹង​ស្រែក​ហ៊ោ​ដោយ​អំណរ

17 នៅ​ទី​នេះ អញ​នឹង​ធ្វើ​ឲ្យ​ស្នែង​របស់​ដាវីឌ​ប៉ិច​ឡើងអញ​បាន​ចាត់‌ចែង​ចង្កៀង​១ សំរាប់​អ្នក​ដែល​អញបាន​ចាក់​ប្រេង​តាំង​ឲ្យ

18 អញ​នឹង​យក​សេចក្ដី​ខ្មាស តាក់‌តែង​ឲ្យ​ពួក​ខ្មាំង​សត្រូវរបស់​លោកតែ​នៅ​លើ​ក្បាល​លោក​វិញនោះ​នឹង​មាន​មកុដ​ដ៏​រុងរឿង។