1 ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមលើកព្រលឹងថ្វាយដល់ទ្រង់
2 ឱព្រះនៃទូលបង្គំអើយ ទូលបង្គំទុកចិត្តនឹងទ្រង់សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយសូមកុំឲ្យពួកខ្មាំងសត្រូវមានសេចក្ដីអំណរដោយឈ្នះទូលបង្គំឲ្យសោះ
3 ប៉ុន្តែអស់អ្នកដែលមានចិត្តសង្ឃឹមដល់ទ្រង់នោះមិនត្រូវខ្មាសឡើយគឺពួកអ្នកប្រព្រឹត្តក្បត់ ដោយឥតហេតុដែលត្រូវខ្មាសវិញ
4 ឱព្រះយេហូវ៉ាអើយ សូមបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ដល់ទូលបង្គំសូមបង្រៀនទូលបង្គំក្នុងផ្លូវច្រករបស់ទ្រង់
5 សូមនាំ ហើយបង្រៀនទូលបង្គំក្នុងសេចក្ដីពិតរបស់ទ្រង់ផងដ្បិតទ្រង់ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំទូលបង្គំសង្ឃឹមដល់ទ្រង់ដរាបរាល់ថ្ងៃ
6 ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីសេចក្ដីមេត្តាដ៏ទន់សន្តោស និងសេចក្ដីសប្បុរសរបស់ទ្រង់ដ្បិតសេចក្ដីទាំងនោះមាននៅពីបុរាណរៀងមក
7 សូមកុំនឹកចាំពីបាបដែលទូលបង្គំប្រព្រឹត្តកាលនៅក្មេងឬអំពើរំលងរបស់ទូលបង្គំនោះឡើយឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីទូលបង្គំដោយសេចក្ដីសប្បុរសនៃទ្រង់វិញដោយយល់ដល់ព្រះគុណរបស់ទ្រង់
8 ព្រះយេហូវ៉ាទ្រង់ល្អ ហើយទៀងត្រង់ដូច្នេះ ទ្រង់នឹងបង្ហាត់មនុស្សមានបាបឲ្យតាមផ្លូវទ្រង់វិញ
9 ទ្រង់នឹងនាំមនុស្សសុភាពក្នុងសេចក្ដីយុត្តិធម៌ហើយនឹងបង្រៀនមនុស្សរាបទាប ឲ្យស្គាល់ផ្លូវទ្រង់
10 អស់ទាំងផ្លូវនៃព្រះយេហូវ៉ា សុទ្ធតែប្រកបដោយសេចក្ដីសប្បុរស និងសេចក្ដីពិតចំពោះអស់អ្នកដែលកាន់តាមសេចក្ដីសញ្ញានិងសេចក្ដីបន្ទាល់របស់ទ្រង់
11 ឱព្រះយេហូវ៉ាអើយ សូមអត់ទោសការទុច្ចរិតដ៏មានទំងន់របស់ទូលបង្គំផងដោយយល់ដល់ព្រះនាមទ្រង់
12 តើមានមនុស្សណាដែលកោតខ្លាចដល់ព្រះយេហូវ៉ាទ្រង់នឹងបង្ហាញឲ្យអ្នកនោះស្គាល់ផ្លូវដែលត្រូវរើសយក
13 ព្រលឹងអ្នកនោះនឹងនៅដោយសុខសាន្តហើយពូជពង្សរបស់អ្នកនោះនឹងបានផែនដីជាមរដក
14 សេចក្ដីមេត្រីមិត្ររបស់ព្រះយេហូវ៉ានៅជាមួយនឹងអ្នកណាដែលកោតខ្លាចដល់ទ្រង់ទ្រង់នឹងសំដែងឲ្យគេស្គាល់សេចក្ដីសញ្ញារបស់ទ្រង់
15 ភ្នែកទូលបង្គំមើលទៅឯព្រះយេហូវ៉ាជាដរាបដ្បិតទ្រង់នឹងដោះជើងទូលបង្គំឲ្យរួចពីអន្ទាក់
16 សូមទ្រង់បែរមកមានសេចក្ដីមេត្តាដល់ទូលបង្គំផងដ្បិតទូលបង្គំនៅតែឯង ហើយមានសេចក្ដីវេទនា
17 សេចក្ដីទុក្ខព្រួយក្នុងចិត្តទូលបង្គំបានកើនឡើងជាខ្លាំងឱសូមនាំទូលបង្គំចេញពីទុក្ខលំបាកនៃទូលបង្គំ
18 សូមពិនិត្យមើលសេចក្ដីវេទនានិងសេចក្ដីនឿយព្រួយរបស់ទូលបង្គំហើយអត់ទោសអស់ទាំងបាបរបស់ទូលបង្គំផង
19 សូមពិចារណាមើលពួកខ្មាំងទូលបង្គំដែលមានគ្នាច្រើនហើយមានសេចក្ដីសំអប់ដល់ទូលបង្គំដោយចិត្តសាហាវណាស់
20 ឱសូមរក្សាព្រលឹងនៃទូលបង្គំ ហើយជួយឲ្យរួចផងសូមកុំឲ្យទូលបង្គំខ្មាសឡើយដ្បិតទូលបង្គំពឹងទ្រង់
21 សូមឲ្យសេចក្ដីសុចរិត និងសេចក្ដីទៀងត្រង់ការពារទូលបង្គំទុក ត្បិតទូលបង្គំសង្ឃឹមដល់ទ្រង់
22 ឱព្រះអង្គអើយ សូមលោះសាសន៍អ៊ីស្រាអែលឲ្យរួចពីគ្រប់សេចក្ដីវេទនារបស់គេផង។