1 ព្រះអម្ចាស់អើយយើងខ្ញុំមិនសមនឹងទទួលការលើកតម្កើងទេគឺមានតែព្រះអង្គប៉ុណ្ណោះដែលត្រូវទទួលការលើកតម្កើងប្រកបដោយសិរីរុងរឿងដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏ស្មោះស្ម័គ្រ!។
2 ហេតុអ្វីបានជាប្រជាជាតិនានានាំគ្នាពោលថា:«ព្រះរបស់ពួកគេនៅឯណា?»។
3 ព្រះរបស់យើងខ្ញុំគង់នៅស្ថានបរមសុខព្រះអង្គធ្វើអ្វីៗក៏បានតាមតែព្រះហឫទ័យរបស់ព្រះអង្គ។
4 រីឯព្រះរបស់អ្នកទាំងនោះវិញសុទ្ធតែជាព្រះក្លែងក្លាយធ្វើពីមាសពីប្រាក់ដែលជាស្នាដៃរបស់មនុស្ស។
5 ព្រះទាំងនោះមានមាត់ តែមិនចេះនិយាយមានភ្នែក តែមើលមិនឃើញ
6 មានត្រចៀក តែស្ដាប់មិនឮមានច្រមុះ តែមិនចេះដឹងក្លិន
7 មានដៃ តែមិនចេះប៉ះពាល់មានជើង តែមិនចេះដើរហើយមានបំពង់កតែមិនអាចបញ្ចេញសំឡេងអ្វីបានឡើយ។
8 សូមឲ្យអស់អ្នកដែលបានសូនធ្វើរូបព្រះក្លែងក្លាយហើយផ្ញើជីវិតលើព្រះទាំងនោះបានដូចរូបព្រះទាំងនោះដែរ។
9 ជនជាតិអ៊ីស្រាអែលអើយចូរផ្ញើជីវិតលើព្រះអម្ចាស់ព្រះអង្គនឹងជួយ ហើយការពារអ្នករាល់គ្នា!
10 ក្រុមគ្រួសាររបស់លោកអើរ៉ុនអើយចូរផ្ញើជីវិតលើព្រះអម្ចាស់ព្រះអង្គនឹងជួយ ហើយការពារអ្នករាល់គ្នា!
11 អ្នករាល់គ្នាដែលគោរពកោតខ្លាច ព្រះអម្ចាស់អើយចូរផ្ញើជីវិតលើព្រះអម្ចាស់ព្រះអង្គនឹងជួយ ហើយការពារអ្នករាល់គ្នា!
12 ព្រះអម្ចាស់មិនភ្លេចយើងទេព្រះអង្គនឹងប្រទានពរឲ្យយើងព្រះអង្គនឹងប្រទានពរឲ្យកូនចៅលោកអ៊ីស្រាអែលព្រះអង្គនឹងប្រទានពរឲ្យកូនចៅលោកអើរ៉ុន
13 ព្រះអង្គនឹងប្រទានពរឲ្យអស់អ្នកទាំងតូចទាំងធំ ដែលគោរពកោតខ្លាចព្រះអង្គ។
14 ព្រះអម្ចាស់នឹងប្រទានពរឲ្យអ្នករាល់គ្នាបានចម្រើនឡើង គឺទាំងអ្នករាល់គ្នាទាំងកូនចៅរបស់អ្នករាល់គ្នា។
15 សូមទទួលព្រះពរពីព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដី!
16 ផ្ទៃមេឃជាកម្មសិទ្ធិរបស់ព្រះអម្ចាស់តែព្រះអង្គប្រទានផែនដីមកឲ្យមនុស្សលោក។
17 មនុស្សស្លាប់ទៅហើយពុំអាចសរសើរតម្កើងព្រះអម្ចាស់បានឡើយហើយអស់អ្នកដែលចុះទៅស្ថានមនុស្សស្លាប់ក៏ពុំអាចសរសើរព្រះអង្គបានដែរ។
18 រីឯយើងវិញ យើងលើកតម្កើងព្រះអម្ចាស់ចាប់ពីពេលនេះ រហូតតទៅ!ហាលេលូយ៉ា!