1 ចូរសរសើរដល់ព្រះយេហូវ៉ាចូរសរសើរដល់ព្រះយេហូវ៉ាពីលើស្ថានសួគ៌ចូរសរសើរដល់ទ្រង់នៅអស់ទាំងទីដ៏ខ្ពស់
2 អស់ទាំងទេវតានៃទ្រង់អើយ ចូរសរសើរដល់ទ្រង់អស់ទាំងពួកពលបរិវារទ្រង់អើយ ចូរសរសើរដល់ទ្រង់ចុះ
3 ព្រះអាទិត្យ និងព្រះចន្ទអើយ ចូរសរសើរដល់ទ្រង់អស់ទាំងផ្កាយដែលភ្លឺអើយ ចូរសរសើរដល់ទ្រង់
4 ផ្ទៃមេឃនៃអស់ទាំងជាន់ផ្ទៃមេឃអើយចូរសរសើរដល់ទ្រង់ចុះហើយឯងដែរ អស់ទាំងទឹកដែលនៅពីលើមេឃទៅទៀតនោះ
5 គួរឲ្យគ្រប់គ្នាសរសើរដល់ព្រះនាមព្រះយេហូវ៉ាដ្បិតទ្រង់បានចេញបង្គាប់ហើយរបស់ទាំងនោះបានកើតមក
6 ទ្រង់បានតាំងរបស់ទាំងនោះឲ្យនៅអស់កល្បជានិច្ចទ្រង់បានដាក់ច្បាប់ហើយ ជាច្បាប់ដែលរបស់ទាំងនោះនឹងមិនប្រព្រឹត្តរំលងឡើយ
7 ចូរសរសើរដល់ព្រះយេហូវ៉ាពីផែនដីដែរនែ អស់ទាំងសត្វសំបើមនៅក្នុងសមុទ្រនិងទីជំរៅទាំងប៉ុន្មាន
8 អស់ទាំងភ្លើង និងព្រិល ហិមៈ និងចំហាយទឹកទាំងខ្យល់ព្យុះ ដែលសំរេចតាមព្រះបន្ទូលទ្រង់
9 ព្រមទាំងភ្នំធំតូចទាំងអស់ដើមឈើដែលមានផ្លែ និងដើមតាត្រៅទាំងប៉ុន្មាន
10 គ្រប់ទាំងសត្វព្រៃ សត្វស្រុក សត្វលូនវារនិងសត្វស្លាប
11 អស់ទាំងស្តេចនៅផែនដី និងបណ្តាជនទាំងឡាយពួកអ្នកធំៗ និងពួកចៅក្រមនៅផែនដី
12 ទាំងមនុស្សកំឡោះ និងស្រីក្រមុំទាំងចាស់ទាំងក្មេងអើយ
13 ត្រូវឲ្យទាំងអស់សរសើរដល់ព្រះនាមព្រះយេហូវ៉ាចុះដ្បិតមានតែព្រះនាមទ្រង់១ ដែលខ្ពស់ប្រសើរសិរីល្អនៃទ្រង់ខ្ពស់ជាងផែនដី និងផ្ទៃមេឃទៅទៀត
14 ទ្រង់បានលើកស្នែងរបស់រាស្ត្រទ្រង់ឡើងទ្រង់ជាទីសរសើរនៃអស់ទាំងពួកអ្នកបរិសុទ្ធរបស់ទ្រង់គឺរបស់ជនជាតិអ៊ីស្រាអែលជាសាសន៍ដែលនៅជិតដិតនឹងទ្រង់ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។