1 នេះជាការល្អហើយគឺដែលនឹងអរព្រះគុណដល់ព្រះយេហូវ៉ាហើយច្រៀងសរសើរដល់ព្រះនាមនៃទ្រង់ជាព្រះដ៏ខ្ពស់បំផុត
2 ព្រមទាំងសំដែងពីសេចក្ដីសប្បុរសនៃទ្រង់នៅពេលព្រឹកហើយពីសេចក្ដីស្មោះត្រង់របស់ទ្រង់រាល់តែយប់
3 ដោយប្រដាប់ភ្លេងមានខ្សែ១០ និងពិណហើយដោយសូរចាប់ស៊ុងយ៉ាងរងំ
4 ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់បានឲ្យទូលបង្គំមានសេចក្ដីអំណរ ដោយកិច្ចការរបស់ទ្រង់ទូលបង្គំនឹងបន្លឺឡើង ដោយអំណរចំពោះការនៃព្រះហស្តទ្រង់
5 ឱព្រះយេហូវ៉ាអើយអស់ទាំងកិច្ចការរបស់ទ្រង់ធំណាស់ហ្ន៎ឯអស់ទាំងព្រះដំរិះទ្រង់ក៏ជ្រៅណាស់ផង
6 មនុស្សកំរោលមិនដឹងទេហើយមនុស្សឥតបើគិតក៏មិនយល់សេចក្ដីនេះដែរ
7 វេលាណាដែលមនុស្សអាក្រក់ដុះដាលឡើងដូចជាស្មៅហើយអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតលូតលាស់ឡើងនោះគឺសំរាប់តែឲ្យគេត្រូវវិនាសទៅអស់កល្បជានិច្ចប៉ុណ្ណោះ
8 ប៉ុន្តែឯទ្រង់ ឱព្រះយេហូវ៉ាអើយទ្រង់ជាព្រះដ៏ខ្ពស់បំផុតដរាបដល់អស់កល្បរៀងទៅ
9 ដ្បិត ឱព្រះយេហូវ៉ាអើយសូមទតមើលពួកខ្មាំងសត្រូវទ្រង់មើល ពួកខ្មាំងសត្រូវទ្រង់ គេត្រូវវិនាសហើយអស់ពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតគេនឹងត្រូវខ្ចាត់ខ្ចាយទៅ
10 តែទ្រង់បានដំកើងស្នែងរបស់ទូលបង្គំឡើងដូចជាស្នែងនៃគោព្រៃទូលបង្គំមានប្រេងថ្មីចាក់លាបលើខ្លួនហើយ
11 ភ្នែកទូលបង្គំនឹងឃើញបំណងចិត្តកើតដល់ពួកខ្មាំងហើយត្រចៀកទូលបង្គំនឹងឮនិយាយពីការដែលកើតដល់ពួកមនុស្សអាក្រក់ជាពួកអ្នកដែលលើកគ្នាឡើងទាស់នឹងទូលបង្គំ
12 ឯមនុស្សសុចរិត គេនឹងលូតលាស់ឡើងដូចជាដើមលម៉ើរក៏នឹងធំឡើង ដូចជាដើមតាត្រៅនៅលើភ្នំល្បាណូនដែរ
13 គេត្រូវដាំនៅក្នុងដំណាក់នៃព្រះយេហូវ៉ាគេដុះដាលឡើងនៅក្នុងទីលានរបស់ព្រះនៃយើងខ្ញុំ
14 កាលណាចាស់ហើយ នោះគេនឹងនៅតែកើតផលគេនឹងមានជ័រជាបរិបូរ ហើយនៅតែខៀវស្រស់
15 ដើម្បីនឹងសំដែងឲ្យឃើញថា ព្រះយេហូវ៉ាទ្រង់ទៀងត្រង់ទ្រង់ជាថ្មដានៃខ្ញុំគ្មានសេចក្ដីទុច្ចរិតណានៅក្នុងទ្រង់ឡើយ។