ទំនុក‌ដំកើង 141 KHOV

សូម​រក្សា​មាត់​ទូល‌បង្គំ

ទំនុក​នៃ​ស្តេច​ដាវីឌ។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់​ហើយសូម​ប្រញាប់​នឹង​យាង​មក​ឯ​ទូល‌បង្គំសូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សំឡេង​ទូល‌បង្គំក្នុង​កាល​ដែល​ទូល‌បង្គំ​អំពាវ‌នាវ​ផង

2 សូម​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំ​បាន​ផ្សាយ​ឡើងដូច​ជា​គ្រឿង​ក្រអូប​នៅ​ចំពោះ​ទ្រង់និង​ការ​លើក​ដៃ​ប្រណម្យ​របស់​ទូល‌បង្គំបាន​ដូច​ជា​យញ្ញ‌បូជា​ពេល​ល្ងាច

3 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ដាក់​ការ​យាមនៅ​មាត់​ទូល‌បង្គំហើយ​ថែ​រក្សា​ទ្វារ​បបូរ​មាត់​របស់​ទូល‌បង្គំ​ផង

4 សូម​កុំ​ឲ្យ​ចិត្ត​ទូល‌បង្គំ​ល្អៀង​ទៅ​ខាង​សេចក្ដី​អាក្រក់​ណាដើម្បី​ប្រព្រឹត្ត​ការ​អាក្រក់​ជា​មួយ​នឹង​មនុស្សដែល​តែង‌តែ​ធ្វើ​ការ​ទុច្ចរិត​ឡើយហើយ​កុំ​ឲ្យ​ទូល‌បង្គំ​ទទួល​ទាន​ចំណី​ឆ្ងាញ់​របស់​គេឲ្យ​សោះ

5 សូម​ឲ្យ​មនុស្ស​សុចរិត​វាយ​ទូល‌បង្គំ​ចុះនោះ​នឹង​បាន​ជា​គុណហើយ​ឲ្យ​គេ​ប្រដៅ​ទូល‌បង្គំ​ផងនោះ​នឹង​បាន​ដូច​ជា​ប្រេង​ចាក់​លាប​លើ​ក្បាលឯ​ក្បាល​របស់​ទូល‌បង្គំ​នឹង​មិន​ប្រកែក​ទេដ្បិត​ទូល‌បង្គំ​នឹង​នៅ​តែ​អធិស្ឋានក្នុង​កាល​ដែល​កើត​មាន​សេចក្ដី​អាក្រក់​ផង

6 ពួក​ចៅ‌ក្រម​របស់​គេ​បាន​ត្រូវ​បោះ​ចុះ​ទៅដល់​ជើង​ថ្មដា​ហើយគេ​នឹង​ឮ​ពាក្យ​សំដី​របស់​ទូល‌បង្គំដ្បិត​ពាក្យ​ទាំង​នោះ​ផ្អែម‌ល្ហែម

7 អស់​ទាំង​ឆ្អឹង​របស់​យើង​រាល់​គ្នា​បាន​ខ្ចាត់​ខ្ចាយនៅ​មាត់​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ដូច​ជា​កាល​គេ​កាប់ ហើយ​ពុះ​ឱស​នៅ​លើ​ដី

8 ដ្បិត ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយភ្នែក​ទូល‌បង្គំ​មើល​ចំ​ទៅ​ឯ​ទ្រង់ទូល‌បង្គំ​ពឹង​ជ្រក​នៅ​ក្នុង​ទ្រង់សូម​កុំ​បោះ‌បង់​ចោល​ព្រលឹង​នៃ​ទូល‌បង្គំ​ឡើយ

9 សូម​រក្សា​ទូល‌បង្គំ​ឲ្យ​រួច​ពី​អន្ទាក់ដែល​គេ​បាន​ដាក់​សំរាប់​ចាប់​ទូល‌បង្គំហើយ​ពី​អស់​ទាំង​អង្គប់​របស់​ពួក​អ្នកដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ផង

10 សូម​ឲ្យ​មនុស្ស​អាក្រក់​ធ្លាក់​ទៅ​ក្នុង​មង​របស់​ខ្លួន​គេតែ​ឲ្យ​ទូល‌បង្គំ​បាន​រួច​វិញ។