4 ឯពួកអ្នកដែលអាល័យតែតាមព្រះដទៃនោះសេចក្ដីទុក្ខលំបាកនឹងចំរើនជាច្រើនឡើងដល់គេទូលបង្គំមិនព្រមច្រួចឈាមថ្វាយដល់ព្រះទាំងនោះឡើយក៏មិនព្រមទាំងចេញឈ្មោះរបស់ព្រះទាំងនោះដោយបបូរមាត់ទូលបង្គំផង
5 ព្រះយេហូវ៉ាទ្រង់ជាចំណែកនៃមរដកហើយជាចំណែកក្នុងពែងរបស់ទូលបង្គំគឺទ្រង់ហើយ ដែលត្រួតមើលចំណែកទូលបង្គំ
6 ខ្សែរង្វាស់បានធ្លាក់នៅទីកន្លែងគាប់ចិត្តឲ្យទូលបង្គំអើ ទូលបង្គំបានទទួលមរដកល្អណាស់
7 ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាដែលទ្រង់ជួយគំនិតទូលបង្គំអើ ចិត្តក៏បង្គាប់ដល់ទូលបង្គំនៅវេលាយប់ដែរ
8 ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជាដរាបហើយដោយព្រោះទ្រង់គង់នៅខាងស្តាំទូលបង្គំបានជាទូលបង្គំមិនត្រូវរង្គើឡើយ
9 ហេតុនោះចិត្តទូលបង្គំអរសប្បាយហើយកិត្តិយសនៃទូលបង្គំបានរីករាយឡើងរូបសាច់នៃទូលបង្គំក៏នឹងនៅដោយសាន្តត្រាណដែរ
10 ដ្បិតទ្រង់មិនទុកឲ្យព្រលឹងទូលបង្គំនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនព្រមឲ្យអ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្ដីពុករលួយដែរ