1 ឱព្រះអម្ចាស់អើយសូមទ្រង់វិនិច្ឆ័យឲ្យទូលបង្គំដ្បិតទូលបង្គំបានដើរតាមចិត្តគ្រប់លក្ខណ៍របស់ទូលបង្គំក៏បានទុកចិត្តនឹងព្រះយេហូវ៉ាឥតល្អៀងឡើយ
2 ឱព្រះអម្ចាស់អើយ សូមពិនិត្យទូលបង្គំមើលព្រមទាំងល្បងលទូលបង្គំហើយសាកចិត្តថ្លើមរបស់ទូលបង្គំផង
3 ដ្បិតសេចក្ដីសប្បុរសនៃទ្រង់នៅចំពោះភ្នែកទូលបង្គំហើយទូលបង្គំបានដើរតាមសេចក្ដីពិតរបស់ទ្រង់
4 ទូលបង្គំមិនបានអង្គុយរួមជាមួយនឹងមនុស្សភូតភរឡើយក៏មិនបានសមាគមជាមួយនឹងមនុស្សមានពុតដែរ
5 ទូលបង្គំស្អប់ចំពោះជំនុំនៃពួកមនុស្សដែលប្រព្រឹត្តអាក្រក់ក៏មិនព្រមអង្គុយជាមួយនឹងពួកមានចិត្តអាក្រក់ឡើយ
6 ទូលបង្គំនឹងមិនលាដៃ ជាសំគាល់ថា ឥតមានទោសទេយ៉ាងនោះ ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងដើរក្រឡឹងអាសនាទ្រង់
7 ដើម្បីបានបន្លឺសំឡេងអរព្រះគុណហើយថ្លែងប្រាប់ពីគ្រប់ទាំងការអស្ចារ្យរបស់ទ្រង់
8 ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្រឡាញ់ទីឈប់សំរាកនៅដំណាក់ទ្រង់ជាទីសណ្ឋិតនៅនៃសិរីល្អទ្រង់
9 សូមកុំដកព្រលឹងទូលបង្គំចេញ ជាមួយនឹងពួកមានបាបឬជីវិតទូលបង្គំ ជាមួយនឹងមនុស្សដែលកំចាយឈាម
10 ដែលសុទ្ធតែមានការអាក្រក់ជាប់នៅដៃគេហើយដៃស្តាំរបស់គេពេញដោយសំណូកផងនោះឡើយ
11 ចំណែកទូលបង្គំៗនឹងដើរដោយចិត្តគ្រប់លក្ខណ៍របស់ទូលបង្គំតទៅសូមលោះ ហើយមេត្តាប្រោសដល់ទូលបង្គំផង
12 ជើងទូលបង្គំឈរនៅក្នុងផ្លូវទៀងត្រង់ហើយទូលបង្គំនឹងលើកសរសើរដល់ព្រះយេហូវ៉ានៅក្នុងពួកជំនុំទាំងប៉ុន្មាន។