6 ៙ ឱព្រះនៃទូលបង្គំអើយ ព្រលឹងទូលបង្គំត្រូវបង្អោននៅក្នុងខ្លួនហេតុនោះបានជាទូលបង្គំនឹកចាំពីទ្រង់ នៅក្នុងស្រុកក្បែរទន្លេយ័រដាន់ ភ្នំហ៊ើម៉ូន និងភ្នំមីតសារ
7 ទីជំរៅហៅរកទីជំរៅផងគ្នា ដោយសូរឈូឆរនៃរមូររលកអស់ទាំងរលក និងរំកាញ់ទឹកនៃទ្រង់បានហូរមកគ្របទូលបង្គំហើយ
8 ប៉ុន្តែព្រះយេហូវ៉ានឹងចាត់សេចក្ដីសប្បុរសទ្រង់មកនៅវេលាថ្ងៃហើយនៅវេលាយប់ បទចំរៀងនៃទ្រង់នឹងនៅជាមួយនឹងទូលបង្គំផងគឺជាសេចក្ដីអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។
9 ៙ ទូលបង្គំនឹងទូលដល់ព្រះដ៏ជាថ្មដានៃទូលបង្គំថាហេតុអ្វីបានជាទ្រង់ភ្លេចទូលបង្គំហេតុអ្វីបានជាទូលបង្គំត្រូវដើរទាំងទុក្ខព្រួយដោយព្រោះការសង្កត់សង្កិនរបស់ខ្មាំងសត្រូវដូច្នេះ
10 ពួកខ្មាំងសត្រូវ គេចំអកឲ្យទូលបង្គំ ប្រៀបដូចជាដាវចាក់ក្នុងឆ្អឹងទូលបង្គំដោយគេសួរជានិច្ចថា តើព្រះឯងនៅឯណា
11 ឱព្រលឹងអញអើយ ហេតុអ្វីបានជាឯងត្រូវបង្អោនចុះហើយមានសេចក្ដីរសាប់រសល់នៅក្នុងខ្លួនដូច្នេះចូរសង្ឃឹមដល់ព្រះចុះដ្បិតអញនឹងបានសរសើរដល់ទ្រង់ទៀតដែលទ្រង់ជាសេចក្ដីជំនួយ ហើយជាព្រះនៃអញ។