1 ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាអស់អំពីចិត្តទូលបង្គំនឹងនិទាន ពីអស់ទាំងការអស្ចារ្យរបស់ទ្រង់
2 ទូលបង្គំនឹងអរសប្បាយ ហើយរីករាយឡើងក្នុងទ្រង់ឱព្រះដ៏ខ្ពស់បំផុតអើយទូលបង្គំនឹងច្រៀងដំកើងដល់ព្រះនាមទ្រង់
3 កាលណាពួកខ្មាំងសត្រូវទូលបង្គំថយចេញទៅនោះគេស្លុតជង្គង់ដួល ហើយវិនាសបាត់នៅចំពោះទ្រង់
4 ដ្បិតទ្រង់បានរាំងពារសេចក្ដីទៀងត្រង់និងរឿងក្តីរបស់ទូលបង្គំទ្រង់គង់លើបល្ល័ង្កកំពុងតែជំនុំជំរះដោយយុត្តិធម៌
5 ទ្រង់បានបន្ទោសដល់សាសន៍ដ៏ទៃទាំងប៉ុន្មានក៏បានបំផ្លាញពួកមនុស្សអាក្រក់ចេញទ្រង់បានលុបឈ្មោះគេ ឲ្យបាត់បង់ទៅជាដរាបរៀងតទៅ
6 ឱខ្មាំងសត្រូវអើយ ការហិនវិនាសបានផុតទៅជានិច្ចឯទីក្រុងទាំងប៉ុន្មានដែលឯងបានបំផ្លាញនោះទាំងសេចក្ដីនឹកចាំពីគេបានបាត់ឈឹងទៅដែរ
7 ប៉ុន្តែព្រះយេហូវ៉ាទ្រង់គង់នៅអស់កល្បជានិច្ចទ្រង់បានតាំងបល្ល័ង្កទ្រង់ ទុកសំរាប់នឹងជំនុំជំរះហើយ
8 ទ្រង់នឹងជំនុំជំរះមនុស្សលោកដោយយុត្តិធម៌ក៏នឹងវិនិច្ឆ័យអស់ទាំងសាសន៍ ដោយសេចក្ដីសុចរិត
9 ព្រះយេហូវ៉ាទ្រង់នឹងបានជាទីពឹងជ្រកដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិនគឺជាទីពឹងនៅគ្រាលំបាក
10 ឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់គេនឹងទុកចិត្តដល់ទ្រង់ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់មិនបានបោះបង់ចោលពួកអ្នកដែលស្វែងរកទ្រង់ឡើយ
11 ចូរច្រៀងទំនុកសរសើរដល់ព្រះយេហូវ៉ាដែលទ្រង់គង់នៅក្រុងស៊ីយ៉ូនចុះចូរថ្លែងប្រាប់ពីការនៃទ្រង់ នៅក្នុងចំណោមបណ្តាជនផង
12 ដ្បិតកាលណាទ្រង់ស៊ើបសួរពីឈាមនោះទ្រង់នឹងនឹកចាំពីពួកអ្នកទាំងនោះទ្រង់មិនដែលភ្លេចសំរែករបស់ពួកមនុស្សក្រីក្រឡើយ
13 ឱព្រះយេហូវ៉ាអើយ សូមទ្រង់មេត្តាប្រោសទូលបង្គំសូមទ្រង់ទតមើលសេចក្ដីទុក្ខលំបាករបស់ទូលបង្គំផងជាការដែលទូលបង្គំទ្រាំរងនេះដោយសារពួកអ្នកដែលស្អប់ទូលបង្គំ គឺទ្រង់ហើយដែលលើកទូលបង្គំឡើង ឲ្យរួចពីទ្វារនៃសេចក្ដីស្លាប់
14 ដើម្បីឲ្យទូលបង្គំបានសំដែងចេញអស់ទាំងសេចក្ដីសរសើរនៃទ្រង់ នៅគ្រប់ទាំងទ្វារនៃកូនស្រីស៊ីយ៉ូនទូលបង្គំនឹងរីករាយឡើង ក្នុងសេចក្ដីសង្គ្រោះរបស់ទ្រង់
15 អស់ទាំងសាសន៍ដទៃបានផុងទៅក្នុងរណ្តៅដែលខ្លួនបានជីកជើងគេជាប់នៅក្នុងអន្ទាក់វាត់ ដែលខ្លួនគេបានបង្កប់ទុក
16 ព្រះយេហូវ៉ាទ្រង់បានសំដែងមកឲ្យស្គាល់ទ្រង់បានសំរេចតាមសេចក្ដីយុត្តិធម៌ពួកមនុស្សអាក្រក់បានជាប់អន្ទាក់ដោយការដែលដៃគេធ្វើ។– វាយភ្លេងស្រងូតទទួល –បង្អង់
17 ៙ ពួកមនុស្សអាក្រក់នឹងត្រូវបំបែរទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់វិញគឺគ្រប់ទាំងសាសន៍ដែលភ្លេចព្រះបង់
18 ដ្បិតមនុស្សកំសត់មិនត្រូវគេភ្លេចជាដរាបទេហើយសេចក្ដីសង្ឃឹមរបស់មនុស្សទ័លក្រក៏មិនត្រូវវិនាសបាត់ជានិច្ចដែរ
19 ឱព្រះយេហូវ៉ាអើយ សូមទ្រង់តើនឡើងសូមកុំឲ្យមនុស្សឈ្នះឡើយសូមឲ្យសាសន៍ដទៃទាំងប៉ុន្មានត្រូវជំនុំជំរះនៅចំពោះទ្រង់
20 ឱព្រះយេហូវ៉ាអើយ សូមបណ្តាលឲ្យគេតក់ស្លុតសូមឲ្យគ្រប់សាសន៍បានដឹងខ្លួនថា គេជាមនុស្សទេ។ –បង្អង់