1 ឱសាសន៍របស់ខ្ញុំអើយចូរប្រុងត្រចៀកស្តាប់សេចក្ដីបង្រៀនរបស់ខ្ញុំហើយផ្ទៀងត្រចៀកស្តាប់អស់ទាំងពាក្យដែលចេញពីមាត់ខ្ញុំចុះ
2 ខ្ញុំនឹងបើកមាត់បញ្ចេញជាសេចក្ដីប្រៀបធៀបហើយនឹងពោលជាសេចក្ដីអាថ៌កំបាំងពីចាស់បូរាណ
3 ជាសេចក្ដីដែលពួកយើងធ្លាប់បានឮបានដឹងហើយដែលឪពុកយើងបានប្រាប់តៗមក
4 យើងក៏មិនលាក់សេចក្ដីទាំងនោះទុកចំពោះកូនចៅរបស់គាត់ដែរគឺនឹងប្រកាសពីអស់ទាំងសេចក្ដីសរសើរនៃព្រះយេហូវ៉ាដល់ដំណមនុស្សជាន់ក្រោយឲ្យបានស្តាប់ព្រមទាំងឥទ្ធានុភាព និងការអស្ចារ្យដែលទ្រង់បានធ្វើផង។
5 ៙ ដ្បិតទ្រង់បានតាំងឲ្យមានទីបន្ទាល់នៅក្នុងពួកយ៉ាកុបក៏បានដំរូវឲ្យមានក្រឹត្យវិន័យនៅក្នុងពួកអ៊ីស្រាអែលជាច្បាប់ដែលទ្រង់បានបង្គាប់ដល់ពួកអយ្យកោរបស់យើងប្រយោជន៍នឹងបង្រៀនឲ្យពួកកូនចៅបានដឹងតរៀងទៅ
6 ដើម្បីឲ្យដំណមនុស្សជាន់ក្រោយបានស្គាល់គឺទាំងកូនចៅដែលត្រូវកើតតទៅជាពួកអ្នកដែលនឹងកើតឡើងហើយប្រាប់ដល់កូនចៅគេតទៅទៀត
7 សំរាប់ឲ្យគេបានតាំងចិត្តសង្ឃឹមដល់ព្រះឥតភ្លេចអស់ទាំងការនៃទ្រង់ឡើយគឺកាន់តាមអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់វិញ
8 ដើម្បីកុំឲ្យគេបានដូចជាពួកអយ្យកោជាដំណមនុស្សរឹងរូស ហើយបះបោរជាដំណមនុស្សដែលមិនបានតាំងចិត្តឲ្យទៀងត្រង់ហើយវិញ្ញាណគេក៏មិនស្មោះចំពោះព្រះនោះឡើយ។
9 ៙ ឯពួកកូនចៅអេប្រាអិមដែលមានគ្រឿងធ្នូហើយក៏ប្រសប់បាញ់គេបានបែរខ្នងនៅថ្ងៃសឹកសង្គ្រាម
10 គេមិនបានកាន់តាមសេចក្ដីសញ្ញារបស់ព្រះក៏មិនព្រមប្រព្រឹត្តតាមក្រឹត្យវិន័យទ្រង់សោះ
11 គេបានភ្លេចអស់ទាំងកិច្ចដែលទ្រង់ធ្វើព្រមទាំងការអស្ចារ្យ ដែលទ្រង់បានសំដែងឲ្យគេឃើញដែរ
12 ទ្រង់បានធ្វើការចំឡែក នៅភ្នែកពួកអយ្យកោគេនៅស្រុកអេស៊ីព្ទ ត្រង់វាលសូអាន
13 ទ្រង់បានវែកសមុទ្រ បើកជាផ្លូវឲ្យគេដើរឆ្លងទៅក៏បានធ្វើឲ្យទឹកឈរឡើងដូចជាកំផែង
14 នៅវេលាថ្ងៃទ្រង់បាននាំគេ ដោយពពកហើយវេលាយប់ទាល់ព្រឹក បាននាំដោយពន្លឺនៃភ្លើងវិញ
15 ទ្រង់បំប្រេះថ្មដានៅទីរហោស្ថានឲ្យគេបានផឹកទឹកជាបរិបូរ ដូចជាហូរចេញពីទីជំរៅមក
16 ទ្រង់បានធ្វើឲ្យមានទឹកចេញពីថ្មហូរចុះមកដូចជាទន្លេ។
17 ៙ ទោះបើយ៉ាងនោះ គង់តែគេនៅតែធ្វើបាបនឹងទ្រង់ទៀតជាការបះបោរនឹងព្រះដ៏ខ្ពស់បំផុតត្រង់ទីរហោស្ថាន
18 គេបានល្បងលព្រះនៅក្នុងចិត្តគេដោយសូមអាហារតាមគេប្រាថ្នា
19 អើ គេបាននិយាយទំនាស់នឹងព្រះ ដោយពាក្យថាតើព្រះទ្រង់អាចនឹងចាត់ចែងឲ្យមានអាហារបរិភោគនៅទីរហោស្ថាននេះបានឬ
20 មើល ទ្រង់បានវាយថ្មដា ឲ្យមានទឹកផុលចេញហើយឲ្យជ្រោះមានទឹកជន់លិចច្រាំងដូច្នេះ តើទ្រង់អាចនឹងប្រទានឲ្យមាននំបុ័ងដែរឬតើទ្រង់នឹងផ្គត់ផ្គង់ ឲ្យរាស្ត្រទ្រង់មានសាច់បរិភោគឬអី
21 ហេតុនោះ ព្រះយេហូវ៉ាទ្រង់ក៏ឮហើយមានសេចក្ដីក្រោធរួចមានភ្លើងឆួលឡើង បញ្ឆេះពួកយ៉ាកុបមានសេចក្ដីខ្ញាល់ចេញទៅទាស់នឹងអ៊ីស្រាអែល
22 ដោយព្រោះគេមិនបានជឿដល់ព្រះក៏មិនបានទុកចិត្តនឹងសេចក្ដីសង្គ្រោះរបស់ទ្រង់ផង
23 ទ្រង់បានបង្គាប់ដល់ផ្ទៃមេឃនៅខាងលើក៏បានបើកទ្វារនៃស្ថានសួគ៌
24 ហើយបង្អុរនំម៉ាន៉ា ឲ្យធ្លាក់មកលើគេ ដូចជាភ្លៀងសំរាប់គេបរិភោគគឺទ្រង់ប្រទានអាហារពីស្ថានសួគ៌ដល់គេ
25 គេបានបរិភោគនំរបស់ពួកទេវតាទាំងអស់គ្នាទ្រង់បានផ្ញើអាហារមកគេឲ្យបានឆ្អែត។
26 ៙ ទ្រង់បានធ្វើឲ្យខ្យល់ពីទិសខាងកើតបក់នៅលើមេឃហើយបាននាំខ្យល់ពីទិសខាងត្បូងដោយព្រះចេស្តារបស់ទ្រង់
27 ក៏ទំលាក់សាច់មកលើគេដូចជាធូលីដីគឺជាសត្វស្លាបជាច្រើន ដូចជាខ្សាច់នៅសមុទ្រ
28 ទ្រង់ឲ្យធ្លាក់នៅព័ទ្ធជុំវិញលំនៅរបស់គេគឺនៅកណ្តាលទីដំឡើងត្រសាល
29 ដូច្នេះ គេក៏បរិភោគទៅ ហើយបានឆ្អែតពេញបន្ទុកទ្រង់បានប្រទានឲ្យ តាមបំណងចិត្តគេ
30 គឺគេមិនទាន់អស់អាល័យក្នុងចិត្តហើយកាលអាហារនោះនៅក្នុងមាត់គេនៅឡើយ
31 នោះសេចក្ដីខ្ញាល់របស់ព្រះ បានឆួលឡើងទាស់នឹងគេព្រមទាំងសំឡាប់អស់អ្នកដែលធាត់ៗ ក្នុងពួកគេហើយវាយផ្តួលពួកកំឡោះៗនៃសាសន៍អ៊ីស្រាអែលផង។
32 ៙ ទោះបើយ៉ាងនោះក៏ដោយគង់តែគេនៅតែធ្វើបាបទៀតគេមិនព្រមជឿការអស្ចារ្យរបស់ទ្រង់ឡើយ
33 ហេតុនោះ ទ្រង់បានធ្វើឲ្យអស់ទាំងថ្ងៃរបស់គេកន្លងទៅជាឥតប្រយោជន៍ហើយអស់ទាំងឆ្នាំគេ ដោយសេចក្ដីស្ញែងខ្លាច
34 វេលាណាដែលទ្រង់ប្រហារពួកគេទើបគេសួររកទ្រង់ហើយត្រឡប់មកស្វែងរកព្រះអស់ពីចិត្ត
35 គេក៏នឹកចាំថា ព្រះទ្រង់ជាថ្មដារបស់ខ្លួនគេគឺព្រះដ៏ខ្ពស់បំផុត ទ្រង់ជាអ្នកប្រោសលោះដល់គេ។
36 ៙ គេបានលើកបញ្ចើចទ្រង់ដោយមាត់គេតែអណ្តាតរបស់គេបានកុហកទ្រង់ទេ
37 ដ្បិតចិត្តគេមិនបានទៀងត្រង់នៅចំពោះទ្រង់ក៏មិនស្មោះចំពោះនឹងសេចក្ដីសញ្ញាទ្រង់ដែរ
38 ប៉ុន្តែចំណែកទ្រង់មានសេចក្ដីមេត្តាករុណាបានជាទ្រង់អត់ទោសចំពោះសេចក្ដីទុច្ចរិតរបស់គេហើយមិនបានបំផ្លាញគេទេអើ ទ្រង់បានបង្វែរសេចក្ដីខ្ញាល់ទ្រង់ចេញជាញយៗឥតឲ្យសេចក្ដីក្រោធរបស់ទ្រង់ផុលឡើងទាំងអស់ឡើយ
39 ទ្រង់បាននឹកចាំថា គេគ្រាន់តែជាសាច់ឈាមប៉ុណ្ណោះគឺជាខ្យល់ដែលបក់កន្លងហួសទៅ ឥតមកវិញឡើយ។
40 ៙ ប៉ុន្មានដងហើយ ដែលគេបះបោរនឹងទ្រង់នៅទីរហោស្ថានហើយនាំឲ្យព្រួយព្រះហឫទ័យនៅទីល្ហល្ហេវ
41 គឺគេបានបែរជាល្បងលព្រះវិញទៀតហើយគេបិទផ្លូវព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
42 គេមិនបាននឹកចាំពីព្រះហស្តទ្រង់ឬពីថ្ងៃដែលទ្រង់បានដោះគេចេញពីខ្មាំងសត្រូវ
43 ឬពីបែបយ៉ាងណាដែលទ្រង់បានសំដែងទីសំគាល់របស់ទ្រង់នៅស្រុកអេស៊ីព្ទនិងការអស្ចារ្យ នៅទីវាលសូអានឡើយ
44 ទ្រង់បានធ្វើឲ្យទន្លេ និងព្រែករបស់សាសន៍អេស៊ីព្ទត្រឡប់ទៅជាឈាមឲ្យគេផឹកទឹកនោះមិនបាន
45 ទ្រង់បានចាត់ហ្វូងរុយមកបង្ហិននៅកណ្តាលគេនិងកង្កែបមកបំផ្លាញគេផង
46 ទ្រង់បានប្រគល់ផលរបស់គេ ឲ្យចង្រិតកាត់ហើយការរបស់គេដល់កណ្តូប
47 ទ្រង់បានបំផ្លាញដើមទំពាំងបាយជូរគេដោយព្រិលហើយដើមឧទុម្ពរដោយសន្សើមកក
48 ទ្រង់ក៏ប្រគល់ហ្វូងគោគេឲ្យត្រូវព្រិលហើយហ្វូងចៀមគេឲ្យត្រូវរន្ទះបាញ់ដែរ
49 ទ្រង់បានបោះសេចក្ដីខ្ញាល់ដ៏សហ័សទៅលើគេព្រមទាំងសេចក្ដីក្រោធ សេចក្ដីគ្នាន់ក្នាញ់និងសេចក្ដីវេទនាផងគឺជាសេចក្ដីអាក្រក់ទាំងហ្វូង ដែលទ្រង់ចាត់មក
50 ទ្រង់បានពង្រាបផ្លូវ សំរាប់សេចក្ដីខ្ញាល់របស់ទ្រង់ទ្រង់មិនបានប្រណីព្រលឹងគេឲ្យរួចពីស្លាប់ទេគឺបានប្រគល់ជីវិតគេដល់ជំងឺអាសន្នរោគ
51 ក៏បានប្រហារអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទគឺជាដើមកំឡាំងរបស់ហាំនៅក្នុងត្រសាលគេ។
52 ៙ ប៉ុន្តែ ទ្រង់បានកៀងនាំរាស្ត្រទ្រង់ចេញដូចជាចៀមហើយដឹកនាំគេនៅក្នុងទីរហោស្ថាន ដូចជាហ្វូងសត្វ
53 ទ្រង់ក៏នាំគេទៅដោយសុខសាន្ត មិនឲ្យភ័យខ្លាចឡើយតែសមុទ្របានគ្របលើពួកខ្មាំងសត្រូវគេវិញ
54 ទ្រង់បាននាំគេទៅដល់ព្រំស្រុកបរិសុទ្ធរបស់ទ្រង់គឺដល់ភ្នំនេះដែលព្រះហស្តស្តាំទ្រង់បានវាយយក
55 ទ្រង់បានបណ្តេញអស់ទាំងសាសន៍ដទៃពីមុខគេចេញក៏វាស់ស្រុកនេះ ចែកដល់គេទុកជាមរដកព្រមទាំងឲ្យពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានអាស្រ័យនៅក្នុងលំនៅរបស់សាសន៍ទាំងនោះ
56 ប៉ុន្តែគេបានល្បងលព្រះដ៏ខ្ពស់បំផុតហើយបះបោរនឹងទ្រង់វិញឥតកាន់តាមសេចក្ដីបញ្ញត្តទ្រង់ឡើយ
57 គឺបានថយចេញ ហើយប្រព្រឹត្តដោយក្បត់ដូចជាពួកអយ្យកោគេដែរគេក្រឡាច់រមួលដូចជាធ្នូមិនត្រង់
58 គេបានធ្វើឲ្យព្រះហឫទ័យទ្រង់ថ្នាំងថ្នាក់ដោយទីខ្ពស់របស់គេព្រមទាំងបណ្តាលឲ្យទ្រង់ប្រចណ្ឌដោយរូបឆ្លាក់របស់គេផង។
59 ៙ កាលព្រះទ្រង់បានជ្រាបហើយនោះទ្រង់មានសេចក្ដីក្រោធហើយបានស្អប់ខ្ពើមដល់សាសន៍អ៊ីស្រាអែលជាខ្លាំង
60 ដល់ម៉្លេះបានជាទ្រង់លះបង់រោងឧបោសថដែលនៅត្រង់ស៊ីឡូរគឺជាត្រសាលដែលទ្រង់បានតាំងឲ្យនៅកណ្តាលពួកមនុស្សលោក
61 ទ្រង់ក៏ប្រគល់ឥទ្ធិឫទ្ធិរបស់ទ្រង់ឲ្យទៅជាឈ្លើយហើយសិរីល្អទ្រង់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
62 ទ្រង់បានប្រគល់រាស្ត្រទ្រង់ដល់អំណាចដាវដែរហើយមានសេចក្ដីក្រោធចំពោះមរដកទ្រង់
63 មានភ្លើងឆេះបំផ្លាញពួកកំឡោះគេឯពួកក្រមុំរបស់គេ ឥតមានអ្នកណាដណ្តឹងឡើយ
64 ពួកសង្ឃរបស់គេក៏ដួលស្លាប់ដោយដាវតែប្រពន្ធរបស់គេមិនបានយំសោកសោះ។
65 ៙ គ្រានោះ ព្រះអម្ចាស់ទ្រង់តើនឡើងដូចជាមនុស្សដែលភ្ញាក់ពីដេកលក់គឺដូចជាមនុស្សខ្លាំងពូកែដែលស្រែកហ៊ោដោយអំណាចស្រាទំពាំងបាយជូរ
66 រួចទ្រង់វាយពួកដែលតតាំងនឹងទ្រង់ ឲ្យថយក្រោយទ្រង់ឲ្យគេមានសេចក្ដីខ្មាសនៅជានិច្ច
67 មួយទៀត ទ្រង់មិនបានទទួលត្រសាលរបស់ពួកយ៉ូសែបឡើយក៏មិនបានរើសពូជអំបូរអេប្រាអិមដែរ
68 គឺទ្រង់បានរើសពូជអំបូរយូដា និងភ្នំស៊ីយ៉ូនដែលទ្រង់ស្រឡាញ់នោះវិញ
69 ទ្រង់ក៏ស្អាងទីបរិសុទ្ធនៃទ្រង់ ដូចជាអស់ទាំងកំពូលខ្ពស់គឺដូចជាផែនដីដែលទ្រង់បានតាំងឲ្យជាប់ជាដរាបនោះផង។
70 ៙ ទ្រង់ក៏រើសដាវីឌ ជាអ្នកបំរើទ្រង់ហើយនាំយកលោកចេញពីក្រោលចៀមមក
71 គឺទ្រង់នាំយកលោកពីការឃ្វាលមេចៀមដែលមានកូនដើម្បីឲ្យធ្វើជាអ្នកគង្វាលដល់ពួកយ៉ាកុប ជារាស្ត្រទ្រង់គឺពួកអ៊ីស្រាអែលដែលជាមរដករបស់ទ្រង់វិញ
72 ដូច្នេះ លោកក៏ធ្វើជាអ្នកគង្វាលឃ្វាលគេដោយចិត្តទៀងត្រង់ព្រមទាំងនាំផ្លូវគេ ដោយថ្វីដៃដ៏ជំនាញ។