45 ទ្រង់បានបំព្រួញវ័យក្មេងរបស់អ្នកបំរើទ្រង់ឲ្យរួញជាខ្លីហើយបានបង្គ្រប ដោយសេចក្ដីខ្មាសផង។ –បង្អង់
46 ៙ ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៅតើទ្រង់នឹងពួនអង្គទ្រង់នៅជានិច្ចឬសេចក្ដីក្រោធរបស់ទ្រង់នឹងឆួលឆេះដូចជាភ្លើងដល់កាលណាទៀត
47 ឱសូមទ្រង់នឹកចាំពីអាយុទូលបង្គំ ដែលខ្លីម៉្លេះនេះហើយពីជីវិតនៃអស់ទាំងមនុស្សជាតិដែលឥតប្រយោជន៍ជាយ៉ាងណា
48 តើមានមនុស្សឯណា ដែលនឹងរស់នៅឥតឃើញសេចក្ដីស្លាប់ឡើយឬដែលដោះព្រលឹងខ្លួន ឲ្យរួចពីអំណាចនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ទៅបាន។ –បង្អង់
49 ៙ ឱព្រះអម្ចាស់អើយ អស់ទាំងសេចក្ដីសប្បុរសដែលទ្រង់ប្រោសកាលពីដើមជាសេចក្ដីដែលទ្រង់បានស្បថដល់ដាវីឌដោយសេចក្ដីស្មោះត្រង់របស់ទ្រង់នោះឥឡូវនេះតើនៅឯណា
50 ឱព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំពីសេចក្ដីដែលគេត្មះតិះដៀលដល់ពួកអ្នកបំរើទ្រង់ហើយពីទូលបង្គំទ្រាំរងសេចក្ដីដំនៀលរបស់បណ្តាជនទាំងឡាយនៅក្នុងទ្រូងផង
51 ឱព្រះយេហូវ៉ាអើយពួកខ្មាំងបានយកសេចក្ដីដំនៀលនោះឯងមកត្មះតិះដៀលដល់ទូលបង្គំដែរគឺគេបានត្មះតិះដៀលដល់អស់ទាំងជំហាននៃអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ។