5 ៙ ឱព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយការអស្ចារ្យដែលទ្រង់បានធ្វើ នោះមានច្រើនណាស់ព្រមទាំងគំនិតដែលទ្រង់នឹកដល់យើងខ្ញុំផងគ្មានអ្នកណាអាចនឹងរៀបរាប់ដោយលំដាប់ពីការទាំងនោះ នៅចំពោះទ្រង់បានឡើយបើទូលបង្គំនឹងចង់និទានប្រាប់នោះមានច្រើនហួសកំណត់នឹងរាប់បាន
6 ឯយញ្ញបូជា ហើយនឹងដង្វាយ នោះទ្រង់មិនសព្វព្រះហឫទ័យទេទ្រង់បានបើកត្រចៀកឲ្យទូលបង្គំស្តាប់តាមទ្រង់មិនចង់បានដង្វាយដុតឬយញ្ញបូជាលោះបាបនោះទេ
7 បានជាទូលបង្គំទូលថា មើល ទូលបង្គំមកហើយសេចក្ដីនេះបានកត់ទុកពីទូលបង្គំ នៅក្នុងគម្ពីរហើយ
8 គឺថា ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្ដីអំណរនឹងធ្វើតាមព្រះហឫទ័យទ្រង់អើ ក្រឹត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ
9 ទូលបង្គំបានប្រកាសដំណឹងល្អ ពីសេចក្ដីសុចរិតនៅក្នុងជំនុំធំមើល ឱព្រះយេហូវ៉ាអើយ ទ្រង់ជ្រាបហើយថាទូលបង្គំនឹងមិនទប់មាត់ឡើយ
10 ទូលបង្គំមិនបានលាក់សេចក្ដីសុចរិតរបស់ទ្រង់នៅក្នុងចិត្តទេគឺបានថ្លែងប្រាប់ពីសេចក្ដីស្មោះត្រង់និងសេចក្ដីសង្គ្រោះរបស់ទ្រង់វិញក៏មិនបានបំបិទសេចក្ដីសប្បុរស និងសេចក្ដីពិតរបស់ទ្រង់ នៅក្នុងជំនុំធំដែរ
11 ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងសេចក្ដីមេត្តាករុណារបស់ទ្រង់ចំពោះទូលបង្គំឡើយសូមឲ្យសេចក្ដីសប្បុរសនឹងសេចក្ដីពិតត្រង់របស់ទ្រង់បានថែរក្សាទូលបង្គំជានិច្ច