1 ឱព្រះយេហូវ៉ាអើយ សូមកុំបន្ទោសទូលបង្គំក្នុងកាលដែលទ្រង់ខ្ញាល់ក៏កុំវាយផ្ចាលទូលបង្គំ ដោយព្រះហឫទ័យក្តៅឡើយ
2 ដ្បិតព្រួញរបស់ទ្រង់ជាប់គាំងនៅក្នុងខ្លួនទូលបង្គំហើយព្រះហស្តទ្រង់ក៏សង្កត់ទូលបង្គំខ្លាំងណាស់ផង
3 គ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ ដែលមិនឈឺនោះទេដោយព្រោះសេចក្ដីខ្ញាល់របស់ទ្រង់ក៏គ្មានសេចក្ដីសុខនៅក្នុងឆ្អឹងទូលបង្គំដែរដោយព្រោះបាបរបស់ទូលបង្គំ
4 ដ្បិតអំពើទុច្ចរិតរបស់ទូលបង្គំបានឡើងលិចក្បាលទូលបង្គំហើយក៏ដូចជាបន្ទុកយ៉ាងធ្ងន់ ដែលទូលបង្គំទ្រាំមិនបាន
5 អស់ទាំងរបួសនៃទូលបង្គំ សុទ្ធតែរលួយ ហើយស្អុយដោយព្រោះអំពើឆោតខ្លៅរបស់ទូលបង្គំ
6 ទូលបង្គំឈឺ ហើយកោងខ្លួនចុះជាខ្លាំងទូលបង្គំដើរទាំងមានទុក្ខគ្រាំជាដរាបរាល់ថ្ងៃ
7 ដ្បិតទូលបង្គំមានសេចក្ដីរោលរាលពេញនៅក្នុងពោះហើយគ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំដែលមិនឈឺនោះឡើយ
8 ទូលបង្គំហេវ ហើយត្រូវជាំជាខ្លាំងទូលបង្គំបានថ្ងូរ ដោយព្រោះសេចក្ដីថែថប់ក្នុងចិត្ត។
9 ៙ ឱព្រះអម្ចាស់អើយអស់ទាំងសេចក្ដីប៉ងប្រាថ្នារបស់ទូលបង្គំនៅចំពោះទ្រង់ហើយដំងូររបស់ទូលបង្គំក៏មិនលាក់នឹងទ្រង់ដែរ
10 ចិត្តទូលបង្គំកំរើកជាខ្លាំងហើយកំឡាំងនៃទូលបង្គំក៏អន់ថយឯពន្លឺនៃភ្នែកទូលបង្គំ នោះក៏ងងឹតទៅ
11 ពួកមិត្រសំឡាញ់ និងពួកដែលធ្លាប់ភប់ប្រសព្វនឹងទូលបង្គំគេឈរឃ្លាតពីសេចក្ដីវេទនារបស់ទូលបង្គំហើយទាំងបងប្អូននៃទូលបង្គំក៏ឈរនៅឆ្ងាយដែរ
12 ឯពួកអ្នកដែលស្វែងរកជីវិតទូលបង្គំ គេដាក់អន្ទាក់ហើយពួកអ្នកដែលប៉ងប្រទូសរ៉ាយនឹងទូលបង្គំ គេពោលទំលាក់សេចក្ដីអាក្រក់ ហើយគិតតែឧបាយជាដរាបរាល់ថ្ងៃ
13 តែទូលបង្គំមិនឮទេ ដូចជាមនុស្សថ្លង់ក៏មិនហាមាត់ស្តីដែរ ដូចជាមនុស្សគ
14 អើ ទូលបង្គំដូចជាមនុស្សដែលមិនឮសោះហើយដែលគ្មានពាក្យសបនៅក្នុងមាត់ឡើយ។
15 ៙ ដ្បិត ឱព្រះយេហូវ៉ាអើយ ទូលបង្គំសង្ឃឹមដល់ទ្រង់ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយទ្រង់នឹងឆ្លើយតបចំពោះគេ
16 ពីព្រោះទូលបង្គំបាននឹកថា ក្រែងគេមានសេចក្ដីអំណរដោយទូលបង្គំភ្លាត់ជើងហើយគេអួតខ្លួនទាស់នឹងទូលបង្គំ
17 ដ្បិតទូលបង្គំជិតដួលហើយសេចក្ដីទុក្ខព្រួយរបស់ទូលបង្គំនៅមុខទូលបង្គំជានិច្ច
18 ទូលបង្គំនឹងលន់តួអំពើទុច្ចរិតរបស់ទូលបង្គំហើយនឹងឈឺចិត្ត ដោយព្រោះអំពើបាបរបស់ទូលបង្គំដែរ
19 ប៉ុន្តែពួកខ្មាំងសត្រូវនៃទូលបង្គំគេស្វិតស្វាញហើយមានកំឡាំងឯពួកអ្នកដែលស្អប់ទូលបង្គំ ដោយឥតហេតុក៏ចំរើនជាច្រើនឡើង
20 ពួកអ្នកដែលប្រព្រឹត្តការអាក្រក់ស្នងនឹងគុណគេតតាំងនឹងទូលបង្គំដោយព្រោះតែទូលបង្គំប្រព្រឹត្តតាមការល្អ
21 ឱព្រះយេហូវ៉ាអើយ សូមកុំលះចោលទូលបង្គំឡើយឱព្រះនៃទូលបង្គំអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឲ្យសោះ
22 ឱព្រះអម្ចាស់ ជាសេចក្ដីសង្គ្រោះនៃទូលបង្គំអើយសូមប្រញាប់នឹងជួយទូលបង្គំផង។