1 ខ្ញុំបានរង់ចាំព្រះយេហូវ៉ា ដោយអំណត់ទ្រង់ក៏បានផ្អៀងព្រះកាណ៌មកស្តាប់ហើយទទួលតាមសំរែករបស់ខ្ញុំ
2 ទ្រង់បានស្រង់ខ្ញុំចេញពីអន្លង់គួរស្បើម ឲ្យរួចពីភក់ស្អិតក៏ដាក់ជើងខ្ញុំលើថ្មដា ព្រមទាំងតាំងជំហានខ្ញុំឲ្យខ្ជាប់ខ្ជួន
3 ទ្រង់បានបណ្តាលឲ្យមានទំនុកថ្មីនៅក្នុងមាត់ខ្ញុំគឺជាសេចក្ដីសរសើរដល់ព្រះនៃយើងខ្ញុំមនុស្សជាច្រើននឹងឃើញ ព្រមទាំងមានសេចក្ដីកោតខ្លាចហើយនឹងទុកចិត្តដល់ព្រះយេហូវ៉ាផង
4 មានពរហើយ អ្នកណាដែលយកព្រះយេហូវ៉ាជាទីពឹងឥតយល់ដល់មនុស្សឆ្មើងឆ្មៃឬពួកអ្នកដែលបែរទៅឯសេចក្ដីភូតភរឡើយ។
5 ៙ ឱព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយការអស្ចារ្យដែលទ្រង់បានធ្វើ នោះមានច្រើនណាស់ព្រមទាំងគំនិតដែលទ្រង់នឹកដល់យើងខ្ញុំផងគ្មានអ្នកណាអាចនឹងរៀបរាប់ដោយលំដាប់ពីការទាំងនោះ នៅចំពោះទ្រង់បានឡើយបើទូលបង្គំនឹងចង់និទានប្រាប់នោះមានច្រើនហួសកំណត់នឹងរាប់បាន
6 ឯយញ្ញបូជា ហើយនឹងដង្វាយ នោះទ្រង់មិនសព្វព្រះហឫទ័យទេទ្រង់បានបើកត្រចៀកឲ្យទូលបង្គំស្តាប់តាមទ្រង់មិនចង់បានដង្វាយដុតឬយញ្ញបូជាលោះបាបនោះទេ
7 បានជាទូលបង្គំទូលថា មើល ទូលបង្គំមកហើយសេចក្ដីនេះបានកត់ទុកពីទូលបង្គំ នៅក្នុងគម្ពីរហើយ
8 គឺថា ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្ដីអំណរនឹងធ្វើតាមព្រះហឫទ័យទ្រង់អើ ក្រឹត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ
9 ទូលបង្គំបានប្រកាសដំណឹងល្អ ពីសេចក្ដីសុចរិតនៅក្នុងជំនុំធំមើល ឱព្រះយេហូវ៉ាអើយ ទ្រង់ជ្រាបហើយថាទូលបង្គំនឹងមិនទប់មាត់ឡើយ
10 ទូលបង្គំមិនបានលាក់សេចក្ដីសុចរិតរបស់ទ្រង់នៅក្នុងចិត្តទេគឺបានថ្លែងប្រាប់ពីសេចក្ដីស្មោះត្រង់និងសេចក្ដីសង្គ្រោះរបស់ទ្រង់វិញក៏មិនបានបំបិទសេចក្ដីសប្បុរស និងសេចក្ដីពិតរបស់ទ្រង់ នៅក្នុងជំនុំធំដែរ
11 ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងសេចក្ដីមេត្តាករុណារបស់ទ្រង់ចំពោះទូលបង្គំឡើយសូមឲ្យសេចក្ដីសប្បុរសនឹងសេចក្ដីពិតត្រង់របស់ទ្រង់បានថែរក្សាទូលបង្គំជានិច្ច
12 ដ្បិតមានសេចក្ដីអាក្រក់ឥតគណនាព័ទ្ធទូលបង្គំជុំវិញអំពើទុច្ចរិតរបស់ទូលបង្គំ បានតាមទូលបង្គំទាន់ហើយបានជាទូលបង្គំមិនអាចនឹងងើបឡើងមើលបានឡើយអំពើទាំងនោះច្រើនជាងសរសៃសក់លើក្បាលទូលបង្គំចិត្តទូលបង្គំក៏អស់សង្ឃឹមទៅ
13 ឱព្រះយេហូវ៉ាអើយ សូមទ្រង់សព្វព្រះហឫទ័យនឹងជួយទូលបង្គំឲ្យរួចឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងជួយទូលបង្គំផង
14 ឯអស់អ្នកដែលរកបំផ្លាញព្រលឹងទូលបង្គំនោះសូមឲ្យគេត្រូវមានសេចក្ដីខ្មាស ហើយលាក់មុខទាំងអស់គ្នាឯពួកអ្នកដែលប៉ងប្រទូស្តនឹងទូលបង្គំនោះសូមឲ្យគេត្រូវថយចេញព្រមទាំងមានសេចក្ដីអាប់យសផង
15 ឯអស់អ្នកដែលនិយាយមកទូលបង្គំថាន៏ ន៏ នោះសូមឲ្យគេត្រូវស្រឡាំងកាំង ដោយសេចក្ដីខ្មាសរបស់គេទៅ
16 ចំណែកពួកអស់អ្នកដែលស្វែងរកទ្រង់នោះសូមឲ្យគេបានរីករាយសប្បាយក្នុងទ្រង់ចុះសូមឲ្យអស់អ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះនៃទ្រង់បានពោលជានិច្ចថាសូមឲ្យព្រះយេហូវ៉ាបានថ្កើងឡើង
17 ឯទូលបង្គំៗក្រីក្រ ហើយទុគ៌តប៉ុន្តែព្រះអម្ចាស់ទ្រង់នឹកដល់ទូលបង្គំដែរទ្រង់ជាជំនួយ ហើយជាអ្នកប្រោសឲ្យទូលបង្គំរួចផងឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ។