1 ឱព្រះយេហូវ៉ាអើយ ទូលបង្គំពឹងជ្រកក្នុងទ្រង់សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយសូមជួយទូលបង្គំឲ្យរួច ដោយសេចក្ដីសុចរិតរបស់ទ្រង់
2 សូមផ្ទៀងព្រះកាណ៌មកស្តាប់ទូលបង្គំហើយជួយឲ្យទូលបង្គំរួចជាប្រញាប់សូមទ្រង់ធ្វើជាថ្មដាមាំមួនដល់ទូលបង្គំគឺជាបន្ទាយសំរាប់ជួយសង្គ្រោះទូលបង្គំផង
3 ដ្បិតទ្រង់ជាថ្មដា ហើយជាបន្ទាយនៃទូលបង្គំពិតហេតុនោះ សូមទ្រង់នាំ ហើយដំរង់ទូលបង្គំដោយយល់ដល់ព្រះនាមទ្រង់
4 សូមទ្រង់ដោះទូលបង្គំចេញពីអន្ទាក់ ដែលគេបានដាក់ដោយលួចលាក់ ដើម្បីនឹងចាប់ទូលបង្គំដ្បិតទ្រង់ជាទីពឹងរបស់ទូលបង្គំហើយ
5 ទូលបង្គំប្រគល់ព្រលឹងវិញ្ញាណនៅក្នុងព្រះហស្តទ្រង់ឱព្រះយេហូវ៉ា ជាព្រះនៃសេចក្ដីពិតអើយទ្រង់បានលោះទូលបង្គំទុក
6 ទូលបង្គំស្អប់ចំពោះអស់អ្នកដែលយកចិត្តទុកដាក់នឹងសេចក្ដីភូតភរឯទូលបង្គំវិញ បានពឹងដល់ព្រះយេហូវ៉ា
7 ទូលបង្គំនឹងមានចិត្តអំណរ ហើយរីករាយដោយសេចក្ដីសប្បុរសរបស់ទ្រង់ដ្បិតទ្រង់បានឃើញសេចក្ដីវេទនារបស់ទូលបង្គំហើយក៏បានជ្រាបពីសេចក្ដីថប់ព្រួយក្នុងព្រលឹងទូលបង្គំដែរ