ទំនុក‌ដំកើង 24 KHOV

ព្រះ‌មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ

ទំនុក​នៃ​ស្តេច​ដាវីឌ។

1 ផែនដី និង​សារពើ​នៅ​ផែនដីជា​របស់​ផង​ព្រះ‌យេហូវ៉ាព្រម​ទាំង​លោកីយ៍ និង​បណ្តា​អ្នក​ដែល​នៅ​លោកីយ៍​ផង

2 ដ្បិត​ទ្រង់​បាន​ប្រតិ‌ស្ឋាន​ផែនដី​នៅ​លើ​សមុទ្រហើយ​បាន​តាំង​ឲ្យ​មាំ‌មួន​នៅ​លើ​ទឹក​ទាំង​ពួង។

3 ៙ តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ាតើ​អ្នក​ណា​នឹង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់​បាន

4 គឺ​ជា​អ្នក​ដែល​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធជា​អ្នក​ដែល​មិន​បណ្តោយ​ឲ្យ​ព្រលឹង​ខ្លួន​ទៅ​តាមសេចក្ដី​ភូត‌ភរហើយ​មិន​បាន​ស្បថ​ប្រវ័ញ្ច​គេ​ឡើយ

5 អ្នក​នោះ​នឹង​ទទួល​ពរ​ពី​ព្រះ‌យេហូវ៉ាហើយ​នឹង​សេចក្ដី​សុចរិត​ពី​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្លួន

6 នោះ​ហើយ ជា​ពួក​អ្នក​ដែល​រក​តាម​ទ្រង់គឺ​ដែល​ស្វែង​រក​ព្រះ‌ភក្ត្រ​ទ្រង់​ក្នុង​ពួក​យ៉ាកុប។ បង្អង់

7 ៙ ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​ងើប​ក្បាល​ឡើងឱ​ទ្វារ​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច​អើយ ចូរ​នៅ​ជា​ចំហ​ចុះនោះ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ ទ្រង់​នឹង​យាង​ចូល​មក

8 តើ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ​នេះ​ជា​អ្នក​ណាគឺ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិជា​ព្រះ‌យេហូវ៉ា​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​ក្នុង​ចំបាំង

9 ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​ងើប​ក្បាល​ឡើងឱ​ទ្វារ​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច​អើយ ចូរ​នៅ​ជា​ចំហ​ចុះនោះ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ ទ្រង់​នឹង​យាង​ចូល​មក

10 តើ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ​នេះ​ជា​អ្នក​ណាគឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារទ្រង់​ជា​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ​នោះ​ឯង។ បង្អង់