1 ចូរសរសើរតម្កើងព្រះអម្ចាស់!អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ហើយពេញចិត្តនឹងគោរពតាមព្រះបញ្ជារបស់ព្រះអង្គអ្នកនោះមានសុភមង្គលហើយ!
2 ពូជពង្សរបស់គេនឹងមានអំណាចនៅក្នុងស្រុកដ្បិតព្រះជាម្ចាស់នឹងប្រទានពរដល់មនុស្សទៀងត្រង់។
3 នៅក្នុងផ្ទះរបស់អ្នកនោះនឹងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភសេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ។
4 ក្នុងទីងងឹត មានពន្លឺលេចឡើងបំភ្លឺមនុស្សទៀងត្រង់ដែលមានចិត្តប្រណីសន្ដោសអាណិតមេត្តា និងសុចរិត។
5 អ្នកណាមានចិត្តទូលាយហើយយករបស់ខ្លួនឲ្យគេខ្ចីព្រមទាំងរកស៊ីដោយទៀងត្រង់អ្នកនោះប្រព្រឹត្តយ៉ាងល្អប្រពៃហើយ។
6 មនុស្សល្អនឹងបានសុខជានិច្ចគេនឹងរំឭកកេរ្តិ៍ឈ្មោះគាត់រហូតតទៅ។
7 គាត់នឹងមិនខ្លាចនរណានិយាយអាក្រក់ពីគាត់សោះឡើយ គាត់មានចិត្តរឹងប៉ឹងហើយផ្ញើជីវិតលើព្រះអម្ចាស់ទាំងស្រុង។
8 គាត់មានចិត្តនឹងន ឥតភ័យខ្លាចអ្វីទាំងអស់រហូតទាល់តែបានឃើញខ្មាំងសត្រូវបរាជ័យ។
9 គាត់តែងចែកទានឲ្យអ្នកក្រដោយចិត្តទូលាយសេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅហើយគាត់ចម្រើនកម្លាំងកាន់តែរុងរឿងឡើងៗ។
10 ពេលមនុស្សអាក្រក់ឃើញដូច្នេះក៏មានចិត្តទោមនស្ស គេសង្កៀតធ្មេញហើយរលាយសូន្យទៅ មនុស្សអាក្រក់ពុំដែលបានសម្រេចដូចបំណងឡើយ។