1 ខ្ញុំបានទន្ទឹងរង់ចាំព្រះអម្ចាស់ព្រះអង្គក៏ផ្ទៀងព្រះកាណ៌ស្ដាប់សម្រែកទូលអង្វររបស់ខ្ញុំ។
2 ព្រះអង្គបានយកខ្ញុំចេញពីរណ្ដៅ ចេញពីភក់ជ្រាំមកដាក់នៅលើថ្មដាឲ្យមានជំហរយ៉ាងរឹងប៉ឹង។
3 ព្រះអង្គបានប្រទានឲ្យខ្ញុំច្រៀងបទចម្រៀងថ្មីដើម្បីសរសើរតម្កើងព្រះរបស់យើងមនុស្សជាច្រើននឹងឃើញហើយកោតខ្លាចទៀតផងគេនឹងនាំគ្នាផ្ញើជីវិតលើព្រះអម្ចាស់។
4 មានសុភមង្គលហើយមនុស្សណាផ្ញើជីវិតលើព្រះអម្ចាស់គឺជាអ្នកមិនបែរទៅរកថ្វាយបង្គំព្រះក្លែងក្លាយដែលជាព្រះបោកបញ្ឆោត!។
5 ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយព្រះអង្គបានសម្តែងការអស្ចារ្យជាច្រើនចំពោះយើងខ្ញុំព្រះអង្គក៏មានគម្រោងការជាច្រើនសម្រាប់យើងខ្ញុំដែរ។គ្មាននរណាអាចផ្ទឹមស្មើនឹងព្រះអង្គបានទេការអស្ចារ្យទាំងនោះមានចំនួនច្រើនឥតគណនាទូលបង្គំមិនអាចពណ៌នាអស់ឡើយ។
6 ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេតែព្រះអង្គបានបើកត្រចៀកទូលបង្គំឲ្យចេះស្ដាប់ព្រះអង្គព្រះអង្គមិនទាមទារតង្វាយដុត ឬយញ្ញបូជាសុំឲ្យរួចពីបាបឡើយ។
7 ដូច្នេះ ទូលបង្គំពោលថា បពិត្រព្រះអម្ចាស់ទូលបង្គំមករកព្រះអង្គទាំងកាន់គម្ពីរដែលមានចែងទុកអំពីទូលបង្គំ។
8 ទូលបង្គំពេញចិត្តនឹងធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គហើយក្រឹត្យវិន័យរបស់ព្រះអង្គដក់នៅក្នុងដួងចិត្តទូលបង្គំជានិច្ច។
9 ទូលបង្គំបានប្រកាសឲ្យអង្គប្រជុំដ៏ធំដឹងអំពីសេចក្ដីសុចរិតរបស់ព្រះអង្គឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបហើយថាទូលបង្គំនឹងថ្លែងឥតឈប់ឈរឡើយ។
10 ទូលបង្គំមិនលាក់សេចក្ដីសុចរិតរបស់ព្រះអង្គទុកក្នុងចិត្តទូលបង្គំទាល់តែសោះទូលបង្គំតែងតែប្រកាសពីព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គដែលបានសង្គ្រោះទូលបង្គំទូលបង្គំពុំអាចនៅស្ងៀមមិនប្រកាសអំពីព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់របស់ព្រះអង្គនៅកណ្ដាលអង្គប្រជុំធំបានឡើយ។
11 ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថាព្រះអង្គតែងតែអាណិតមេត្តាទូលបង្គំឥតឈប់សោះឡើយព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់របស់ព្រះអង្គតែងតែតាមការពារទូលបង្គំជានិច្ច។
12 មានទុក្ខលំបាកច្រើនឥតគណនារួបរឹតទូលបង្គំកំហុសរបស់ទូលបង្គំផ្ទាល់បានតាមយាយីទូលបង្គំធ្វើឲ្យទូលបង្គំស្រវាំងភ្នែកមើលអ្វីលែងឃើញកំហុសទូលបង្គំមានចំនួនច្រើនជាងសរសៃសក់របស់ទូលបង្គំទៅទៀតទូលបង្គំលែងមានកម្លាំងប្រឈមមុខទៀតហើយ។
13 ឱព្រះអម្ចាស់អើយ សូមមេត្តារំដោះទូលបង្គំផង! ព្រះអម្ចាស់អើយសូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់!
14 សូមឲ្យអស់អ្នកដែលចង់ដកជីវិតទូលបង្គំត្រូវអាប់អោន និងបាក់មុខទាំងអស់គ្នា!សូមឲ្យអស់អ្នកដែលសប្បាយចិត្តនឹងទុក្ខវេទនារបស់ទូលបង្គំត្រូវដកខ្លួនថយ និងអាម៉ាស់មុខ!
15 សូមឲ្យអស់អ្នកដែលសើចចំអកដាក់ទូលបង្គំត្រូវបរាជ័យ ទាំងអាប់កិត្តិយស
16 រីឯអស់អ្នកដែលស្វែងរកព្រះអង្គវិញសូមឲ្យគេបានសប្បាយរីករាយរួមជាមួយព្រះអង្គ!សូមឲ្យអស់អ្នកដែលស្រឡាញ់ការសង្គ្រោះរបស់ព្រះអង្គ ថ្លែងឥតឈប់ឈរថា«សូមលើកតម្កើងព្រះអម្ចាស់!»។
17 ទូលបង្គំជាមនុស្សកំសត់ទុគ៌តតែព្រះអម្ចាស់បានគិតគូរដល់ទូលបង្គំ។ព្រះអង្គតែងតែសង្គ្រោះ និងរំដោះទូលបង្គំឱព្រះនៃទូលបង្គំអើយសូមយាងមកកុំបង្អង់ឡើយ!