ទំនុក‌ដំកើង 71 KHOV

ពាក្យ​អធិស្ឋាន​របស់​មនុស្ស​ចាស់‌ជរា

1 ឱ​ព្រះ‌យេហូវ៉ា​អើយទូល‌បង្គំ​ពឹង​ជ្រក​នៅ​ក្នុង​ទ្រង់សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ

2 សូម​ទ្រង់​ដោះ​ទូល‌បង្គំ​ឲ្យ​រួច ហើយ​ស្រោច​ស្រង់ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់សូម​ផ្ទៀង​ព្រះ‌កាណ៌​មក​ស្តាប់ ហើយ​ជួយ​សង្គ្រោះទូល‌បង្គំ​ផង

3 សូម​ឲ្យ​ទ្រង់​ធ្វើ​ជា​ថ្មដា សំរាប់​ជា​ទី​លំនៅ​ដល់​ទូល‌បង្គំជា​កន្លែង​ដែល​ទូល‌បង្គំ​ទៅ​មក​ជានិច្ច​បានទ្រង់​បាន​ចេញ​បង្គាប់​ឲ្យ​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ហើយដ្បិត​ទ្រង់​ជា​ថ្មដា ហើយ​ជា​បន្ទាយ​របស់​ទូល‌បង្គំ។

4 ៙ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ស្រោច​ស្រង់​ទូល‌បង្គំឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់គឺ​ឲ្យ​ចេញ​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​ទុច្ចរិត​ដ៏​សាហាវ​ផង

5 ដ្បិត​ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយទ្រង់​ជា​ទី​សង្ឃឹម​នៃ​ទូល‌បង្គំទ្រង់​ជា​ទី​ទុក​ចិត្ត​ដល់​ទូល‌បង្គំ​តាំង​តែ​ពី​ក្មេង​មក

6 គឺ​ទ្រង់​ហើយ​ដែល​ថែ​រក្សា​ទូល‌បង្គំ តាំង​ពី​ផ្ទៃ​ម្តាយ​មកទ្រង់​បាន​គាំ​ទូល‌បង្គំ​ឲ្យ​ចេញ​ចាក​ពី​ពោះ​ម្តាយទូល‌បង្គំ​នឹង​សរសើរ​ពី​ទ្រង់​ជានិច្ច។

7 ៙ ទូល‌បង្គំ​ជា​ទី​អស្ចារ្យ​ដល់​មនុស្ស​ជា​ច្រើនតែ​គឺ​ទ្រង់​ជា​ទី​ពឹង​មាំ‌មួន​របស់​ទូល‌បង្គំ​ទេ

8 មាត់​ទូល‌បង្គំ​នឹង​ពេញ​ដោយ​សេចក្ដី​សរសើរ​ដល់​ទ្រង់ហើយ​នឹង​ពោល​ពី​កិត្តិសព្ទ​នៃ​ព្រះ‌នាម​ទ្រង់​ដរាប​រាល់​ថ្ងៃ

9 សូម​កុំ​បោះ‌បង់​ចោល​ទូល‌បង្គំក្នុង​កាល​ដែល​ចាស់‌ជរា​ឡើយហើយ​កុំ​លះ‌បង់​ទូល‌បង្គំក្នុង​កាល​ដែល​មាន​កំឡាំង​អន់‌ថយ​នោះ​ដែរ

10 ដ្បិត​ពួក​ខ្មាំង​សត្រូវ គេ​និយាយ​ដើម​ពី​ទូល‌បង្គំហើយ​ពួក​អ្នក​ដែល​ចាំ​មើល​ជីវិត​ទូល‌បង្គំ គេ​ជំនុំ​គ្នា​ថា

11 ព្រះ​បាន​បោះ‌បង់​ចោល​វា​ហើយចូរ​យើង​ដេញ​តាម​ចាប់​វា​ចុះដ្បិត​គ្មាន​អ្នក​ណា​នឹង​ជួយ​វា​សោះ។

12 ៙ ឱ​ព្រះ‌អង្គ​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ប្រញាប់​មក​ជួយ​ទូល‌បង្គំ​ផង

13 សូម​ឲ្យ​ពួក​អ្នក​ដែល​ទាស់​ទទឹង​នឹង​ជីវិត​ទូល‌បង្គំបាន​ត្រូវ​អៀន‌ខ្មាស ហើយ​វិនាស​សូន្យ​ទៅឯ​ពួក​អ្នក​ដែល​រក​ប្រទូស្ត​នឹង​ទូល‌បង្គំនោះ​សូម​ឲ្យ​គេ​បាន​គ្រប​ពេញ​ដោយ​សេចក្ដី​ដំនៀលនិង​អាប់‌យស​វិញ

14 ឯ​ទូល‌បង្គំ​នឹង​មាន​សង្ឃឹម​ជានិច្ចហើយ​នឹង​សរសើរ​ដល់​ទ្រង់​កាន់​តែ​ច្រើន​ឡើង

15 មាត់​ទូល‌បង្គំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​សុចរិតនិង​ពី​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃពី​ព្រោះ​ទូល‌បង្គំ​មិន​ដឹង​ជា​មាន​ចំនួន​ប៉ុន្មាន​ទេ

16 ទូល‌បង្គំ​នឹង​ទៅ​ដោយ​ព្រះ‌ចេស្តា​របស់ព្រះ‌អម្ចាស់​យេហូវ៉ាហើយ​នឹង​ដំណាល​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់គឺ​របស់​ទ្រង់​តែ​១​ប៉ុណ្ណោះ។

17 ៙ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​បង្ហាត់​បង្រៀន​ទូល‌បង្គំតាំង​តែ​ពី​ក្មេង​មកហើយ​ដរាប​ដល់​ឥឡូវ​នេះ ទូល‌បង្គំ​បាន​សំដែងពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់

18 ឱ​ព្រះ‌អង្គ​អើយ សូម​កុំ​លះ‌បង់​ចោល​ទូល‌បង្គំ​ឡើយទោះ​ទាំង​វេលា​ដែល​ទូល‌បង្គំ​ចាស់​សក់​ស្កូវ​ហើយ​ផងដរាប​ដល់​ទូល‌បង្គំ​បាន​ថ្លែង​ប្រាប់​ពី​ព្រះ‌ចេស្តា​ទ្រង់ដល់​ដំណ​មនុស្ស​ជាន់​ក្រោយនិង​ពី​ឥទ្ធា‌នុភាព​ទ្រង់ដល់​ពួក​អ្នក​ដែល​ត្រូវ​កើត​ខាង​មុខ

19 ឯ​សេចក្ដី​សុចរិត​របស់​ទ្រង់ ឱ​ព្រះ‌អង្គ​អើយនោះ​ខ្ពស់​ណាស់ចំណែក​ឯ​ទ្រង់​ដែល​បាន​ធ្វើ​ការ​យ៉ាង​ធំឱ​ព្រះ‌អង្គ​អើយ តើ​មាន​អ្នក​ណា​ដូច​ទ្រង់។

20 ៙ ទ្រង់​បាន​ឲ្យ​យើង​ខ្ញុំ​ឃើញ​សេចក្ដី​វេទនា​ដ៏​លំបាកជា​ច្រើន​ហើយតែ​ទ្រង់​នឹង​ប្រោស​ឲ្យ​មាន​ជីវិត​ចំរើន​ឡើង​វិញទ្រង់​នឹង​នាំ​យើង​ខ្ញុំ​ឡើង​ចេញ​ពី​ទី​ជំរៅ​នៃ​ផែនដី

21 សូម​លើក​សេចក្ដី​ខ្ពង់‌ខ្ពស់​នៃ​ទូល‌បង្គំ​ឡើងហើយ​វិល​មក​ជួយ​កំសាន្ត​ទូល‌បង្គំ​វិញ។

22 ៙ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​សរសើរ​ទ្រង់ដោយ​ពិណ​ដែរគឺ​នឹង​សរសើរ​ពី​សេចក្ដី​ពិត​របស់​ទ្រង់ឱ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ថ្វាយ​ទ្រង់​តាម​ស៊ុង

23 កាល​ណា​ទូល‌បង្គំ​ច្រៀង​សរសើរ​ដល់​ទ្រង់នោះ​បបូរ​មាត់​នៃ​ទូល‌បង្គំ​នឹង​បន្លឺ​ឡើង​ដោយ​អំណរព្រម​ទាំង​ព្រលឹង​នៃ​ទូល‌បង្គំ​ដែល​ទ្រង់​បាន​លោះ​នោះ​ផង

24 ឯ​អណ្តាត​របស់​ទូល‌បង្គំ នឹង​និទានពី​សេចក្ដី​សុចរិត​របស់​ទ្រង់ ជា​ដរាប​រាល់​ថ្ងៃដ្បិត​ពួក​អ្នក​ដែល​រក​ប្រទូស្ត​នឹង​ទូល‌បង្គំគេ​បាន​ត្រូវ​អៀន‌ខ្មាស​មូរ​មុខ​ចុះ​ហើយ។