ទំនុក‌ដំកើង 146 KHOV

ព្រះ​ការ‌ពារ​អ្នក​ទន់​ខ្សោយ

1 ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ានែ ព្រលឹង​អញ​អើយចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ

2 កាល​ខ្ញុំ​កំពុង​រស់​នៅ​ឡើយនោះ​ខ្ញុំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ាខ្ញុំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​ខ្ញុំក្នុង​កាល​ដែល​នៅ​មាន​ជីវិត​ត​ទៅ

3 កុំ​ឲ្យ​ទុក​ចិត្ត​នឹង​អ្នក​ធំ ឬ​នឹង​ពូជ‌ពង្ស​នៃ​មនុស្ស​ណា​ឡើយគេ​នឹង​ជួយ​ឯង​មិន​បាន​ទេ

4 គេ​ផុត​ដង្ហើម​ទៅ ហើយ​ត្រឡប់​ទៅ​ជា​ដី​វិញនៅ​ថ្ងៃ​នោះ​ឯង អស់​ទាំង​គំនិត​របស់​គេ​ក៏​សូន្យ​បាត់​ទៅ

5 សប្បាយ​ហើយ អ្នក​ណា​ដែល​មាន​ព្រះ​នៃ​យ៉ាកុបជា​ជំនួយ​របស់​ខ្លួនជា​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន

6 ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដីព្រម​ទាំង​សមុទ្រ និង​របស់​សព្វ​សារពើដែល​នៅ​ស្ថាន​ទាំង​នោះ​ផងទ្រង់​ក៏​រក្សា​សេចក្ដី​ពិត​ត្រង់​ជា​ដរាប

7 ទ្រង់​សំរេច​សេចក្ដី​សុចរិត​ដល់​ពួក​អ្នកដែល​ត្រូវ​គេ​សង្កត់‌សង្កិនក៏​ប្រទាន​អាហារ​ដល់​អស់​អ្នក​ដែល​ឃ្លាន​ដែរព្រះ‌យេហូវ៉ា​ទ្រង់​ស្រាយ​ពួក​អ្នក ដែល​ជាប់​ចំណងឲ្យ​រួច​ចេញ

8 ព្រះ‌យេហូវ៉ា​ទ្រង់​បំភ្លឺ​ភ្នែក​របស់​មនុស្ស​ខ្វាក់ព្រះ‌យេហូវ៉ា​ទ្រង់​លើក​អស់​អ្នក​ដែល​ត្រូវ​ឱនឲ្យ​ត្រង់​ឡើង​វិញព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់​ពួក​មនុស្ស​សុចរិត

9 ព្រះ‌យេហូវ៉ា​ទ្រង់​ការ‌ពារ​ពួក​អ្នក​ប្រទេស​ដទៃទ្រង់​ទប់‌ទល់​ពួក​កូន​កំព្រា និង​ស្រី​មេម៉ាយតែ​ឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់ នោះ​ទ្រង់​បំបត់‌បំបែន​វិញ

10 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សោយ‌រាជ្យ​នៅ​អស់‌កល្ប‌ជានិច្ចគឺ​ព្រះ​នៃ​ឯង ឱ​ក្រុង​ស៊ីយ៉ូន​អើយទ្រង់​នឹង​សោយ‌រាជ្យ ដរាប​ដល់​អស់​ទាំង​ដំណ​ត​ទៅចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។