ទំនុក‌ដំកើង 73 KHOV

ប៉ែក​ទី​៣

សេចក្ដី​សុចរិត​តែង‌តែ​មាន​ជ័យ‌ជំនះ

ទំនុក​របស់​អេសាភ។

1 ប្រាកដ​មែន ព្រះ​ទ្រង់​ប្រព្រឹត្ត​ល្អដល់​សាសន៍​អ៊ីស្រា‌អែលគឺ​ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​ត្រចះ

2 តែ​ឯ​ជើង​ទូល‌បង្គំ បាន​កន្ធែក​ចេញ​ហៀប​នឹង​ផុត​ទី​ហើយជំហាន​នៃ​ទូល‌បង្គំ​បាន​ហៀប​នឹង​រឥល​ភ្លាត់​ទៅ

3 ដ្បិត​ទូល‌បង្គំ​មាន​សេចក្ដី​ច្រណែន​ចំពោះ​មនុស្ស​អំនួតដោយ​ឃើញ​សេចក្ដី​ចំរើនរបស់​មនុស្ស​អាក្រក់​នោះ។

4 ៙ ពី​ព្រោះ​កាល​គេ​ស្លាប់ នោះ​គ្មាន​ឈឺ​ចាប់​អ្វី​សោះគឺ​កំឡាំង​គេ​នៅ​តែ​មាំ‌មួន​ដដែល

5 គេ​មិន​មាន​ទុក្ខ ដូច​ជា​មនុស្ស​ធម្មតា​ឡើយក៏​មិន​ត្រូវ​វេទនា ដូច​មនុស្ស​ដទៃ​ដែរ

6 ហេតុ​នោះ​បាន​ជា​សេចក្ដី​អំនួត​របស់​គេប្រៀប​ដូច​ជា​ខ្សែ​ច្រវាក់​ពាក់​នៅ​កហើយ​គេ​ប្រដាប់​ខ្លួន ដោយ​សេចក្ដី​ច្រឡោត

7 ភ្នែក​គេ​លៀន​ចេញ ដោយ​មាន​សាច់​ច្រើនគេ​មាន​ច្រើន​លើស​ជាង​ចិត្ត​ប្រាថ្នា​ទៅ​ទៀត

8 គេ​ចំអក​ឡក‌ឡឺយ ហើយ​ពោល​ជា​ការ​គំហក‌កំហែងដោយ​ចិត្ត​អាក្រក់ក៏​និយាយ​ដោយ​ពាក្យ​ធំ​ខ្ពស់

9 គេ​តាំង​មាត់​ពោល​ទាស់​នឹង​ស្ថាន‌សួគ៌ហើយ​អណ្តាត​គេ​បង្វិល​ទៅ​មក​ពេញ​លើ​ផែនដី។

10 ៙ ហេតុ​នោះ​បាន​ជា​រាស្ត្រ​របស់​ទ្រង់​វិល​មក​ឯ​ណេះក៏​ផឹក​សំរេង​ទឹក​ដែល​ពេញ​ពែង​ផង

11 គេ​សួរ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ​ជ្រាប​បានតើ​ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​ប្រកប​ដោយ​ដំរិះ​ដែរ​ឬ

12 នេះ​ហើយ​ដែល​ហៅ​ថា​មនុស្ស​អាក្រក់ហើយ​ដោយ​ព្រោះ​គេ​ចេះ​តែ​នៅ​ដោយ​សុខ​ស្រួលបាន​ជា​ទ្រព្យ‌សម្បត្តិ​គេ​ចំរើន​ឡើង

13 យ៉ាង​នោះ ការ​ដែល​ទូល‌បង្គំ​បាន​ជំរះ​ចិត្តហើយ​លាង​ដៃ​ឲ្យ​ឥត​មាន​សៅ‌ហ្មងនោះ​ឥត​ប្រយោជន៍​ទទេ

14 ដ្បិត​ទូល‌បង្គំ​ត្រូវ​រង​រំពាត់​ជា​ដរាប​រាល់​ថ្ងៃហើយ​ត្រូវ​វាយ‌ផ្ចាល​រាល់​តែ​ព្រឹក​ជានិច្ច។

15 ៙ បើ​សិន​ជា​ទូល‌បង្គំ​បាន​ពោល​ថាអញ​នឹង​និយាយ​ដូច្នេះ​ដែរនោះ​ឈ្មោះ​ថា​បាន​ក្បត់​ពូជ‌ពង្ស​នៃ​កូន​ចៅ​ទ្រង់​ហើយ

16 កាល​ទូល‌បង្គំ​បាន​ពិចារណាដើម្បី​ចង់​ដឹង​ច្បាស់​ពី​សេចក្ដី​នេះនោះ​ក៏​ពិបាក​ដល់​ទូល‌បង្គំ​ណាស់

17 ទាល់​តែ​ទូល‌បង្គំ​បាន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះហើយ​បាន​ពិចារណា​ពី​ចុង​បំផុត​របស់​គេ

18 ពិត​ប្រាកដ​ជា​ទ្រង់​ឲ្យ​គេ​ឈរ​នៅ​កន្លែង​ដ៏​រឥលទ្រង់​ក៏​បោះ​គេ​ចុះ​ទៅ​ឲ្យ​ត្រូវ​ហិន‌វិនាស

19 យី​អើ គេ​ត្រូវ​អន្តរ‌ធាន​ទៅ​ជា​ឆាប់​អី​ម៉្លេះគេ​ត្រូវ​សាប‌សូន្យ​ទៅ ដោយ​ហេតុ​គួរ​ស្ញែង​ខ្លាច

20 នេះ​បែប​ដូច​ជា​កាល​ណា​យល់‌សប្តិ​រួច​ភ្ញាក់​ឡើងឱ​ព្រះ‌អម្ចាស់​អើយ កាល​ណា​ទ្រង់​តើន​ឡើងនោះ​ទ្រង់​នឹង​តោះ‌តើយ​ចំពោះ​រូប​គេ​ដែរ។

21 ៙ ដូច្នេះ កាល​ទូល‌បង្គំ​មាន​សេចក្ដី​កំរើក​ក្នុង​ចិត្តហើយ​មាន​សេចក្ដី​ចាក់​ចុច​ក្នុង​ថ្លើម

22 នោះ​ទូល‌បង្គំ​ជា​មនុស្ស​ឆោត ហើយ​ល្ងង់​ខ្លៅគឺ​ទូល‌បង្គំ​ដូច​ជា​សត្វ​តិរច្ឆាន​នៅ​ចំពោះ​ទ្រង់

23 ប៉ុន្តែ​ទូល‌បង្គំ​នៅ​ជាប់​នឹង​ទ្រង់​ជានិច្ចទ្រង់​បាន​កាន់​ដៃ​ស្តាំ​នៃ​ទូល‌បង្គំ

24 ទ្រង់​នឹង​នាំ​ទូល‌បង្គំ ដោយ​ដំបូន្មាន​របស់​ទ្រង់រួច​នឹង​ទទួល​ទូល‌បង្គំ​ចូល​ក្នុង​សិរី‌ល្អ

25 ឯ​នៅ​ស្ថាន‌សួគ៌ តើ​ទូល‌បង្គំ​មាន​អ្នក​ឯ​ណា​ក្រៅ​ពី​ទ្រង់ហើយ​នៅ​ផែនដី​ទូល‌បង្គំ​ប្រាថ្នា​ចង់​បាន​តែ​ទ្រង់​ទេ

26 ឯ​សាច់ និង​ចិត្ត​ទូល‌បង្គំ នោះ​នឹង​សាប‌សូន្យ​ទៅ​បានប៉ុន្តែ​ព្រះ​ទ្រង់​ជា​ទី​ពឹង​នៃ​ចិត្ត ហើយ​ជា​ចំណែក​មរដកនៃ​ទូល‌បង្គំ​ជា​ដរាប​ដែរ។

27 ៙ ដ្បិត​មើល អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​ទ្រង់គេ​នឹង​ត្រូវ​វិនាសទ្រង់​បំផ្លាញ​អស់​អ្នក​ដែល​ផិត​ចេញ​ពី​ទ្រង់

28 ឯ​ទូល‌បង្គំ ដែល​ទូល‌បង្គំ​ចូល​ទៅ​ជិត​ព្រះនោះ​ជា​ការ​ល្អ​ដល់​ទូល‌បង្គំទូល‌បង្គំ​បាន​យក​ព្រះ‌អម្ចាស់​យេហូវ៉ា​ទុក​ជា​ទី​ពឹង​ហើយដើម្បី​ឲ្យ​បាន​ថ្លែង​ប្រាប់​ពី​អស់​ទាំង​ការ​របស់​ទ្រង់។