1 ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់!មនុស្សនៅផែនដីទាំងមូលអើយចូរច្រៀងថ្វាយព្រះអម្ចាស់!
2 ចូរច្រៀងថ្វាយព្រះអម្ចាស់និងសរសើរតម្កើងព្រះនាមព្រះអង្គចូរប្រកាសជារៀងរាល់ថ្ងៃអំពីការសង្គ្រោះរបស់ព្រះអង្គ។
3 ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាអំពីសិរីរុងរឿងរបស់ព្រះអង្គហើយប្រកាសនៅក្នុងចំណោមប្រជាជនទាំងឡាយ អំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ!
4 ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដមដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្តព្រះអង្គគួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។
5 ព្រះទាំងប៉ុន្មានរបស់សាសន៍នានាសុទ្ធតែឥតបានការអ្វីទាំងអស់រីឯព្រះអម្ចាស់វិញ ព្រះអង្គបានបង្កើតផ្ទៃមេឃ។
6 មានពន្លឺរស្មីចិញ្ចែងចិញ្ចាចចាំងចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គព្រះដំណាក់របស់ព្រះអង្គពោរពេញទៅដោយឫទ្ធិបារមីដ៏ថ្កុំថ្កើងរុងរឿង។
7 ប្រជាជាតិទាំងឡាយអើយចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ហើយថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ។
8 ចូរលើកតម្កើងសិរីរុងរឿងព្រះនាមរបស់ព្រះអម្ចាស់!ចូរនាំគ្នាយកតង្វាយចូលមកក្នុងព្រះវិហាររបស់ព្រះអង្គ!
9 ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ!មនុស្សនៅលើផែនដីទាំងមូលអើយចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គចុះ!
10 ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា ព្រះអម្ចាស់គ្រងរាជ្យពិភពលោករឹងមាំឥតរង្គើសោះឡើយ។ ព្រះអម្ចាស់គ្រប់គ្រងលើប្រជារាស្ត្រនានាដោយយុត្តិធម៌។
11 ចូរឲ្យផ្ទៃមេឃមានអំណរសប្បាយឲ្យផែនដីបានរីករាយឡើងហើយសមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្របន្លឺសំឡេងយ៉ាងអឺងកង!
12 ចូរឲ្យស្រែចម្ការ និងអ្វីៗដែលស្ថិតនៅទីនោះត្រេកអរសប្បាយ ចូរឲ្យព្រៃព្រឹក្សាទាំងប៉ុន្មានស្រែកហ៊ោនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់
13 ដ្បិតព្រះអង្គយាងមកហើយព្រះអង្គយាងមកវិនិច្ឆ័យទោសផែនដីព្រះអង្គវិនិច្ឆ័យទោសផែនដី ដោយយុត្តិធម៌ព្រះអង្គវិនិច្ឆ័យប្រជាជនទាំងឡាយដោយទៀងត្រង់។