ទំនុក‌តម្កើង 108 KHSV

ខ្ញុំ​ដាស់​ព្រះ‌អាទិត្យ​ឲ្យ​រះ​ឡើង

បទ​ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។ ទំនុក‌តម្កើង​របស់​ស្ដេច​ដាវីឌ។

1 ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំត្រៀម​ចិត្ត​គំនិត​ជា​ស្រេច!ទូលបង្គំ​នឹង​ច្រៀងទូលបង្គំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​អស់​ពី​ដួង​ចិត្ត!

2 ឱ​ឃឹម និង​ពិណ​របស់​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង!ខ្ញុំ​ដាស់​ព្រះ‌អាទិត្យ​ឲ្យ​រះ

3 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹង​លើក​តម្កើងព្រះ‌អង្គ​ក្នុង​ចំណោម​ប្រជា‌ជន​ទាំង‌ឡាយទូលបង្គំ​នឹង​ស្មូត្រ​ទំនុក‌តម្កើងថ្វាយ​ព្រះ‌អង្គ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា

4 ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្ររបស់​ព្រះ‌អង្គ​ខ្ពស់​ដល់​អាកាស‌វេហាស៍។

5 ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​បង្ហាញ​ភាព​ថ្កុំ‌ថ្កើងឧត្តុង្គ‌ឧត្ដម​របស់​ព្រះ‌អង្គ​នៅ​លើ​ផ្ទៃ​មេឃហើយ​សូម​ឲ្យ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គភ្លឺ​ចែង​ចាំង​នៅ​លើ​ផែនដី​ទាំង​មូល!

6 សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គសូម​ឆ្លើយ​តប​នឹង​យើង​ខ្ញុំ​ផងដើម្បី​ឲ្យ​ប្រជា‌ជន​ជា​ទី​ស្រឡាញ់របស់​ព្រះ‌អង្គ​បាន​រួច​ជីវិត!

7 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ពី​ទី‌សក្ការៈរបស់​ព្រះ‌អង្គ​មក​ថា:«យើង​នឹង​យក​ជ័យ‌ជំនះយើង​នឹង​បែង​ចែក​ស្រុក​ស៊ីគែមយើង​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូតចែក​ប្រជា‌រាស្ដ្រ​របស់​យើង។

8 កាឡាត​ជា​ទឹក​ដី​របស់​យើងហើយ​ម៉ាណា‌សេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរអេប្រាអ៊ីម​ប្រៀប​ដូច​ជា​មួក​ដែក​របស់​យើងហើយ​យូដា​ជា​ដំបង​រាជ្យ​របស់​យើង។

9 ទឹក​ដី​ម៉ូអាប់​ជា​កន្លែង​ដែល​យើង​លាង​ជើងយើង​បោះ​ស្បែក​ជើង​យើង​លើ​ទឹក​ដី​អេដុមដើម្បី​បញ្ជាក់​ថា​យើង​ជា​ម្ចាស់​លើ​ទឹក​ដី​នេះ។យើង​នឹង​ស្រែក​ប្រកាស​សង្គ្រាមប្រឆាំង​នឹង​ស្រុក​ភីលីស្ទីន!»។

10 តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទីក្រុងដ៏​រឹង‌មាំ​បាន?តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ស្រុក​អេដុម?

11 ឱ​ព្រះ‌ជាម្ចាស់​អើយ!មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​អាច​នាំ​យើង​ខ្ញុំប៉ុន្តែ ព្រះ‌អង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំព្រះ‌អង្គ​ឈប់​យាង​ទៅ​ជា​មួយ​កង‌ទ័ពយើង​ខ្ញុំ​ទៀត​ហើយ។

12 សូម​ជួយ​យើង​ខ្ញុំ​ឲ្យ​ប្រឆាំង​តទល់នឹង​ពួក​សត្រូវ​ផងដ្បិត​ការ​សង្គ្រោះ​មក​ពី​មនុស្ស​លោកឥត​ប្រយោជន៍​អ្វី​សោះ។

13 បើ​ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​យើងនោះ​យើង​នឹង​មាន​ជ័យ‌ជំនះដ្បិត​ព្រះ‌អង្គ​នឹង​បង្ក្រាប​បច្ចា‌មិត្តរបស់​យើង​ឲ្យ​រាប។