1 ខ្ញុំបន្លឺសំឡេងទៅកាន់ព្រះជាម្ចាស់ខ្ញុំស្រែកអង្វរព្រះអង្គខ្ញុំបន្លឺសំឡេងទៅកាន់ព្រះជាម្ចាស់ព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យខ្ញុំ។
2 នៅថ្ងៃមានអាសន្ន ខ្ញុំស្វែងរកព្រះអម្ចាស់នៅពេលយប់ ខ្ញុំលើកដៃអង្វរព្រះអង្គឥតឈប់ឈរខ្ញុំមិនចង់ឲ្យនរណាសម្រាលទុក្ខខ្ញុំសោះឡើយ។
3 ពេលនឹកដល់ព្រះជាម្ចាស់ ខ្ញុំស្រែកថ្ងូរហើយពេលរំពឹងគិត ខ្ញុំក៏បាក់ទឹកចិត្តដែរ។ - សម្រាក
4 ព្រះអម្ចាស់អើយ ព្រះអង្គធ្វើឲ្យទូលបង្គំទទួលទានដំណេកមិនលក់សោះទូលបង្គំខ្វល់ខ្វាយក្នុងចិត្ត រកនិយាយអ្វីមិនកើត។
5 ទូលបង្គំរំពឹងគិតអំពីអតីតកាលគឺពីជំនាន់ដើមដ៏យូរលង់ណាស់មកហើយ
6 ទូលបង្គំរិះគិតដដែលៗ ពេញមួយយប់ទូលបង្គំចេះតែត្រិះរិះពិចារណានៅក្នុងចិត្តដើម្បីស្វែងយល់ថា
7 តើព្រះអម្ចាស់បោះបង់ចោលយើងរហូតឬ?តើព្រះអង្គមិនគាប់ព្រះហឫទ័យនឹងយើងទៀតទេឬ?
8 តើព្រះអង្គលែងមានព្រះហឫទ័យមេត្តាករុណាចំពោះយើងហើយឬ?តើព្រះអង្គនៅស្ងៀមលែងមានព្រះបន្ទូលមកយើងអស់កល្បជាអង្វែងតរៀងទៅឬ?
9 តើព្រះជាម្ចាស់ភ្លេចសម្តែងព្រះហឫទ័យប្រណីសន្ដោសចំពោះយើងហើយឬ?នៅពេលព្រះអង្គទ្រង់ព្រះពិរោធតើព្រះអង្គឈប់អាណិតអាសូរយើងហើយឬ? - សម្រាក
10 ទូលបង្គំគិតទៀតថា ទូលបង្គំរងទុក្ខវេទនាដូច្នេះមកពីព្រះដ៏ខ្ពង់ខ្ពស់បំផុតលែងសម្តែងព្រះបារមីជួយយើងទៀតហើយ!
11 ព្រះអម្ចាស់អើយ ទូលបង្គំរំឭកឡើងវិញនូវស្នាព្រះហស្ដរបស់ព្រះអង្គទូលបង្គំនៅចាំពីកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។
12 ទូលបង្គំរិះគិតអំពីកិច្ចការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើទូលបង្គំពិចារណាអំពីស្នាព្រះហស្ដដ៏ថ្កុំថ្កើងរបស់ព្រះអង្គ។
13 ព្រះជាម្ចាស់អើយមាគ៌ារបស់ព្រះអង្គជាមាគ៌ាដ៏វិសុទ្ធគ្មានព្រះឯណាទៀតធំឧត្តុង្គឧត្ដមដូចព្រះអង្គឡើយ។
14 មានតែព្រះអង្គទេដែលធ្វើការអស្ចារ្យព្រះអង្គបានសម្តែងឫទ្ធានុភាពឲ្យជាតិសាសន៍នានាឃើញ។
15 ព្រះអង្គបានប្រើឫទ្ធិបារមីលោះប្រជារាស្ត្ររបស់ព្រះអង្គគឺព្រះអង្គបានរំដោះពូជពង្សរបស់លោកយ៉ាកុបនិងពូជពង្សរបស់លោកយ៉ូសែប។ - សម្រាក
16 ឱព្រះជាម្ចាស់អើយទឹកសមុទ្របានឃើញព្រះអង្គ!ពេលទឹកសមុទ្របានឃើញព្រះអង្គវាពុះកញ្ជ្រោលសូម្បីតែបាតសមុទ្រក៏រញ្ជួយញាប់ញ័រដែរ។
17 មានភ្លៀងបង្អុរធ្លាក់ចុះពីលើមេឃដូចទឹកជ្រោះធ្លាក់ហើយក៏មានផ្គរលាន់ឮពីលើមេឃមកយ៉ាងខ្លាំងដែររន្ទះរបស់ព្រះអង្គភ្លឺផ្លេកពាសពេញផ្ទៃមេឃ។
18 នៅពេលផ្គរលាន់បន្លឺសំឡេងយ៉ាងគគ្រឹកគគ្រេងផ្លេកបន្ទោររបស់ព្រះអង្គភ្លឺចាំងមកលើពិភពលោកធ្វើឲ្យផែនដីរញ្ជួយញាប់ញ័រ។
19 ព្រះអង្គយាងកាត់សមុទ្រព្រះអង្គយាងកាត់មហាសាគរគ្មាននរណាអាចរកដានព្រះបាទារបស់ព្រះអង្គឃើញទេ។
20 ព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គតាមរយៈលោកម៉ូសេ និងលោកអើរ៉ុនដូចគង្វាលដឹកនាំហ្វូងចៀមដែរ។