1 អ្នកណាមានកិរិយាមារយាទល្អត្រឹមត្រូវឥតខ្ចោះហើយប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់អ្នកនោះមានសុភមង្គលហើយ!។
2 អ្នកណាប្រតិបត្តិតាមដំបូន្មានរបស់ព្រះអង្គហើយស្វែងរកព្រះអង្គអស់ពីចិត្តអ្នកនោះមានសុភមង្គលហើយ!
3 អ្នកទាំងនោះមិនប្រព្រឹត្តអំពើទុច្ចរិតទេគេដើរតាមមាគ៌ារបស់ព្រះអង្គ។
4 ព្រះអង្គបានប្រទានព្រះឱវាទមក ដើម្បីឲ្យយើងខ្ញុំយកចិត្តទុកដាក់ប្រតិបត្តិតាម។
5 សូមជួយទូលបង្គំឲ្យចេះប្រព្រឹត្តត្រឹមត្រូវដោយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។
6 ដូច្នេះ ពេលណាទូលបង្គំពិនិត្យមើលបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គនោះទូលបង្គំនឹងមិនត្រូវអាម៉ាស់ឡើយ។
7 ទូលបង្គំសូមលើកតម្កើងព្រះអង្គដោយចិត្តទៀងត្រង់ហើយពិចារណាមើលវិន័យដ៏សុចរិតដែលព្រះអង្គបានបង្គាប់មក។
8 ទូលបង្គំចង់ប្រតិបត្តិតាមច្បាប់របស់ព្រះអង្គសូមកុំបោះបង់ចោលទូលបង្គំសោះឡើយ!
9 តើមនុស្សកំលោះត្រូវធ្វើយ៉ាងណាដើម្បីឲ្យកិរិយាមារយាទរបស់ខ្លួនបានល្អត្រឹមត្រូវ?គឺដោយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
10 ទូលបង្គំស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្តសូមកុំបណ្តោយឲ្យទូលបង្គំងាកចេញពីបទបញ្ជារបស់ព្រះអង្គឡើយ!
11 ទូលបង្គំរក្សាព្រះបន្ទូលរបស់ព្រះអង្គទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ។
12 ព្រះអម្ចាស់អើយ ទូលបង្គំសូមលើកតម្កើងព្រះអង្គសូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គ!
13 ទូលបង្គំរៀបរាប់អំពីវិន័យទាំងប៉ុន្មានដែលព្រះអង្គបានបង្គាប់មក។
14 ទូលបង្គំសប្បាយចិត្តនឹងអនុវត្តតាមដំបូន្មានរបស់ព្រះអង្គដូចជាទូលបង្គំសប្បាយចិត្តនឹងមានសម្បត្តិដ៏ស្តុកស្តម្ភ។
15 ទូលបង្គំនឹងពិចារណាពីព្រះឱវាទរបស់ព្រះអង្គទូលបង្គំសញ្ជឹងគិតអំពីមាគ៌ារបស់ព្រះអង្គជានិច្ច។
16 ទូលបង្គំពេញចិត្តនឹងច្បាប់របស់ព្រះអង្គខ្លាំងណាស់ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។
17 សូមប្រណីសន្ដោសទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គដើម្បីឲ្យទូលបង្គំមានជីវិតហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
18 សូមបើកភ្នែកទូលបង្គំដើម្បីឲ្យទូលបង្គំ មើលឃើញភាពថ្លៃថ្នូរដ៏អស្ចារ្យនៃក្រឹត្យវិន័យរបស់ព្រះអង្គ។
19 ទូលបង្គំគ្រាន់តែស្នាក់នៅជាបណ្តោះអាសន្នលើផែនដីនេះប៉ុណ្ណោះសូមកុំលាក់បទបញ្ជារបស់ព្រះអង្គនឹងទូលបង្គំឡើយ។
20 ចិត្តទូលបង្គំតែងតែផ្តោតទៅរកវិន័យផ្សេងៗដែលព្រះអង្គបង្គាប់មកជានិច្ច។
21 ព្រះអង្គគំរាមកំហែងមនុស្សអួតបំប៉ោងដែលជាជនត្រូវបណ្ដាសាវង្វេងចេញឆ្ងាយពីបទបញ្ជារបស់ព្រះអង្គ។
22 សូមដកយកការអាម៉ាស់ចេញពីទូលបង្គំកុំឲ្យមាននរណាមើលងាយទូលបង្គំឡើយដ្បិតទូលបង្គំកាន់តាមដំបូន្មានរបស់ព្រះអង្គហើយ។
23 ទោះបីពួកមេដឹកនាំឃុបឃិតគ្នាប្រឆាំងនឹងទូលបង្គំក៏ដោយទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គនៅតែសញ្ជឹងគិតពីច្បាប់របស់ព្រះអង្គជានិច្ច។
24 ទូលបង្គំពេញចិត្តនឹងដំបូន្មានរបស់ព្រះអង្គណាស់ដំបូន្មានព្រះអង្គជួយជាគំនិតដល់ទូលបង្គំ។
25 ទូលបង្គំបានធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំងសូមប្រោសឲ្យទូលបង្គំបានរស់ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង។
26 ទូលបង្គំរៀបរាប់អំពីដំណើរជីវិតរបស់ទូលបង្គំហើយព្រះអង្គក៏ឆ្លើយតបមកទូលបង្គំសូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គ!។
27 សូមជួយទូលបង្គំឲ្យយល់អំពីអត្ថន័យនៃព្រះឱវាទរបស់ព្រះអង្គដើម្បីឲ្យទូលបង្គំអាចសញ្ជឹងគិតពីការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានសម្តែង!។
28 ទូលបង្គំមានទុក្ខសោកសង្រេងសូមលើកទឹកចិត្តទូលបង្គំឡើងវិញដូចព្រះអង្គបានសន្យា។
29 សូមនាំទូលបង្គំចេញឆ្ងាយពីផ្លូវខុសឆ្គងហើយជួយឲ្យទូលបង្គំប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ!
30 ទូលបង្គំប្ដេជ្ញាចិត្តស្មោះត្រង់នឹងព្រះអង្គទូលបង្គំសុខចិត្តធ្វើតាមវិន័យដែលព្រះអង្គបង្គាប់មក។
31 ទូលបង្គំជំពាក់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ ព្រះអម្ចាស់អើយសូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយ!
32 ទូលបង្គំសប្បាយចិត្តនឹងដើរតាមបទបញ្ជានៃបញ្ញត្តិរបស់ព្រះអង្គដ្បិតព្រះអង្គធ្វើឲ្យចិត្តទូលបង្គំបានភ្លឺស្វាង។
33 ព្រះអម្ចាស់អើយ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គដើម្បីឲ្យទូលបង្គំកាន់តាមរហូតដល់ទីបញ្ចប់!។
34 សូមប្រទានឲ្យទូលបង្គំមានប្រាជ្ញាដើម្បីរក្សាក្រឹត្យវិន័យរបស់ព្រះអង្គហើយប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត!។
35 សូមនាំទូលបង្គំដើរតាមមាគ៌ានៃបទបញ្ជារបស់ព្រះអង្គដ្បិតទូលបង្គំពេញចិត្តនឹងបទបញ្ជាទាំងនេះណាស់។
36 សូមទាក់ទាញចិត្តទូលបង្គំឲ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គគឺមិនមែនឲ្យរកកំរៃឡើយ!
37 សូមទាញអារម្មណ៍ទូលបង្គំឲ្យបែរចេញពីអ្វីៗដែលឥតខ្លឹមសារហើយឲ្យទូលបង្គំមានជីវិតរស់នៅតាមមាគ៌ារបស់ព្រះអង្គ!
38 សូមសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គគឺព្រះបន្ទូលដែលព្រះអង្គបានសន្យាចំពោះអស់អ្នកគោរពកោតខ្លាចព្រះអង្គ។
39 សូមយកសេចក្ដីអាម៉ាស់ដែលទូលបង្គំខ្លាចរអែងនេះ ចេញឲ្យឆ្ងាយពីទូលបង្គំទៅដ្បិតវិន័យរបស់ព្រះអង្គសុទ្ធតែល្អទាំងអស់។
40 ទូលបង្គំប្រាថ្នាចង់ធ្វើតាមព្រះឱវាទរបស់ព្រះអង្គសូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញដោយសេចក្ដីសុចរិតរបស់ព្រះអង្គ!
41 ព្រះអម្ចាស់អើយ សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំ សូមសង្គ្រោះទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ!
42 សូមជួយឲ្យទូលបង្គំអាចឆ្លើយតបនឹងអ្នកដែលជេរប្រមាថទូលបង្គំដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។
43 សូមកុំឲ្យទូលបង្គំនិយាយអ្វីប្រាសចាកពីសេចក្ដីពិតឡើយដ្បិតទូលបង្គំសង្ឃឹមលើវិន័យរបស់ព្រះអង្គ។
44 ទូលបង្គំនឹងគោរពតាមក្រឹត្យវិន័យរបស់ព្រះអង្គជានិច្ចនិរន្តរ៍រហូតតរៀងទៅ។
45 ទូលបង្គំចង់រស់នៅដោយមានសេរីភាពពេញទីដ្បិតទូលបង្គំស្វែងរកព្រះឱវាទរបស់ព្រះអង្គ។
46 ទូលបង្គំនឹងថ្លែងអំពីដំបូន្មានរបស់ព្រះអង្គប្រាប់ស្ដេចនានាទូលបង្គំនឹងមិនខ្មាសសោះឡើយ។
47 ទូលបង្គំពេញចិត្តនឹងបទបញ្ជារបស់ព្រះអង្គទូលបង្គំស្រឡាញ់បទបញ្ជានេះណាស់។
48 ទូលបង្គំលើកដៃប្រណម្យគោរពបទបញ្ជារបស់ព្រះអង្គព្រោះទូលបង្គំស្រឡាញ់បទបញ្ជានេះទូលបង្គំចង់សញ្ជឹងគិតអំពីច្បាប់របស់ព្រះអង្គ។
49 សូមនឹកដល់ព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយទូលបង្គំដ្បិតព្រះអង្គបានធ្វើឲ្យទូលបង្គំមានសង្ឃឹម!
50 នៅពេលទូលបង្គំមានទុក្ខវេទនាព្រះបន្ទូលនេះធ្វើឲ្យចិត្តទូលបង្គំបានធូរស្បើយព្រះបន្ទូលសន្យារបស់ព្រះអង្គបានធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញ។
51 មនុស្សអួតបំប៉ោងនាំគ្នាចំអកឲ្យទូលបង្គំតែទូលបង្គំមិនឃ្លាតចាកចេញពីក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។
52 ព្រះអម្ចាស់អើយ ទូលបង្គំនឹកដល់វិន័យរបស់ព្រះអង្គ កាលពីអតីតកាលហើយចិត្តទូលបង្គំក៏បានធូរស្បើយ។
53 មនុស្សពាលបានធ្វើឲ្យទូលបង្គំក្ដៅក្រហាយយ៉ាងខ្លាំងព្រោះពួកគេបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះអង្គ។
54 ពេលដែលទូលបង្គំស្នាក់អាស្រ័យជាបណ្តោះអាសន្នក្នុងលោកនេះទូលបង្គំបានយកច្បាប់របស់ព្រះអង្គមកធ្វើជាទំនុកតម្កើង។
55 ឱព្រះអម្ចាស់អើយ នៅពេលយប់ទូលបង្គំនឹកដល់ព្រះនាមរបស់ព្រះអង្គ ហើយទូលបង្គំប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ។
56 ទូលបង្គំរកឃើញសុភមង្គលដោយអនុវត្តតាមព្រះឱវាទរបស់ព្រះអង្គ។
57 ឱព្រះអម្ចាស់អើយ ទូលបង្គំសូមទូលព្រះអង្គថាការប្រតិបត្តិតាមព្រះបន្ទូលព្រះអង្គជាចំណែកមត៌ករបស់ទូលបង្គំ។
58 ទូលបង្គំសូមអង្វរករព្រះអង្គយ៉ាងអស់ពីចិត្តថាសូមប្រណីសន្ដោសទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!
59 ទូលបង្គំរិះគិតអំពីកិរិយាមារយាទរបស់ទូលបង្គំហើយទូលបង្គំក៏បោះជំហានមករកដំបូន្មានរបស់ព្រះអង្គវិញ។
60 ទូលបង្គំប្រញាប់ប្រញាល់ប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គឥតធ្វេសប្រហែសសោះឡើយ។
61 មនុស្សអាក្រក់បានធ្វើឲ្យទូលបង្គំជាប់អន្ទាក់របស់គេតែទូលបង្គំឥតភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។
62 នៅពាក់កណ្ដាលអធ្រាត្រ ទូលបង្គំក្រោកឡើងដើម្បីលើកតម្កើងព្រះអង្គព្រោះតែវិន័យដ៏ត្រឹមត្រូវរបស់ព្រះអង្គ។
63 ទូលបង្គំជាមិត្តរបស់អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គនិងអស់អ្នកដែលប្រតិបត្តិតាមព្រះឱវាទរបស់ព្រះអង្គ។
64 ឱព្រះអម្ចាស់អើយ ផែនដីពេញទៅដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គសូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គ!
65 ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គតាមព្រះបន្ទូលរបស់ព្រះអង្គផង។
66 សូមបង្រៀនទូលបង្គំឲ្យដឹងខុសត្រូវ មានប្រាជ្ញាដ្បិតទូលបង្គំទុកចិត្តលើបទបញ្ជារបស់ព្រះអង្គ។
67 ពីមុនទូលបង្គំបានវង្វេង ហើយរងទុក្ខវេទនាឥឡូវនេះ ទូលបង្គំប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គហើយ។
68 ព្រះអង្គមានព្រះហឫទ័យល្អសប្បុរសសូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គ!
69 មនុស្សអួតបំប៉ោងនាំគ្នាបង្ខូចកេរ្តិ៍ឈ្មោះទូលបង្គំតែទូលបង្គំនៅតែយកចិត្តទុកដាក់ធ្វើតាមព្រះឱវាទរបស់ព្រះអង្គជានិច្ច។
70 អ្នកទាំងនោះជាមនុស្សអត់ចិត្តរីឯទូលបង្គំវិញ ទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យរបស់ព្រះអង្គណាស់។
71 ទូលបង្គំរងទុក្ខវេទនាដូច្នេះ ក៏ប្រពៃម្យ៉ាងដែរព្រោះទូលបង្គំអាចរៀនច្បាប់របស់ព្រះអង្គ។
72 ចំពោះទូលបង្គំ ទោះបីមាសប្រាក់ច្រើនយ៉ាងណាក៏ដោយក៏គ្មានតម្លៃស្មើនឹងក្រឹត្យវិន័យរបស់ព្រះអង្គដែរ។
73 ព្រះអង្គបានបង្កើតទូលបង្គំមកហើយប្រទានឲ្យទូលបង្គំបានមាំមួនឡើងដូច្នេះ សូមប្រទានឲ្យទូលបង្គំមានប្រាជ្ញាសិក្សាបទបញ្ជារបស់ព្រះអង្គ។
74 ពេលអស់អ្នកគោរពកោតខ្លាចព្រះអង្គឃើញទូលបង្គំ គេនឹងមានអំណរដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។
75 ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថាការអ្វីដែលព្រះអង្គសម្រេចសុទ្ធតែត្រឹមត្រូវទាំងអស់ហើយព្រះអង្គដាក់ទោសទូលបង្គំក៏ត្រឹមត្រូវដែរ។
76 សូមសម្រាលទុក្ខទូលបង្គំដោយសារព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។
77 សូមសម្តែងព្រះហឫទ័យមេត្តាករុណាមកលើទូលបង្គំ ដើម្បីឲ្យទូលបង្គំមានជីវិតឡើងវិញដ្បិតទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យរបស់ព្រះអង្គណាស់។
78 សូមឲ្យមនុស្សអួតបំប៉ោងត្រូវអាម៉ាស់ដ្បិតពួកគេនិយាយកុហកមួលបង្កាច់ទូលបង្គំរីឯទូលបង្គំវិញទូលបង្គំសញ្ជឹងគិតពីព្រះឱវាទរបស់ព្រះអង្គ។
79 សូមឲ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ នាំគ្នាមករកទូលបង្គំដើម្បីឲ្យបានស្គាល់ដំបូន្មានរបស់ព្រះអង្គ។
80 សូមជួយឲ្យទូលបង្គំប្រព្រឹត្តតាមច្បាប់របស់ព្រះអង្គឥតខ្ចោះកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។
81 ទូលបង្គំទន្ទឹងរង់ចាំមើលព្រះអង្គសង្គ្រោះទូលបង្គំទូលបង្គំរង់ចាំព្រះអង្គមានព្រះបន្ទូល។
82 ទូលបង្គំខំប្រឹងរង់ចាំមើលព្រះបន្ទូលសន្យារបស់ព្រះអង្គ ទូលបង្គំពោលថា «តើដល់ពេលណាទើបព្រះអង្គសម្រាលទុក្ខទូលបង្គំ?»។
83 ទូលបង្គំជាមនុស្សដែលគ្មាននរណារាប់រកទៀតទេតែទូលបង្គំមិនបំភ្លេចច្បាប់របស់ព្រះអង្គឡើយ។
84 តើទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គត្រូវរង់ចាំដល់ពេលណាទៀតទើបព្រះអង្គវិនិច្ឆ័យទោសអស់អ្នកដែលបៀតបៀនទូលបង្គំ?
85 មនុស្សអួតបំប៉ោងមិនគោរពតាមក្រឹត្យវិន័យរបស់ព្រះអង្គទេគេនាំគ្នាជីករណ្ដៅ ដើម្បីឲ្យទូលបង្គំធ្លាក់។
86 បទបញ្ជារបស់ព្រះអង្គទាំងប៉ុន្មានសុទ្ធតែពិតទាំងអស់សូមជួយទូលបង្គំផងដ្បិតគេបៀតបៀនទូលបង្គំដោយឥតហេតុផល។
87 នៅតែបន្តិចប៉ុណ្ណោះគេនឹងប្រហារទូលបង្គំឲ្យវិនាសសូន្យប៉ុន្តែ ទូលបង្គំមិនបោះបង់ចោលព្រះឱវាទរបស់ព្រះអង្គឡើយ។
88 សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញដោយព្រះហឫទ័យមេត្តាករុណាទូលបង្គំនឹងប្រតិបត្តិតាមដំបូន្មានដែលព្រះអង្គបង្គាប់មក។
89 ឱព្រះអម្ចាស់អើយ ព្រះបន្ទូលរបស់ព្រះអង្គស្ថិតស្ថេររហូតតទៅ នៅក្នុងស្ថានបរមសុខ។
90 ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅព្រះអង្គបានធ្វើឲ្យផែនដីរឹងមាំហើយផែនដីក៏នៅស្ថិតស្ថេរដែរ។
91 អ្វីៗសព្វសារពើនៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃដោយសារវិន័យរបស់ព្រះអង្គដ្បិតអ្វីៗទាំងអស់សុទ្ធតែនៅក្រោមអំណាចរបស់ព្រះអង្គ។
92 ប្រសិនបើទូលបង្គំមិនពេញចិត្តនឹងក្រឹត្យវិន័យរបស់ព្រះអង្គទេ ទូលបង្គំមុខជារងទុក្ខវេទនាហើយវិនាសអន្តរាយជាមិនខាន។
93 ទូលបង្គំនឹងមិនភ្លេចព្រះឱវាទរបស់ព្រះអង្គសោះឡើយដ្បិតព្រះអង្គធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញដោយសារព្រះឱវាទទាំងនេះ។
94 ទូលបង្គំនៅក្រោមឱវាទរបស់ព្រះអង្គហើយសូមសង្គ្រោះទូលបង្គំផង!ដ្បិតទូលបង្គំយកចិត្តទុកដាក់នឹងព្រះឱវាទរបស់ព្រះអង្គ។
95 មនុស្សអាក្រក់រង់ចាំប្រហារជីវិតទូលបង្គំតែទូលបង្គំចាប់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ។
96 ទូលបង្គំឃើញថាសូម្បីអ្វីៗដ៏ល្អឥតខ្ចោះក៏នឹងមានទីបញ្ចប់ដែរប៉ុន្តែ បទបញ្ជារបស់ព្រះអង្គទូលំទូលាយឥតមានព្រំដែនសោះឡើយ។
97 ទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គខ្លាំងណាស់ទូលបង្គំសញ្ជឹងគិតអំពីក្រឹត្យវិន័យនេះជារៀងរាល់ថ្ងៃ។
98 បទបញ្ជារបស់ព្រះអង្គធ្វើឲ្យទូលបង្គំមានប្រាជ្ញាវាងវៃជាងខ្មាំងសត្រូវដ្បិតទូលបង្គំរិះគិតពីក្រឹត្យវិន័យនេះជានិច្ច។
99 ទូលបង្គំចេះដឹងជាងគ្រូៗទាំងប៉ុន្មានរបស់ទូលបង្គំទៅទៀត ដ្បិតទូលបង្គំយកដំបូន្មានទាំងប៉ុន្មាន មកសញ្ជឹងគិត។
100 ទូលបង្គំដឹងខុសត្រូវជាងចាស់ៗទៅទៀតដ្បិតទូលបង្គំប្រព្រឹត្តតាមព្រះឱវាទរបស់ព្រះអង្គ។
101 ទូលបង្គំចៀសចេញឆ្ងាយពីផ្លូវអាក្រក់ទាំងប៉ុន្មានដើម្បីប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
102 ទូលបង្គំមិនងាកចេញពីវិន័យដែលព្រះអង្គបង្គាប់មកទូលបង្គំឡើយដ្បិតព្រះអង្គប្រៀនប្រដៅទូលបង្គំដូច្នេះ។
103 ព្រះបន្ទូលរបស់ព្រះអង្គប្រៀបបាននឹងអាហារដ៏ឆ្ងាញ់ពិសេស សម្រាប់ទូលបង្គំហើយក៏មានរសជាតិផ្អែមជាងទឹកឃ្មុំទៅទៀត។
104 ព្រះឱវាទរបស់ព្រះអង្គបានធ្វើឲ្យទូលបង្គំដឹងខុសត្រូវ ហេតុនេះហើយបានជាទូលបង្គំស្អប់ការវៀចវេរ។
105 ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងបំភ្លឺជំហានទូលបង្គំ និងជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
106 ទូលបង្គំសូមសន្យាដោយឥតងាករេថាទូលបង្គំនឹងប្រតិបត្តិតាមវិន័យដ៏សុចរិតដែលព្រះអង្គបង្គាប់មក។
107 ឱព្រះអម្ចាស់អើយទូលបង្គំរងទុក្ខវេទនាខ្លាំងណាស់សូមប្រោសប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!
108 ឱព្រះអម្ចាស់អើយសូមទទួលយកពាក្យទូលអង្វររបស់ទូលបង្គំទុកជាតង្វាយ ហើយសូមបង្រៀនឲ្យទូលបង្គំស្គាល់វិន័យរបស់ព្រះអង្គ!
109 ជីវិតទូលបង្គំប្រឈមមុខទល់នឹងអន្តរាយជានិច្ចប៉ុន្តែ ទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។
110 មនុស្សអាក្រក់នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំតែទូលបង្គំមិនវង្វេងចេញឆ្ងាយពីព្រះឱវាទរបស់ព្រះអង្គឡើយ។
111 ដំបូន្មានរបស់ព្រះអង្គជាកេរមត៌ករបស់ទូលបង្គំដ្បិតដំបូន្មានទាំងនេះធ្វើឲ្យទូលបង្គំមានអំណរនៅក្នុងចិត្ត។
112 ទូលបង្គំប្ដេជ្ញាចិត្តធ្វើតាមច្បាប់របស់ព្រះអង្គរហូតដល់ទីបំផុត។
113 ទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរតែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។
114 ព្រះអង្គជាជម្រក និងជាខែលការពារទូលបង្គំទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គជានិច្ច។
115 មនុស្សអាក្រក់អើយចូរនាំគ្នាចេញឲ្យឆ្ងាយពីខ្ញុំទៅ!ទុកឲ្យខ្ញុំប្រតិបត្តិតាមបទបញ្ជានៃព្រះរបស់ខ្ញុំ!
116 សូមជួយគាំទ្រទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គដើម្បីឲ្យទូលបង្គំមានជីវិតសូមកុំឲ្យសេចក្ដីសង្ឃឹមរបស់ទូលបង្គំប្រែទៅជាខកចិត្តឡើយ។
117 សូមធ្វើជាបង្អែករបស់ទូលបង្គំដើម្បីឲ្យទូលបង្គំបានរួចជីវិតហើយផ្ចង់ចិត្តទៅរកច្បាប់របស់ព្រះអង្គជានិច្ច។
118 ព្រះអង្គមិនរាប់រកអស់អ្នកដែលវង្វេងចេញឆ្ងាយពីច្បាប់របស់ព្រះអង្គឡើយដ្បិតអ្វីៗដែលពួកគេធ្វើសុទ្ធតែជាការបោកបញ្ឆោត។
119 ព្រះអង្គផាត់មនុស្សអាក្រក់ទាំងប៉ុន្មាននៅលើផែនដីចោល ដូចកម្ទេចសំរាមហេតុនេះហើយបានជាទូលបង្គំស្រឡាញ់ដំបូន្មានរបស់ព្រះអង្គ។
120 រូបកាយទូលបង្គំភ័យញាប់ញ័រដោយកោតខ្លាចព្រះអង្គទូលបង្គំភ័យខ្លាចវិន័យរបស់ព្រះអង្គ។
121 ទូលបង្គំប្រព្រឹត្តអំពើសុចរិត យុត្តិធម៌សូមកុំឲ្យទូលបង្គំធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលសង្កត់សង្កិនទូលបង្គំឡើយ។
122 សូមធានាឲ្យទូលបង្គំដែលជាអ្នកបម្រើព្រះអង្គបានសុខសាន្តផងសូមកុំទុកឲ្យមនុស្សអួតបំប៉ោងសង្កត់សង្កិនទូលបង្គំឡើយ។
123 ទូលបង្គំទន្ទឹងរង់ចាំមើលព្រះអង្គសង្គ្រោះទូលបង្គំទូលបង្គំរង់ចាំព្រះបន្ទូលសន្យាដ៏សុចរិតរបស់ព្រះអង្គ។
124 សូមប្រព្រឹត្តចំពោះទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ ដោយព្រះហឫទ័យមេត្តាករុណាសូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គ!
125 ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គសូមប្រទានប្រាជ្ញាមកទូលបង្គំផងដើម្បីឲ្យទូលបង្គំស្គាល់ដំបូន្មានរបស់ព្រះអង្គ។
126 ព្រះអម្ចាស់អើយ ដល់ពេលធ្វើអន្តរាគមន៍ហើយដ្បិតគេបានរំលោភលើក្រឹត្យវិន័យរបស់ព្រះអង្គ។
127 ទូលបង្គំស្រឡាញ់បទបញ្ជារបស់ព្រះអង្គលើសអ្វីៗទាំងអស់ គឺលើសមាសសុទ្ធទៅទៀត។
128 ទូលបង្គំយល់ឃើញថាព្រះឱវាទទាំងប៉ុន្មានរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងអស់ទូលបង្គំស្អប់ការអាក្រក់គ្រប់យ៉ាង។
129 ដំបូន្មានរបស់ព្រះអង្គល្អវិសេសណាស់ហេតុនេះហើយបានជាទូលបង្គំខំប្រឹងធ្វើតាម។
130 ការស្វែងយល់ព្រះបន្ទូលរបស់ព្រះអង្គធ្វើឲ្យមនុស្សភ្លឺស្វាងហើយធ្វើឲ្យអ្នកទន់ទាបមានប្រាជ្ញា។
131 ទូលបង្គំត្រងត្រាប់ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គដោយយកចិត្តទុកដាក់ដ្បិតទូលបង្គំចង់ស្គាល់បទបញ្ជារបស់ព្រះអង្គណាស់។
132 សូមបែរព្រះភ័ក្ត្រទតមកទូលបង្គំសូមប្រណីសន្ដោសទូលបង្គំដូចព្រះអង្គធ្លាប់ប្រណីសន្ដោសអស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។
133 សូមពង្រឹងទូលបង្គំឲ្យបានមាំមួនតាមព្រះបន្ទូលសន្យារបស់ព្រះអង្គហើយកុំបណ្តោយឲ្យទូលបង្គំធ្លាក់ទៅក្នុងអំណាចរបស់អំពើទុច្ចរិតណាមួយឡើយ!។
134 សូមរំដោះទូលបង្គំឲ្យរួចផុតពីការជិះជាន់របស់មនុស្ស ដើម្បីឲ្យទូលបង្គំប្រតិបត្តិតាមព្រះឱវាទរបស់ព្រះអង្គ។
135 សូមសម្តែងព្រះហឫទ័យអាណិតមេត្តាដល់ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គហើយសូមបង្រៀនទូលបង្គំឲ្យស្គាល់ច្បាប់របស់ព្រះអង្គផង!។
136 ទូលបង្គំបង្ហូរទឹកភ្នែកឥតស្រាកស្រាន្តដោយឃើញគេមិនគោរពតាមក្រឹត្យវិន័យរបស់ព្រះអង្គ។
137 ឱព្រះអម្ចាស់អើយ ព្រះអង្គសុចរិតវិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ!
138 ព្រះអង្គប្រទានដំបូន្មានមកដោយសុចរិតនិងត្រឹមត្រូវបំផុត។
139 ទូលបង្គំក្ដៅក្រហាយយ៉ាងខ្លាំងដោយឃើញបច្ចាមិត្តរបស់ទូលបង្គំបំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។
140 ព្រះបន្ទូលសន្យាបស់ព្រះអង្គសម្រេចជាក់ស្តែងហើយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គស្រឡាញ់ព្រះបន្ទូលនេះណាស់។
141 ទូលបង្គំជាមនុស្សតូចតាចហើយត្រូវគេមើលងាយទៀតផងតែទូលបង្គំមិនភ្លេចព្រះឱវាទរបស់ព្រះអង្គឡើយ។
142 សេចក្ដីសុចរិតរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ចហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។
143 ទូលបង្គំកើតទុក្ខអន្ទះអន្ទែងជាខ្លាំងតែបទបញ្ជារបស់ព្រះអង្គធ្វើឲ្យទូលបង្គំមានអំណរ។
144 ដំបូន្មានរបស់ព្រះអង្គសុចរិតជានិច្ចសូមប្រទានប្រាជ្ញាមកទូលបង្គំដើម្បីឲ្យទូលបង្គំមានជីវិត!
145 ឱព្រះអម្ចាស់អើយទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្តសូមឆ្លើយតបមកទូលបង្គំផង ដើម្បីឲ្យទូលបង្គំប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ!
146 ទូលបង្គំអង្វរព្រះអង្គសូមសង្គ្រោះទូលបង្គំផងដើម្បីឲ្យទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ!
147 ទូលបង្គំស្រែកអង្វរព្រះអង្គតាំងពីមុនថ្ងៃរះទៅទៀតទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។
148 ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យារបស់ព្រះអង្គមួយយប់ទល់ភ្លឺ។
149 សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំដោយព្រះហឫទ័យមេត្តាករុណាឱព្រះអម្ចាស់អើយ សូមជួយទូលបង្គំឲ្យរស់នៅតាមវិន័យរបស់ព្រះអង្គ។
150 អស់អ្នកដែលតាមព្យាបាទទូលបង្គំនាំគ្នាចូលមកជិតទូលបង្គំអ្នកទាំងនោះឃ្លាតចេញឆ្ងាយពីក្រឹត្យវិន័យរបស់ព្រះអង្គ។
151 ឱព្រះអម្ចាស់អើយ ព្រះអង្គនៅជិតទូលបង្គំបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងអស់
152 តាំងពីយូរយារណាស់មកហើយទូលបង្គំបានដឹងថាព្រះអង្គប្រទានដំបូន្មានរបស់ព្រះអង្គមកដើម្បីឲ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។
153 សូមទតមើលទុក្ខវេទនារបស់ទូលបង្គំសូមរំដោះទូលបង្គំផង!ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។
154 សូមរកយុត្តិធម៌ឲ្យទូលបង្គំហើយរំដោះទូលបង្គំឲ្យមានសេរីភាពផងសូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ!
155 មនុស្សអាក្រក់ពុំអាចទទួលការសង្គ្រោះឡើយដ្បិតពួកគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។
156 ឱព្រះអម្ចាស់អើយ ព្រះអង្គតែងតែមានព្រះហឫទ័យអាណិតមេត្តាជានិច្ចសូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញតាមវិន័យដែលព្រះអង្គបានបង្គាប់មក។
157 អស់អ្នកដែលបៀតបៀនទូលបង្គំនិងបច្ចាមិត្តរបស់ទូលបង្គំមានគ្នាច្រើនណាស់តែទូលបង្គំមិនងាកចេញពីដំបូន្មានរបស់ព្រះអង្គឡើយ។
158 ពេលទូលបង្គំឃើញមនុស្សក្បត់ទូលបង្គំទាស់ចិត្តខ្លាំងណាស់ដ្បិតពួកគេមិនប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គទេ។
159 ឱព្រះអម្ចាស់អើយ សូមជ្រាបថាទូលបង្គំស្រឡាញ់ព្រះឱវាទរបស់ព្រះអង្គសូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។
160 គោលការណ៍នៃព្រះបន្ទូលរបស់ព្រះអង្គជាសេចក្ដីពិតហើយវិន័យទាំងប៉ុន្មានដែលព្រះអង្គសម្រេចដោយសុចរិតនៅស្ថិតស្ថេររហូតតទៅ។
161 ពួកមេដឹកនាំបៀតបៀនទូលបង្គំដោយឥតមូលហេតុក៏ប៉ុន្តែ មានតែព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះដែលធ្វើឲ្យទូលបង្គំភ័យខ្លាច!។
162 ទូលបង្គំរីករាយនឹងព្រះបន្ទូលសន្យារបស់ព្រះអង្គដូចជាគេរកឃើញកំណប់ដ៏មានតម្លៃលើសលប់ដែរ។
163 ទូលបង្គំស្អប់ខ្ពើមការកុហកណាស់តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។
164 ទូលបង្គំសរសើរតម្កើងព្រះអង្គមួយថ្ងៃប្រាំពីរដងព្រោះតែវិន័យដ៏សុចរិតរបស់ព្រះអង្គ។
165 អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គនឹងបានសុខក្សេមក្សាន្តគ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។
166 ឱព្រះអម្ចាស់អើយ ទូលបង្គំសង្ឃឹមរង់ចាំព្រះអង្គសង្គ្រោះទូលបង្គំទូលបង្គំប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ។
167 ទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គហើយទូលបង្គំស្រឡាញ់ដំបូន្មាននេះណាស់។
168 ទូលបង្គំប្រព្រឹត្តតាមព្រះឱវាទនិងដំបូន្មានរបស់ព្រះអង្គដ្បិតអ្វីៗដែលទូលបង្គំធ្វើព្រះអង្គជ្រាបសព្វគ្រប់ទាំងអស់។
169 សូមឲ្យសម្រែករបស់ទូលបង្គំបានឮទៅដល់ព្រះអង្គសូមប្រទានប្រាជ្ញាមកទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។
170 សូមឲ្យពាក្យទទូចអង្វររបស់ទូលបង្គំបានឮទៅដល់ព្រះអង្គ សូមរំដោះទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!។
171 ទូលបង្គំនឹងពោលពាក្យសរសើរតម្កើងព្រះអង្គឥតឈប់ឡើយដ្បិតព្រះអង្គបានបង្រៀនទូលបង្គំឲ្យស្គាល់ច្បាប់របស់ព្រះអង្គ។
172 ទូលបង្គំនឹងបន្លឺសំឡេងច្រៀងតម្កើងព្រះបន្ទូលសន្យារបស់ព្រះអង្គដ្បិតបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គសុទ្ធតែសុចរិត។
173 សូមសម្តែងព្រះបារមីសង្គ្រោះទូលបង្គំដ្បិតទូលបង្គំបានសម្រេចចិត្តធ្វើតាមព្រះឱវាទរបស់ព្រះអង្គហើយ។
174 ឱព្រះអម្ចាស់អើយទូលបង្គំប្រាថ្នាចង់ឃើញព្រះអង្គសង្គ្រោះទូលបង្គំណាស់ទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យរបស់ព្រះអង្គជាខ្លាំង។
175 សូមឲ្យទូលបង្គំរស់រានមានជីវិតដើម្បីសរសើរតម្កើងព្រះអង្គ!សូមឲ្យព្រះបន្ទូលរបស់ព្រះអង្គជួយលើកទឹកចិត្តទូលបង្គំ។
176 ទូលបង្គំនៅវិលវល់ប្រៀបបាននឹងចៀមវង្វេងសូមយាងមករកទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គផង!ដ្បិតទូលបង្គំមិនភ្លេចបទបញ្ជារបស់ព្រះអង្គឡើយ!