ទំនុក‌តម្កើង 73 KHSV

ភាគ​ទី​បី

សេចក្ដី​សុចរិត​តែងតែ​មាន​ជ័យ‌ជំនះ

ទំនុក‌តម្កើង​របស់​លោក​អេសាភ។

1 ពិត​មែន​ហើយ ព្រះ‌ជាម្ចាស់​មានព្រះ‌ហឫទ័យ​សប្បុរសចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែលនិង​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ។

2 ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ហៀប​តែ​នឹង​ភ្លាត់​ជើងគឺ​នៅ​សល់​តែ​បន្តិច​ប៉ុណ្ណោះ ខ្ញុំ​មុខ​ជា​ដួល​មិន​ខាន

3 ព្រោះ​ខ្ញុំ​មាន​ចិត្ត​ច្រណែន​នឹង​មនុស្ស​ព្រហើនដោយ​ឃើញ​ជន​ពាល​ទាំង​នោះបាន​ចម្រុង‌ចម្រើន។

4 ក្នុង​មួយ​ជីវិត​របស់​ពួក​គេពួក​គេ​ហាក់​ដូច​ជា​គ្មាន​កង្វល់​អ្វី​សោះគេ​មាន​សាច់​មាន​ឈាម។

5 គេ​ពុំ​ដែល​ស្គាល់​ទុក្ខ​លំបាក​ដូច​មនុស្ស​ដទៃហើយ​ពុំ​ដែល​វេទនា​ដូច​មនុស្ស​ឯ​ទៀតៗ​ឡើយ។

6 ពួក​គេ​យក​អំនួត​មក​បង្ហាញ​ដូច​ជា​បុណ្យ​ស័ក្ដិហើយ​ពាក់​ចិត្ត​ឃោរ‌ឃៅដូច​ជា​សំលៀក‌បំពាក់។

7 គំនិត​អាក្រក់​ចាំង​នៅ​លើ​ផ្ទៃ​មុខ​របស់​ពួក​គេគំនិត​អប្រិយ​របស់​ពួក​គេក៏​លេច​ចេញ​មក​យ៉ាង​ច្បាស់​ដែរ។

8 គេ​នាំ​គ្នា​សើច​ចំអក និង​ពោល​ពាក្យ​អាក្រក់ព្រម​ទាំង​និយាយ​ក្ដែងៗពី​ការ​សង្កត់‌សង្កិន​អ្នក​ដទៃ។

9 មាត់​របស់​គេ​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់ហើយ​អណ្ដាត​របស់​គេ​ឥត​សំចៃ​នរណា​ម្នាក់នៅ​លើ​ផែនដី​ឡើយ។

10 ហេតុ​នេះ សូម្បី​តែ​ប្រជា‌រាស្ដ្ររបស់​ព្រះ‌ជាម្ចាស់ ក៏​វង្វេង​ទៅ​តាម​ពួក​គេព្រម​ទាំង​ចូល​ចិត្ត​ស្ដាប់​ពាក្យ​សម្ដីរបស់​ពួក​គេ ដូច​ផឹក​ទឹក។

11 គេ​ពោល​ថា ព្រះ‌ជាម្ចាស់​ពុំ​ជ្រាប​អ្វី​ទាំង​អស់ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​មិន​ដឹង​អ្វី​សោះ​ឡើយ!

12 នេះ​ហើយ​មនុស្ស​ពាល!ពួក​គេ​បាន​សុខ​ជា‌និច្ចពួក​គេ​បាន​ចម្រុង‌ចម្រើន​រហូត!

13 រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ខំ​ប្រឹង​កាន់​ចិត្ត​បរិសុទ្ធហើយ​ចៀស​វាង​ប្រព្រឹត្ត​អំពើ​បាបតែ​ឥត​បាន​ផល​អ្វី​សោះ!

14 ដ្បិត​ទូលបង្គំ​កើត​ទុក្ខ​លំបាក​ជា​រៀង​រាល់​ថ្ងៃទូលបង្គំ​ទទួល​ទារុណ‌កម្ម​រាល់​ព្រឹក។

15 ប្រសិន​បើ​ទូលបង្គំ​សម្រេច​ចិត្ត​ធ្វើ​ដូច​ពួក​គេ​ដែរ​នោះទូលបង្គំ​មុខ​ជា​ក្បត់​បង‌ប្អូន​របស់​ទូលបង្គំដែល​ជា​បុត្រ​របស់​ព្រះ‌អង្គ​មិន​ខាន។

16 ទូលបង្គំ​ខិត‌ខំ​រិះគិត​ចង់​យល់​អំពី​បញ្ហា​នេះប៉ុន្តែ ពិបាក​យល់​ណាស់

17 រហូត​ទាល់​តែ​ទូលបង្គំ​ចូល​មក​ដល់ទី‌សក្ការៈ​របស់​ព្រះ‌ជាម្ចាស់ទើប​ទូលបង្គំ​យល់​ថា​ចុង​បញ្ចប់​របស់​មនុស្សអាក្រក់​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា។

18 តាម​ពិត ព្រះ‌អង្គ​បាន​ដាក់​ពួក​គេនៅ​ជម្រាល​មួយ​ដ៏​រអិលព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​មហន្ត‌រាយ

19 ក្នុង​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះពួក​គេ​នឹង​វិនាស​បាត់​បង់ពួក​គេ​នឹង​ត្រូវ​អន្តរាយរលាយ​សូន្យ​ទៅ​យ៉ាង​រន្ធត់​បំផុត។

20 ព្រះ‌អម្ចាស់​អើយ ពេល​ព្រះ‌អង្គ​តើន​ឡើងព្រះ‌អង្គ​នឹង​រំលាយ​ពួក​គេ​ឲ្យ​វិនាស​បាត់​ទៅដូច​ការ​យល់​សប្ដិ។

21 ពេល​ទូលបង្គំ​ឆ្អែត​ចិត្តហើយ​ពេល​ទូលបង្គំ​ឈឺ​ចាប់​ក្នុង​ឱរា

22 នោះ​ទូលបង្គំ​បែរ​ទៅ​ជា​ល្ងី‌ល្ងើមិន​យល់​អ្វី​ទាំង​អស់ហើយ​ទូលបង្គំ​ក៏​ដូច​ជា​សត្វ​តិរច្ឆាននៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ដែរ។

23 ប៉ុន្តែ ទូលបង្គំ​នៅ​ជា​មួយ​ព្រះ‌អង្គ​ជា‌និច្ចព្រះ‌អង្គ​កាន់​ដៃ​ស្ដាំ​របស់​ទូលបង្គំ

24 ព្រះ‌អង្គ​ដឹក​នាំ​ទូលបង្គំ​ឲ្យ​ដើរតាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គហើយ​នៅ​ទី​បញ្ចប់ ព្រះ‌អង្គ​នឹង​ទទួល​ទូលបង្គំនៅ​ក្នុង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ។

25 នៅ​ស្ថាន​បរម‌សុខ ទូលបង្គំ​គ្មាន​ទី​ពឹង​ណាផ្សេង​ទៀត ក្រៅ​ពី​ព្រះ‌អង្គ​ឡើយនៅ​លើ​ផែនដី បើ​ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​ទូលបង្គំទូលបង្គំ​ក៏​មិន​ចង់​បាន​អ្វី​ផ្សេង​ទៀត​ដែរ។

26 រូប​កាយ និង​ចិត្ត​គំនិតរបស់​ទូលបង្គំ​ទន់​ខ្សោយ​ទៅៗក៏​ប៉ុន្តែ ព្រះ‌អង្គ​នៅ​តែ​ជា​បង្អែកនិង​ជា​ម្ចាស់​ជីវិត​ទូលបង្គំ រហូត​ត​ទៅ។

27 អស់​អ្នក​ដែល​ងាក​ចេញ​ឆ្ងាយពី​ព្រះ‌អង្គ​នឹង​ត្រូវ​អន្តរាយហើយ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អស់​អ្នកដែល​ក្បត់​ព្រះ‌អង្គ​ត្រូវ​វិនាស​សូន្យ​ទៅ។

28 រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​មាន​សុភមង្គលតែ​នៅ​ពេល​ណា​ទូលបង្គំនៅ​ជា​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះឱ​ព្រះ‌ជា‌អម្ចាស់​អើយទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ហើយទូលបង្គំ​នឹង​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។