1 ឱព្រះយេហូវ៉ាអើយសូមទ្រង់ការពារទូលបង្គំចំពោះពួកអ្នកដែលតតាំងនឹងទូលបង្គំសូមទ្រង់តស៊ូនឹងពួកអ្នកដែលតស៊ូនឹងទូលបង្គំផង
2 សូមចាប់យកទាំងខែលតូចធំ ហើយក្រោកឡើងជួយទូលបង្គំ
3 សូមងាលំពែងរាំងផ្លូវពួកអ្នកដែលដេញតាមទូលបង្គំសូមមានព្រះបន្ទូលមកព្រលឹងទូលបង្គំថាព្រះអង្គជាសេចក្ដីសង្គ្រោះនៃទូលបង្គំ
4 សូមឲ្យអស់អ្នកដែលប៉ងអាក្រក់ដល់ព្រលឹងទូលបង្គំបានទៅជាមានសេចក្ដីខ្មាស ហើយអាប់យសទៅសូមឲ្យអស់អ្នកដែលគិតប្រទូសរ៉ាយដល់ទូលបង្គំបានត្រូវថយចេញដោយខ្មាសវិញ
5 សូមឲ្យគេបានដូចជាចំបើងដែលខ្យល់ផាត់ទៅហើយឲ្យទេវតានៃព្រះយេហូវ៉ាដេញតាមគេផង
6 សូមឲ្យផ្លូវគេបានងងឹត ហើយរឥលព្រមទាំងមានទេវតានៃព្រះយេហូវ៉ាដេញតាមគេដែរ
7 ដ្បិតគេបានលាក់អន្ទាក់នៅក្នុងរណ្តៅដើម្បីចាប់ទូលបង្គំដោយឥតហេតុគេបានជីករណ្តៅទាក់ព្រលឹងទូលបង្គំ ដោយឥតហេតុ
8 សូមឲ្យសេចក្ដីហិនវិនាសលោមកលើគេដោយឥតដឹងខ្លួនហើយឲ្យអន្ទាក់ដែលគេបានលាក់នោះ ជាប់ខ្លួនគេវិញសូមឲ្យគេធ្លាក់ទៅជាប់អន្ទាក់នោះ ហើយវិនាសទៅផង
9 នោះព្រលឹងទូលបង្គំនឹងមានសេចក្ដីអំណរក្នុងព្រះយេហូវ៉ាហើយនឹងមានសេចក្ដីរីករាយដោយសេចក្ដីសង្គ្រោះរបស់ទ្រង់
10 អស់ទាំងឆ្អឹងនៃទូលបង្គំនឹងពោលថាឱព្រះយេហូវ៉ាអើយ តើមានអ្នកណាដូចទ្រង់ដែលទ្រង់ជួយមនុស្សក្រីក្រឲ្យរួចពីអ្នកដែលខ្លាំងជាងខ្លួនអើ ទាំងពួកក្រីក្រ និងមនុស្សកំសត់ឲ្យរួចពីអ្នករឹបជាន់ខ្លួន
11 មានសាក្សីកោងលើកគ្នាឡើងគេចោទសួរពីរឿងដែលទូលបង្គំមិនដឹង
12 គេប្រព្រឹត្តការអាក្រក់ដល់ទូលបង្គំ ស្នងនឹងការល្អដើម្បីឲ្យព្រលឹងទូលបង្គំត្រូវនៅតែឯង
13 តែឯទូលបង្គំ កាលគេបានឈឺ នោះទូលបង្គំបានស្លៀកពាក់សំពត់ធ្មៃទូលបង្គំបានសំដែងសេចក្ដីទុក្ខ ដោយតមអត់អាហារហើយសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានត្រឡប់ចូលមកក្នុងទ្រូងខ្លួនវិញ
14 ទូលបង្គំបានប្រព្រឹត្ត បែបដូចជាអ្នកនោះជាសំឡាញ់ឬជាបងប្អូនទូលបង្គំបានឱនខ្លួនដោយសេចក្ដីសោកដូចជាអ្នកដែលកាន់ទុក្ខចំពោះម្តាយ
15 តែក្នុងគ្រាដែលទូលបង្គំកើតមានសេចក្ដីទំនាស់ចិត្តនោះគេបានអរសប្បាយវិញ ព្រមទាំងប្រជុំគ្នាផងមនុស្សចង្រៃនោះ គេប្រជុំគ្នាទាស់នឹងទូលបង្គំតែទូលបង្គំមិនបានដឹងខ្លួនសោះ គេបានហែកទូលបង្គំឥតឈប់ឈរ
16 គេបានសំញែងធ្មេញដាក់ទូលបង្គំដូចជាពួកអ្នកមានពុត ដែលប្រមាថក្នុងពេលលៀងលោមគ្នា
17 ឱព្រះអម្ចាស់អើយ តើទ្រង់នឹងព្រងើយចំពោះគេដល់កាលណាទៀតសូមដោះព្រលឹងទូលបង្គំឲ្យរួចពីការបំផ្លាញរបស់គេហើយដួងជីវិតនៃទូលបង្គំឲ្យរួចពីសិង្ហ
18 ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅក្នុងពួកជំនុំធំទូលបង្គំនឹងសរសើរដល់ទ្រង់ នៅកណ្តាលមហាជន
19 សូមកុំឲ្យពួកខ្មាំងសត្រូវរបស់ទូលបង្គំមានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឡើយក៏កុំឲ្យពួកអ្នកដែលស្អប់ទូលបង្គំ ដោយឥតហេតុបានមិចភ្នែកដាក់គ្នាដែរ
20 ដ្បិតគេមិននិយាយដោយសេចក្ដីមេត្រីទេគឺគេគិតតែបង្កើតសេចក្ដីភូតភរចំពោះមនុស្សស្ងប់រំងាប់នៅក្នុងស្រុកវិញ
21 អើ គេហាមាត់ធំទាស់នឹងទូលបង្គំ ដោយថាន៏ ន៏ ភ្នែកយើងបានឃើញច្បាស់ហើយ
22 ឱព្រះយេហូវ៉ាអើយ ទ្រង់បានឃើញដែរសូមកុំនៅស្ងៀមឡើយឱព្រះអម្ចាស់អើយ សូមទ្រង់កុំគង់ឆ្ងាយពីទូលបង្គំឲ្យសោះ
23 សូមទ្រង់រឭកឡើង ហើយតើនមកវិនិច្ឆ័យទូលបង្គំដោយយុត្តិធម៌ឱព្រះដ៏ជាព្រះអម្ចាស់នៃទូលបង្គំអើយសូមវិនិច្ឆ័យរឿងក្តីនៃទូលបង្គំផង
24 ឱព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយសូមវិនិច្ឆ័យទូលបង្គំតាមសេចក្ដីសុចរិតរបស់ទ្រង់សូមកុំឲ្យគេមានសេចក្ដីអំណរដោយឈ្នះទូលបង្គំឡើយ
25 កុំឲ្យគេគិតក្នុងចិត្តថា ន៍ សមដូចយើងប្រាថ្នាហើយកុំឲ្យគេថា យើងបានលេបវាបាត់ហើយ
26 ឯអស់អ្នកដែលអរសប្បាយដោយសេចក្ដីអន្តរាយរបស់ទូលបង្គំនោះសូមឲ្យគេទៅជាមានសេចក្ដីខ្មាស ហើយជ្រប់មុខចុះឯអស់អ្នកដែលលើកគ្នាទាស់នឹងទូលបង្គំនោះសូមឲ្យគេហ៊ុមហ ដោយសេចក្ដីខ្មាសនិងអាប់យសទៅ
27 តែអស់អ្នកដែលកាន់ខាងសេចក្ដីសុចរិតរបស់ទូលបង្គំសូមឲ្យគេបានស្រែកហ៊ោឡើងដោយអំណរហើយសប្បាយវិញអើ សូមឲ្យគេបានពោលជានិច្ចថា សូមឲ្យព្រះយេហូវ៉ាបានថ្កើងរុងរឿងឡើង ដែលទ្រង់សព្វព្រះហឫទ័យចំពោះសេចក្ដីចំរើននៃអ្នកបំរើទ្រង់
28 យ៉ាងនោះ អណ្តាតទូលបង្គំនឹងថ្លែងប្រាប់ពីសេចក្ដីសុចរិតរបស់ទ្រង់ហើយពីសេចក្ដីសរសើរនៃទ្រង់ជាដរាបរាល់ថ្ងៃ។